Elon Musk ចង់បង្ហោះផ្កាយរណប AI ចំនួន ១លានទៅក្នុងអវកាស ប៉ុន្តែអ្នកវិទ្យាសាស្ត្របង្ហាញក្តីបារម្ភជុំវិញលទ្ធភាពជាក់ស្តែង

12-06-2026 11:20

(បរទេស)៖ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX បានបង្ហើបពីទស្សនទានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស តាមរយៈការបង្ហោះផ្កាយរណបបំពាក់ឈីប AI រហូតដល់ទៅ ១លាន ដើម្បីដោះស្រាយវិបត្តិថាមពល និងការប្រើប្រាស់ដីនៅលើភពផែនដី។

តាមការលើកឡើង គម្រោងនេះនឹងប្រើប្រាស់ផ្កាយរណប Starlink ជំនាន់ទី៣ (Starlink V3) ដែលបំពាក់ដោយប្រព័ន្ធឡាស៊ែរល្បឿនលឿនសម្រាប់ភ្ជាប់ទិន្នន័យរវាងផ្កាយរណបនិងផ្កាយរណប។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះកំពុងរងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកជំនាញបច្ចេកវិទ្យា និងអ្នកវិទ្យាសាស្ត្រអវកាសជុំវិញពិភពលោក។

អ្នកជំនាញបានចង្អុលបង្ហាញថា គម្រោងនេះត្រូវប្រឈមមុខនឹងរបាំងរូបវិទ្យាធំៗចំនួនពីរ គឺទី១ ប្រព័ន្ធបញ្ចុះកម្តៅ៖ ម៉ាស៊ីន Server របស់ AI បញ្ចេញកម្តៅខ្លាំងបំផុត ខណៈលំហអាកាសជាសុញ្ញាកាស ដែលគ្មានខ្យល់ ឬទឹកសម្រាប់ជួយនាំកម្តៅចេញ ធ្វើឱ្យផ្កាយរណបងាយនឹងរលាយគ្រឿងបង្គុំខាងក្នុង។ ទី២គឺ វិបត្តិសម្រាមអវកាស៖ ការបង្ហោះវត្ថុរហូតដល់ ១លានទៅក្នុងគន្លងផែនដី អាចបង្កជាគ្រោះថ្នាក់ដ៏ធំធេងដល់ប្រព័ន្ធការពារសុវត្ថិភាពអវកាសទាំងមូល។

ទោះបីជាវានៅតែជាគំនិតបែបវិទ្យាសាស្ត្រប្រឌិត នៅឡើយ ហើយមិនទាន់មានក្រុមហ៊ុនណាមួយបង្កើតមជ្ឈមណ្ឌលទិន្នន័យលើអវកាសបានជោគជ័យក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ SpaceX អាចនឹងបើកទំព័រថ្មីមួយសម្រាប់ការប្រកួតប្រជែងបច្ចេកវិទ្យាក្នុងទសវត្សរ៍ខាងមុខ៕