ក្រុមហ៊ុន GM អាចនឹងបោះបង់គម្រោងប្រើប្រាស់អាគុយ LFP សម្រាប់រថយន្តអគ្គិសនី (EV) ជំនាន់ថ្មី

11-06-2026 16:36

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors (GM) អាចនឹងលុបចោលផែនការប្រើប្រាស់បច្ចេកវិទ្យាអាគុយប្រភេទ LFP (លីចូម-ដែក-ហ្វូស្ហ្វាត) ដែលមានតម្លៃធូរថ្លៃ សម្រាប់រថយន្តអគ្គិសនី (EV) ម៉ូដែលថ្មីៗរបស់ខ្លួននាពេលអនាគត។ ផ្ទុយទៅវិញ ក្រុមហ៊ុនកំពុងបង្វែរការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការអភិវឌ្ឍអាគុយប្រភេទ LMR (លីចូម-ម៉ង់ហ្គាណែស-រីច) ដែលជាបច្ចេកវិទ្យាផ្ទាល់ខ្លួនវិញ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរកឃើញថា អាគុយប្រភេទ LMR ថ្មីនេះ មានថ្លៃដើមផលិតប្រហាក់ប្រហែលនឹងអាគុយ LFP ដែរ ប៉ុន្តែវាមានសមត្ថភាពអាចផ្ទុកថាមពលបានច្រើនជាង ទោះបីជាមានទម្ងន់ និងទំហំប៉ុនគ្នាក៏ដោយ។

ក្រុមហ៊ុន GM នឹងមិនយកអាគុយ LFP មកប្រើលើរថយន្ត EV ទៀតឡើយ ដោយរោងចក្ររបស់ខ្លួននៅរដ្ឋ Tennessee នឹងផលិតអាគុយ LFP នេះសម្រាប់តែ «ប្រព័ន្ធផ្ទុកថាមពល» ប៉ុណ្ណោះ។ ក្រុមហ៊ុននឹងយកអាគុយ LMR ធ្វើជាកម្លាំងចលករចម្បងក្នុងបរិមាណដ៏ច្រើនលើសលប់ជំនួសវិញ។ យុទ្ធសាស្ត្រថ្មីរបស់ GM គឺដើរផ្ទុយពីក្រុមហ៊ុនឡានដទៃទៀត ដូចជា Tesla, Rivian និង Ford ដែលកំពុងសម្រុកប្រើប្រាស់អាគុយ LFP ពីប្រទេសចិន ដើម្បីកាត់បន្ថយថ្លៃដើម និងដាក់លក់រថយន្ត EV ក្នុងតម្លៃសមរម្យនៅលើទីផ្សារ។

ទោះបីជាមានចំណុចខ្លាំងច្រើន ប៉ុន្តែអ្នកជំនាញវាយតម្លៃថា អាគុយ LMR នៅមានចំណុចខ្សោយផ្នែកបច្ចេកទេស គឺវានឹងថយចុះកម្លាំង បន្ទាប់ពីប្រើប្រាស់បានមួយរយៈពេល ដូច្នេះការដាក់ឱ្យប្រើប្រាស់ទ្រង់ទ្រាយធំ អាចនឹងត្រូវចំណាយពេលបន្ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន GM កំពុងដំណើរការអភិវឌ្ឍអាគុយ LMR នេះទៅមុខតាមផែនការដែលបានកំណត់ ដោយកាលពីមុនក្រុមហ៊ុនធ្លាប់រំពឹងថានឹងអាចចាប់ផ្តើមសង្វាក់ផលិតកម្មពាណិជ្ជកម្មជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិកឱ្យបាននៅឆ្នាំ២០២៨ខាងមុខ៕