ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក រួមចំណែកសង្គ្រោះជីវិតតាមរយៈកម្មវិធីទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

12-06-2026 17:30

(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធី «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម» ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមាន​​ចំនួន​អ្នក​ចូល​រួមបរិច្ចាគ​ឈាម​ប្រមាណ ៤៩៦​នាក់ រួមមានគណៈគ្រប់គ្រង បុគ្គលិកគ្រប់​ជាន់ថ្នាក់ និងអតិថិជន របស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ព្រមទាំងសាធារណជនជាច្រើនកុះករផងដែរ ។ កម្មវិធីនេះ មិនត្រឹមតែជាការចូលរួមចំណែកបង្កើនស្តុកឈាមសម្រាប់ជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោក ឡយ សារ៉េត អគ្គនាយក ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានថ្លែងក្នុងឱកាសនេះថា៖ «ការបរិច្ចាកឈាម មិនត្រឹមតែជាកាយវិការប្រកបដោយមេត្តាធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់ជីវិត។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់តម្លៃខ្ពស់ចំពោះការងារសប្បុរសធម៌នេះនៅក្នុងសង្គម យើងមានមោទនភាពដែលបានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបង្កើតយុទ្ធនាការដ៏មានន័យនេះឡើង។ ខ្ញុំសូមលើកទឹកចិត្តដល់បុគ្គលិករបស់យើង និងសាធារណជនទាំងអស់ សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ តំណក់ឈាមរបស់អ្នក គឺជាឱកាសរស់រានមានជីវិតជាថ្មីរបស់សហគមន៍យើង»

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវខ្ពស់ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ ក្រៅពីការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន ធនាគារបានចូលរួមផ្នែកកិច្ចការងារសង្គមយ៉ាងទូលំទូលាយ ដែលគ្របដណ្តប់លើវិស័យ សំខាន់ៗជាច្រើន រួមមាន៖ ការលើកកម្ពស់វិស័យអប់រំនៅតាមសាលារៀនដាច់ស្រយាល វិស័យកីឡា ការជួយជ្រោមជ្រែងដល់កងទ័ពជួរមុខ និងជនងាយរងគ្រោះ និងជនភៀសសឹកដោយសារសង្រ្គាម ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ដូចជា៖ ការបរិច្ចាគឈាមជួយសង្គ្រោះជីវិត ក៏ដូចជាកិច្ចការងារការពារបរិស្ថាន និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ជាដើម។ សកម្មភាព​​ទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីបេសកកម្មដ៏មុតមាំរបស់ធនាគារ ក្នុងការរួមដំណើរជាមួយសង្គមជាតិ ដើម្បីអនាគតដ៏រុងរឿង និងប្រកបដោយក្តីមេត្តាធម៌។


សូមជម្រាបថា បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយ SBI Holdings, Inc. ប្រទេសជប៉ុន បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដោយមានទ្រព្យសកម្មសរុបកើនឡើងលើសពី ១,១២ ប៊ីលានដុល្លារអាមេរិក ជាមួយនឹងបណ្តាញសាខាគ្របដណ្តប់ទូទាំងប្រទេសចំនួន៥១ សាខា។ យុទ្ធសាស្ត្ររបស់ធនាគារបានរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពរវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាធនាគារឌីជីថលឈានមុខគេ ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ ជូនដល់អតិថិជនប្រកបអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញនៅក្នុងសកម្មសេដ្ឋកិច្ចរបស់ពួកគេ៕

សម្រាប់ព័ត៌មានបន្ថែម៖

*លោក ណាង គីណាល់ នាយកទីផ្សារ និងទំនាក់ទំនង
*ទូសព្ទលេខ៖ 081 777 428
*សារអេឡិចត្រូនិច៖ [email protected]