ចិនបង្កើតប្រវត្តិសាស្ត្រថ្មី! អនុម័តឧបករណ៍ផ្សាំខួរក្បាលលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់ វ៉ាដាច់ Neuralink របស់ Elon Musk

11-06-2026 14:18

(បរទេស)៖ ប្រទេសចិនបានបង្កើតរបត់ប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធប្រសាទ និងវេជ្ជសាស្ត្រសកល ដោយបានផ្តល់ការអនុម័តជាផ្លូវការសម្រាប់ការប្រើប្រាស់ក្នុងលក្ខណៈពាណិជ្ជកម្ម នូវឧបករណ៍តភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ (BCI) ប្រភេទវះកាត់បញ្ចូលក្នុងរាងកាយដំបូងគេបង្អស់នៅលើពិភពលោក។ ជោគជ័យដ៏ធំធេងនេះ បានធ្វើឱ្យចិនដណ្តើមបានតំណែងនាំមុខគេ និងវ៉ាដាច់ក្រុមហ៊ុនយក្ស Neuralink របស់មហាសេដ្ឋី Elon Musk របស់អាមេរិក ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលសាកល្បងគ្លីនិកនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មានបច្ចេកវិទ្យាដ៏ល្បីល្បាញ The Next Web។

ឧបករណ៍ផ្សាំខួរក្បាលដែលមានទំហំប៉ុនកាក់នេះ មានឈ្មោះថា NEO ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន NeuraMatrix មានមូលដ្ឋាននៅទីក្រុងស៊ាងហៃ និងក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យលំដាប់កំពូល Tsinghua។ ឧបករណ៍នេះត្រូវបានរចនាឡើងជាពិសេសសម្រាប់ជួយអ្នកជំងឺដែលមានរបួសឆ្អឹងខ្នង និងខ្វិន ឱ្យអាចបញ្ជាគ្រឿងយន្ត ឬស្រោមដៃខ្យល់ (Pneumatic Glove) ដោយប្រើតែ «ចិត្តគំនិត» ដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃដូចជា ចាប់កាន់វត្ថុ ឬរស់នៅដោយឯករាជ្យឡើងវិញ។ អ្វីដែលជាចំណុចពិសេសនោះគឺ NEO ដំណើរការដោយគ្រាន់តែដាក់សេនស័រនៅលើស្រទាប់ការពារខួរក្បាល (Dura Mater) ប៉ុណ្ណោះ ដោយមិនតម្រូវឱ្យដោតសរសៃអេឡិចត្រូតចូលទៅក្នុងកោសិកាខួរក្បាលផ្ទាល់ ដែលមានហានិភ័យខ្ពស់ដូចវិធីសាស្ត្ររបស់ក្រុមហ៊ុន Neuralink នោះឡើយ។

យោងតាមប្រភពដដែលបានគូសបញ្ជាក់ថា សមិទ្ធផលដ៏លឿនរហ័សនេះ គឺកើតចេញពីយុទ្ធសាស្ត្រជំរុញយ៉ាងពេញទំហឹងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានកំណត់យកបច្ចេកវិទ្យា BCI ជាឧស្សាហកម្មយុទ្ធសាស្ត្រសម្រាប់អនាគត និងបានលុបបំបាត់របាំងច្បាប់ផ្សេងៗ ដើម្បីរុញច្រានក្រុមហ៊ុនបង្កើតថ្មី (Startups) ឱ្យដើរលឿនជាងមុន។ វិធីសាស្ត្ររបស់ចិនគឺផ្តល់អាទិភាពលើ «ល្បឿន និងទំហំផលិតកម្ម» ដែលវាខុសប្លែកស្រឡះពីដំណើរការដ៏មានការប្រុងប្រយ័ត្នខ្ពស់ និងយឺតយ៉ាវរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដែលតម្រូវឱ្យមានការសាកល្បងតាមដំណាក់កាលយ៉ាងម៉ត់ចត់ ធ្វើឱ្យបច្ចុប្បន្នមិនទាន់មានឧបករណ៍ BCI ណាមួយត្រូវបានអនុញ្ញាតឱ្យលក់លើទីផ្សារអាមេរិកនៅឡើយទេ។

ទោះជាយ៉ាងណា ការឈានមុខគេផ្នែកបច្ចេកវិទ្យានេះ ក៏បាននាំមកនូវក្តីបារម្ភ និងសំណួរដេញដោលយ៉ាងក្តៅគគុកអំពីព្រំដែនសីលធម៌ផងដែរ នៅពេលដែលបច្ចេកវិទ្យានេះដើរហួសពីការព្យាបាលជំងឺ ទៅជាការបង្កើនសមត្ថភាពមនុស្ស ដូចជាការពង្រឹងការចងចាំ ឬការប្រាស្រ័យទាក់ទងពីខួរក្បាលទៅខួរក្បាលផ្ទាល់។ សំណួរធំៗដែលពិភពលោកមិនទាន់មានចម្លើយរួមមាន៖ តើនរណាជាម្ចាស់ទិន្នន័យដែលខួរក្បាលប្រមូលបាន? ហើយតើរដ្ឋាភិបាលអាចបង្ខំសុំចូលពិនិត្យសញ្ញាប្រព័ន្ធប្រសាទរបស់ពលរដ្ឋបានដែរឬទេ?

យ៉ាងណាមិញ ការអនុម័តឧបករណ៍ NEO របស់ចិន មិនត្រឹមតែជាដំណឹងល្អសម្រាប់អ្នកជំងឺដែលកំពុងរង់ចាំក្តីសង្ឃឹមនោះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជា «ការបាញ់កាំភ្លើងផ្តល់សញ្ញាចាប់ផ្តើមសម្រាប់ការប្រកួតប្រជែងជាសកល ដែលច្បាប់ទម្លាប់នៃការប្រកួតនោះ មិនទាន់ត្រូវបានសរសេរឡើងនៅឡើយនោះទេ»