ក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «មួយដំណក់ នៃទឹកចិត្ដសប្បុរសធម៌ ផ្ដល់ឈាមសង្គ្រោះជីវិត»
12-06-2026 14:26
(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយក្រុមហ៊ុន វ័ន ម៉រ គ្រុប(ទឹកពិសាវីតាល់)ប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោម ប្រធានបទ «មួយដំណក់ នៃទឹកចិត្ដសប្បុរសធម៌ ផ្ដល់ឈាម សង្គ្រោះជីវិត»។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោកវេជ្ជ.ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមាន លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប(ទឹកពិសាវីតាល់) និងសប្បុរសជនអ្នកស្មគ្រ័ចិត្តជាច្រើនទៀត ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះគណៈអធិបតី សប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃ ក្នុងកម្មវិធី អបអរសាទរ ទិវាភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធាន បទដ៏មានតម្លៃជាសកល និងចាក់ដោតបេះដូង “ មួយតំណក់ នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាម សង្គ្រោះជីវិត” មានន័យថា ឈាមមួយដំណក់ ដែលយើងម្នាក់ៗរួមគ្នាផ្ដល់ចេញពីទឹកចិត្ដ គឺពិតជាមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។
បើតាមលោក វេជ្ជបណ្ឌិត សុខប៉ូ ឆ្នាំ២០២៥កន្លងមក ចំនួនអំណោយឈាមទូទាំងប្រទេស សរុបមាន១៩៥,១៧៥ប្លោក ដោយចំនួនអ្នកស្ម័គ្រចិត្ដ បរិច្ចាគឈាម និងមិនទទួលកម្រៃ មានចំនួន៦៤,០១១ប្លោក ស្មើនឹង៣២.៨% នៃអំណោយឈាមទូទាំងប្រទេស ។ ចំនួនឈាម ដែលបានប្រើប្រាស់ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន ១៧៩,៣៣២ប្លោក ។ ដោយឡែក នៅ៥ខែដើមឆ្នាំ២០២៦ ចំនួនអំណោយឈាម ទូទាំងប្រទេសសរុបមាន៧៨,៣៩៣ប្លោក ក្នុងនោះចំនួនអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាម និងមិនទទួលកម្រៃមានចំនួន១៦,២៤៦ប្លោក ស្មើនឹង ២០.៧%នៃអំណោយឈាមទូទាំងប្រទេស ហើយបានចែកចាយប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន មានចំនួន៨៩,៨២៣ប្លោក។
ផ្អែកទៅលើទិន្នន័យទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា តម្រូវការឈាមដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មានការកើនឡើងជារៀងរាល់ថ្ងៃ ។ ទោះបីអត្រា នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដមានការកើនឡើងក៏ដោយ ប៉ុន្ដែអត្រា នៃការបរិច្ចាគឈាម ដើម្បីដោះដូរក្នុងរង្វង់ក្រុមគ្រួសារ អ្នកជំងឺនៅមានកម្រិតខ្ពស់រហូតដល់៨០% ។ ហេតុនេះហើយ ទើបមជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែអំពាវនាវ យ៉ាងទទូចថា «សូមកុំរង់ចាំដល់មានតម្រូវការឈាមផ្ទាល់ខ្លួន ឬសមាជិកគ្រួសារ ទើបយើងធ្វើការបរិច្ចាគឈាម» ។ យើងត្រូវរួមគ្នាកែប្រែចលនានេះ ឲ្យក្លាយជាទម្លាប់នៃការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រចាំ ដើម្បីធានាបាននូវស្ថិរភាព និងសមធម៌នៃស្ដុកឈាម។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័នម៉រគ្រុប(ទឹកពិសាវីតាល់) ក្នុងនាម វ័នម៉រគ្រុប សូមអបអរសារទរដល់ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “មួយដំណក់ឈាមនៃទឹកចិត្តសប្បុរសធម៌” ផ្ដល់ឈាម សង្រ្គោះជីវិត!។
