ធនាគារ ABA ដាក់ឲ្យដំណើរការមុខងារ PaySound សំឡេងបញ្ជាក់ការបង់ទូទាត់ប្រាក់

11-06-2026 15:49

(ភ្នំពេញ)៖ ធនាគារ ABA បានដាក់ឲ្យដំណើរការមុខងារ PaySound ដែលជាមុខងារជូនដំណឹងជាសំឡេងថ្មី អាចប្រកាសចំនួនទឹកប្រាក់ និងរូបិយប័ណ្ណនៃការទូទាត់ចូលភ្លាមៗ។ មុខងារ PaySound មាននៅលើ ABA Mobile, ABA Merchant App និងម៉ាស៊ីនទូទាត់ ABA POS ដែលជួយឲ្យអ្នកប្រើប្រាស់អាចបញ្ជាក់ការទទួលប្រាក់ បានភ្លាមៗជាភាសាខ្មែរ អង់គ្លេស ឬចិន ដោយមិនចាំបាច់ពិនិត្យមើលអេក្រង់ជាញឹកញាប់។

មុខងារ PaySound ត្រូវបានរចនាឡើងសម្រាប់អាជីវកម្មគ្រប់ប្រភេទ និងគ្រប់ទំហំ ចាប់ពីហាងលក់រាយ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប អ្នកលក់ដូរតាមដងផ្លូវ សេវាដឹកជញ្ជូន រហូតដល់អ្នកផ្តល់សេវាផ្សេងៗ។ មុខងារនេះផ្តល់ការបញ្ជាក់ជាសំឡេងយ៉ាងច្បាស់រាល់ពេលមានការទូទាត់ចូលតាមរយៈបណ្តាញទូទាត់របស់ ABA។

ជាមួយគ្នានេះដែរ មុខងារ PaySound ក៏មានប្រយោជន៍សម្រាប់អតិថិជន ABA ដែលមានប្រតិបត្តិការចូលជាប្រចាំ ហើយចង់ទទួលព័ត៌មានអំពីការទូទាត់ចូល លឿន និងងាយស្រួលជាងមុន។

តាមរយៈការប្រកាសចំនួនទូទាត់ភ្លាមៗ មុខងារ PaySound ជួយកាត់បន្ថយការយល់ច្រឡំទាក់ទងនឹងការទូទាត់ សម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងបង្កើនតម្លាភាពនៃប្រតិបត្តិការ ជាពិសេសក្នុងអំឡុងពេលអាជីវកម្មមានភាពមមាញឹក។ សម្រាប់ពាណិជ្ជករ មុខងារនេះ ជួយបញ្ជាក់ការទូទាត់បានលឿនជាងមុននៅពេលទូទាត់ និងមានទំនុកចិត្តកាន់តែខ្ពស់ថាការទូទាត់ត្រូវបានទទួលដោយជោគជ័យ។

អ្នកនាង ប្លុង ម៉ាលីពណ៌ អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថលនៃ ABA Bank បានថ្លែងថា «មុខងារ PaySound ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការធ្វើឲ្យការទូទាត់ឌីជីថលកាន់តែងាយស្រួល ច្បាស់លាស់ និងអាចប្រើប្រាស់បានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈការផ្តល់ជាសំឡេងភ្លាមៗពីការទូទាត់ចូល យើងជួយឲ្យអ្នកលក់ និងអតិថិជនធ្វើការទូទាត់បានកាន់តែលឿន មានទំនុកចិត្ត និងងាយស្រួលជាងមុន»

អត្ថប្រយោជន៍សំខាន់មួយរបស់ មុខងារ PaySound គឺភាពងាយស្រួលក្នុងការប្រើប្រាស់។ មុខងារនេះត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងប្រព័ន្ធទូទាត់ឌីជីថលដែល ABA មានស្រាប់ ដោយមិនចាំបាច់ត្រូវការឧបករណ៍បន្ថែម hardware ដាច់ដោយឡែក ឬការថែទាំបន្ថែមឡើយ។ អ្នកប្រើប្រាស់អាចបើកដំណើរការ មុខងារ PaySound តាមរយៈការកំណត់ក្នុងកម្មវិធីដែលពាក់ព័ន្ធ និងជ្រើសរើសភាសា និងសំឡេងដែលខ្លួនពេញចិត្តបានយ៉ាងងាយស្រួល។

តាមរយៈការដាក់ឲ្យដំណើរការ មុខងារ PaySound នេះ ធនាគារ ABA បន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ឌីជីថលរបស់ខ្លួន តាមរយៈនវានុវត្តន៍ដែលអាចអនុវត្តបានជាក់ស្តែង ដើម្បីជួយឲ្យអាជីវកម្មដំណើរការបានកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យការទូទាត់ដោយមិនប្រើសាច់ប្រាក់កាន់តែលឿន មានសុវត្ថិភាព និងមានភាពងាយស្រួលសម្រាប់ប្រជាជនទូទាំងប្រទេសកម្ពុជា៕