ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នាំចូលយន្តហោះប្រភេទ ATR 72-600 ជាលើកដំបូង ចុះចតដោយសុវត្ថិភាព
12-06-2026 22:49
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាននាំចូលយន្តហោះប្រភេទ ATR 72-600 ជាលើកដំបូងរបស់ខ្លួន
នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ យន្តហោះប្រភេទ ATR 72-600 ថ្មីសន្លាងមួយគ្រឿង បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
យន្តហោះចំណូលថ្មីនេះ ព្រមជាមួយក្រុមការងារ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ។ ការមកដល់ នៃយន្តហោះនេះ បង្ហាញពីការបង្កើនសមត្ថភាពប្រតិបត្តិការ និងសក្តានុពលក្នុងការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។
ATR 72-600 គឺជាយន្តហោះប្រភេទម៉ាស៊ីនស្លាបចក្រដ៏ទំនើបសម្រាប់ការហោះហើរតំបន់ ដែលផលិតដោយក្រុមហ៊ុន ATR ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Airbus និង Leonardo។ បំពាក់ដោយម៉ាស៊ីន Pratt & Whitney PW127XT ជំនាន់ចុងក្រោយបង្អស់ យន្តហោះនេះមានប្រសិទ្ធភាពសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ និងសមត្ថភាពហោះឡើង និងចុះចតក្នុងចម្ងាយខ្លី។ ជាពិសេស វាមានភាពស័ក្តិសមបំផុតសម្រាប់ផ្លូវហោះហើរក្នុងស្រុក និងផ្លូវហោះហើរក្នុងតំបន់ដែលមានចម្ងាយជិតនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
យន្តហោះ ATR 72-600 ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការហោះហើរទំនើប ប្រព័ន្ធព្រមានការខិតជិតដីដែលត្រូវបានពង្រឹង និងឧបករណ៍អេឡិចត្រូនិចហោះហើរទំនើប ដែលមានសមត្ថភាពជួយបង្កើនសុវត្ថិភាព ក្នុងការប្រតិបត្តិការហោះហើរ និងធ្វើឲ្យវាស្ថិតក្នុងចំណោមយន្តហោះ ដែលមានស្តង់ដារសុវត្ថិភាពខ្ពស់។
បន្ថែមពីលើនេះ យន្តហោះនេះមានរចនាបថកាប៊ីនអ្នកដំណើរដែលកាត់បន្ថយសំឡេងរំខាន រួមជាមួយបង្អួចធំៗ និងការរៀបចំកៅអីអង្គុយប្រកបដោយផាសុកភាព។ ATR ប្រភេទនេះភ្ជាប់មកជាមួយកាប៊ីនធំទូលាយ និងបង្កើនភាពងាយស្រួលសម្រាប់បទពិសោធន៍ហោះហើរដែលស្ងប់ស្ងាត់ និងរីករាយជាងមុន។
ពិធីប្រគល់-ទទួលយន្តហោះប្រភេទ ATR 72-600 នេះ ត្រូវបានប្រារព្ធឡើងកាលពីពេលកន្លងមក នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ATR ក្នុងទីក្រុងទូលូស (Toulouse) ប្រទេសបារាំង។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA), លោក Laurent Dumas ប្រធានផ្នែកកិច្ចសន្យា និងរដ្ឋបាលយន្តហោះរបស់ក្រុមហ៊ុន ATR, លោក Jean-Daniel Kosowski នាយកផ្នែកលក់របស់ក្រុមហ៊ុន ATR, លោក Edison Duan ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងតំណាងផ្សេងទៀតពីគ្រប់ភាគី។
នៅក្នុងពិធីនោះ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងក្រុមហ៊ុន ATR បានសម្រេចជាផ្លូវការនូវការប្រគល់-ទទួលវិញ្ញាបនបត្រ និងឯកសារនានារបស់យន្តហោះ។ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ លោក Laurent Dumas និងលោក Edison Duan បានចុះហត្ថលេខារួមគ្នាលើគំរូយន្តហោះ ដើម្បីជាអនុស្សាវរីយ៍ក្នុងឱកាសនោះ។ បន្ទាប់មក លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានប្រគល់សោរយន្តហោះជូនលោក Edison Duan មុនពេលភាគីទាំងអស់ចូលរួមថតរូបអនុស្សាវរីយ៍រួមគ្នា ដែលបានកត់សម្គាល់ជាផ្លូវការនូវការប្រគល់-ទទួលដោយជោគជ័យនូវយន្តហោះប្រភេទ ATR 72-600 លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍។
ដើម្បីធានាបាននូវការប្រគល់ដោយជោគជ័យ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ បានបង្កើតក្រុមការងារជំនាញមួយ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងទូលូស ដើម្បីត្រួតពិនិត្យលើនីតិវិធីសំខាន់ៗទាំងអស់ រួមមាន ការត្រួតពិនិត្យការចតនៅលើដី ការសាកល្បងម៉ាស៊ីន ការហោះហើរសាកល្បង និងការប្រគល់-ទទួលផ្នែកបច្ចេកទេស។
ទន្ទឹមនឹងនេះ ការរៀបចំទទួលយន្តហោះប្រភេទ ATR 72-600 ទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍ កំពុងដំណើរការ ដោយពិធីនេះត្រូវបានរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំ ២០២៦។ នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេក្នុងស្រុកដោយឈរលើ ទាំងចំនួនយន្តហោះ និងសមត្ថភាពផ្ទុកអ្នកដំណើរ។
ការដាក់ឲ្យដំណើរការដោយជោគជ័យនូវយន្តហោះប្រភេទ ATR 72-600 នេះ តំណាងឲ្យរបត់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍចំនួនយន្តហោះរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងកំណត់ជាផ្លូវការនូវការចាប់ផ្តើមប្រតិបត្តិការយន្តហោះទ្វេប្រភេទ (dual-fleet operations) របស់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកបណ្តាញហោះហើរ និងការរីកចម្រើនប្រកបដោយចីរភាពនាពេលអនាគត។
នៅក្នុងខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានដឹកនាំគណៈប្រតិភូ រួមជាមួយលោក Edison Duan ទៅកាន់ទីក្រុងទូលូស។ នៅទីនោះ លោកបានធ្វើកិច្ចប្រជុំប្រកបដោយផ្លែផ្កាជាមួយលោក Lars Wagner នាយកប្រតិបត្តិ នៃអាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Airbus និងក្រុមការងារគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus។
ក្រោមធិបតីភាពជាសាក្សីរបស់រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងក្រុមហ៊ុន Airbus Group បានសម្រេចនូវកិច្ចព្រមព្រៀងបង្ហាញបំណងសហការគ្នាមួយចំនួន រួមទាំងការដាក់ឲ្យដំណើរការយន្តហោះថ្មីៗ ដែលបើកផ្លូវសម្រាប់ភាពជាដៃគូកាន់តែស៊ីជម្រៅ និងមានលក្ខណៈយុទ្ធសាស្ត្រជាងមុនរវាងភាគីទាំងសងខាង៕