ផ្សារភ្ជាប់នឹងប្រធានបទ ដ៏មានអត្ថន័យថ្ងៃនេះ ក្នុងនាមពលរដ្ឋខ្មែរ១រូប លោកជំទាវ ចាំមិនភ្លេចការអំពាវនាវដ៏ពិសិដ្ឋ របស់ អគ្គមគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្លាយជាកម្លាំងចលករនៃយុទ្ធនាការបរិច្ចាគឈាម ។ ក្រោមបុព្វហេតុដឹកនាំ របស់ សម្តេច តែងតែចាត់ទុក អាយុជីវិត និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាចម្បង ដូចដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបានបន្ត និងថែរក្សាយកចិត្តទុកដាក់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចគ្នានេះ ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី កាន់តែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារសុខភាពសាធារណៈ។
បើតាម លោកស្រី ជឹង សុគន្ធាវី ក្រោមការឈ្លានពានរបស់សៀម ធ្វើឱ្យខ្មែរកាន់តែបន្តរឹងម៉ាំរួបរួមកម្លាំងសាមគ្គី គ្រប់មជ្ឈដ្ឋានបរិច្ចាគទាំងស្មារតី និងធនធាន។ ក្នុងស្មារតីនេះ ចលនាបរិច្ចាគឈាម ជាចលនាមួយរួមចំណែកគាំទ្រ ដល់វីរៈកងទ័ពជួរមុខ ក្រោមការដឹកនាំអំពាវនាវ យ៉ាងយកចិត្តទុកដាក់របស់ លោកជំទាវបណ្ឌិត ស្រី្តទី១ រួមទាំងការចូលរួមយ៉ាងសកម្មពីសហភាពសហព័ន្ធយុវជនកម្ពុជា-ស.ស.យ.ក ក្រោមការដឹកនាំរបស់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងប្រធាន ស.ស.យ.ក ជាក់ស្តែងប្រជាជនគ្រប់ស្រទាប់រាប់ម៉ឺននាក់ បងប្អូនខ្លះទៀតសោតធ្វើដំណើរពីបណ្តាខេត្តមករាជធានីភ្នំពេញទន្ទឹងរង់ចាំចូលរួមការបរិច្ចាគដ៏ថ្លៃថ្លានេះ។
ឆ្លៀតឱកាសនេះ លោកស្រី ជឹង សុគន្ធាវី សូមអរគុណ ដល់កងទ័ពអាវ-ស ក្រុមគ្រូពេទ្យ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង បានត្រៀម លក្ខណៈយ៉ាងគត់មត់ ចូលរួមសមរភូមិជួរក្រោយ ក្នុងការសង្គ្រោះ និងព្យាបាលជូនកងទ័ព របស់យើងក្នុងគ្រាដ៏លំបាកនោះ។
ហើយថ្ងៃនេះផងដែរ យើងជឿជាក់ថា អ្វីដែលយើងកំពុងរួមគ្នាធ្វើ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សឱ្យមានក្តីសង្ឃឹម ក៏ដូចជាបានផ្តល់កុសលផលបុណ្យ និងអារម្មណ៍ជ្រះថ្លាដល់អ្នកបរិច្ចាគ។ លើសពីនេះ ជាការរួមគ្នាថែរក្សាប្រពៃណី និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ខ្មែរ «ការសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក»។ ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ផ្ទុយទៅវិញ គឺជួយដល់សុខភាព និងសិរីរាង្គរបស់យើងឱ្យកាន់តែប្រសើរ។
លោកស្រី ជឹង សុគន្ធាវី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាល និងក្រសួង តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់វិស័យឯកជន ចូលរួមលើកកម្ពស់វិស័យសុខាភិបាល ជាពិសេស មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាអង្គភាពប្រតិបត្តិផ្ទាល់ តែងតែផ្តល់នូវ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយបរិយាប័ន្ន ក្នុងរយៈពេលជាង ១ទសវត្ស កន្លងមកនេះ។
ឈរលើទស្សនៈដ៏ប្រាកដនិយម ក្នុងការចូលរួមលើកស្ទួយសង្គម ដោយមិនផ្តោតលើប្រាក់ចំណេញតែមួយមុខ មូលនិធិ២៥រៀលរបស់វីតាល់ និងមីជាតិ ប្តេជ្ញាបន្តចូលរួមគាំទ្រ យុទ្ធនាការផ្តល់ឈាម និងចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ «យើងជឿជាក់ថា សង្គមរីកចម្រើន គឺមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន និងផ្តើមចេញពីយើងទាំងអស់គ្នា»៕














































