ស៊េរីខ្សែភាពយន្តឯកសារថ្មី ដែលមាន៣ភាគ ក្រោមចំណងជើងថា «លើសពីសំឡេង» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា
11-06-2026 18:16
(ភ្នំពេញ)៖ «Human of This Planet» ដែលជាវេទិកាសម្រាប់ការចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិតច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការ អំពីការចាក់បញ្ចាំងស៊េរីខ្សែភាពយន្តឯកសាររបស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។
ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូផ្តល់ទីតាំង និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ នឹងនាំមកនូវការជួបជុំគ្នារវាងសហគមន៍នានា ដែលមានវត្តមាននៅក្នុងខ្សែភាពយន្ត ផលិតករភាពយន្តឯករាជ្យ ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានផងដែរ។
ស៊េរីខ្សែភាពយន្តឯកសារនេះ បង្ហាញអំពីប្រជាជនកម្ពុជាដែលកំពុងការពារទឹកដី វប្បធម៌ និងសហគមន៍របស់ខ្លួន ដែលសាច់រឿងស្ដែងឡើងតាមរយៈការថតភាពយន្តបែបស៊ីជម្រៅ និងការចុះទៅរស់នៅផ្ទាល់ជាមួយតួអង្គ ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពបុគ្គលម្នាក់ៗ ដែលកំពុងបំពេញការងាររបស់ខ្លួននៅដាច់ឆ្ងាយពីកែវភ្នែកសាធារណជន។
ស៊េរីខ្សែភាពយន្តនេះមានចំនួន ៣ភាគ ដោយភាគនីមួយៗមានចំណងជើងដាច់ដោយឡែកពីគ្នា និងរំលេចពីជ្រុងផ្សេងៗគ្នានៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេសកម្ពុជា៖
ឫសគល់៖ ជាភាគទី១ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន 3CORsECO។ ភាគនេះបង្ហាញពីតួអង្គពីររូបក្នុងតំបន់ព្រៃនៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលកំពុងបំពេញការងារដើម្បីការពារវប្បធម៌ជនជាតិដើមភាគតិចកួយ៖ រួមមានអតីតជនភៀសខ្លួនម្នាក់ ដែលបានក្លាយខ្លួនជាស្ថាបត្យករសហគមន៍ ដោយរូបលោកបាននាំយកទាំងជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់ធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូរទីលំនៅមកជួយដល់សហគមន៍ជនជាតិដើមភាគតិចកួយ តាមរយៈការរចនាលំនៅឋាន សំណង់ និងការបង្កើតសហគ្រាសគ្រាប់ស្វាយចន្ទី ដែលជួយឱ្យជីវភាពរស់នៅរបស់ពួកគេនៅតែមានឫសគល់រឹងមាំនៅលើទឹកដីកំណើតរបស់ខ្លួន និងស្ត្រីវ័យក្មេងជនជាតិដើមភាគតិចកួយម្នាក់ទៀត ដែលកំពុងប្រើប្រាស់សំឡេង និងការបង្ហាញខ្លួនជាសាធារណៈដើម្បីថែរក្សាប្រពៃណីរបស់នាងឱ្យនៅរស់រវើក។
ចរន្តទឹក៖ ជាភាគទី២ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Khmer Ocean Life។ ភាគនេះបង្ហាញពីដំណើរជីវិតរបស់ប្រជាជនកម្ពុជាពីររូប ម្នាក់មកពីខេត្តដែលគ្មានឆ្នេរសមុទ្រ និងម្នាក់ទៀតមកពីទីក្រុង ដែលបានរកឃើញផ្លូវឆ្ពោះទៅកាន់មហាសមុទ្រដោយនឹកស្មានមិនដល់ ស្របពេលដែលពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះភាពស្មុគស្មាញនៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។
កែច្នៃឡើងវិញ៖ ជាភាគទី៣ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Remade in Cambodia។ ភាគនេះបង្ហាញពីអ្នករចនាម៉ូដវ័យក្មេងម្នាក់ ដែលបានបដិសេធមិនព្រមបោះបង់ក្តីស្រមៃនៅក្នុងឧស្សាហកម្មមួយដែលមិនទាន់បើកឱកាសឱ្យរូបលោក និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ដែលបានបង្កើតស្ថាប័នមួយក្នុងការកែច្នៃកាកសំណល់វាយនភណ្ឌឱ្យទៅជាសម្លៀកបំពាក់ម៉ូដទាន់សម័យ។
ពិភពលោក ៣ ដែលភាពខុសគ្នាទាំងស្រុង។ ប៉ុន្តែ សំណួរដ៏មានអត្ថន័យមួយដែលចោទសួរឡើងនៅក្នុងរឿងរ៉ាវទាំងបីនោះគឺ៖ តើយើងត្រូវការអ្វីខ្លះដើម្បីការពារអ្វីៗដែលមានតម្លៃបំផុតសម្រាប់យើង?
កញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ស្ថាបនិកស្ថាប័ន Human of This Planet បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកមួយដែលគេតែងផ្តល់តម្លៃដល់សំឡេងណាដែលលឺជាងគេ ពួកយើងមានចេតនាជ្រើសរើសស្តាប់សំឡេងរបស់អ្នកដែលទូលរែកការទទួលខុសត្រូវដ៏ធំធេង តែមិនសូវមានគេលឺនិងស្គាល់។ ការនិទានរឿងគឺបង្កប់នូវការទទួលខុសត្រូវជាប្រព័ន្ធ។ ខណៈពេលដែលពិភពលោកបែរទៅយកចិត្តទុកដាក់លើបញ្ហានិរន្តរភាព ការផ្តោតលើការនិទានរឿងរ៉ាវផ្ទាល់ខ្លួននេះ គឺមានបំណងដើម្បីស្ដារតុល្យភាព និងកំណត់ថាតើនរណាដែលគួរតែត្រូវបានគេមើលឃើញ នរណាគួរទទួលបានមូលនិធិ និងនរណាដែលគួរទទួលបានការគាំទ្រនៅថ្នាក់មូលដ្ឋាន»។
ការចាក់បញ្ចាំងនាថ្ងៃទី១៩ ខែមិថុនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបង្ហាញជូននូវខ្សែភាពយន្តទាំង ៣ភាគនេះ បន្ទាប់មកនឹងមានការពិភាក្សាដេញដោលដោយក្រុមវាគ្មិន ព្រមទាំងកម្មវិធីជជែកកសាងបណ្ដាញបើកទូលាយ ជាមួយតួអង្គក្នុងខ្សែភាពយន្តឯកសារ និងក្រុមការងារផលិតផងដែរ។ ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងដោយមានអក្សររត់ពីក្រោម (Subtitles) ជាភាសាអង់គ្លេស និងភាសាខ្មែរ។ ប្រសិនអ្នកត្រូវការព័ត៌មានបន្ថែម និងសម្ភារផ្សព្វផ្សាយ សូមចូលទៅកាន់គេហទំព័រ beyondthenoisefilm.com៕






