លោក Mark Zuckerberg ទទួលស្គាល់ថា Meta ធ្វើ «ខុសខ្លះ» ក្នុងការរុះរើកម្លាំងពលកម្មដើម្បីដើរឱ្យទាន់សម័យកាល AI
13-06-2026 11:03
(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta លោក Mark Zuckerberg បានផ្ញើសារផ្ទៃក្នុងមួយទៅកាន់បុគ្គលិក ដោយព្រមទទួលស្គាល់ថា ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ពិតជាបានបង្កើតកំហុសមួយចំនួនមែន នៅក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធកម្លាំងពលកម្ម ដើម្បីតម្រង់ទិសដៅទៅរកបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)។ ការចេញមុខសារភាពនេះ ធ្វើឡើងខណៈដែល Meta កំពុងបោះទុនវិនិយោគរាប់រយពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យា AI ដែលជាទំនោរទូទៅរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនៅសហរដ្ឋអាមេរិក នាឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងអនុស្សរណៈផ្ទៃក្នុងនោះ លោក Zuckerberg បានរៀបរាប់ពីបញ្ហាប្រឈមជាច្រើនដែលកើតចេញពីការរីកចម្រើនយ៉ាងខ្លាំងលើសពីការស្មានរបស់បច្ចេកវិទ្យា AI ដោយលោកបានបញ្ជាក់ថា៖ «ដោយសារតែភាពស្មុគស្មាញនៃការផ្លាស់ប្តូរទាំងនេះ យើងបានបង្កើតកំហុស ហើយស្ទើរតែប្រាកដណាស់ថានឹងមានកំហុសបន្ថែមទៀតនៅថ្ងៃខាងមុខ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា លោកកំពុងផ្តោតអារម្មណ៍ខ្លាំងលើការរក្សាស្ថិរភាពនៅក្នុងស្ថាប័ន និងបានផ្តល់ភាពកក់ក្តៅដល់បុគ្គលិកថា Meta មិនមានគម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនៅទូទាំងក្រុមហ៊ុនបន្ថែមទៀតទេ នៅក្នុងឆ្នាំនេះ។
គួររំលឹកឡើងវិញថា កាលពីខែឧសភាកន្លងទៅ ម្ចាស់ក្រុមហ៊ុន Facebook មួយនេះ បានកាត់បន្ថយបុគ្គលិកចំនួន ១០% នៅទូទាំងពិភពលោក និងបានផ្ទេរបុគ្គលិកប្រមាណ ៧,០០០ នាក់ ឱ្យទៅបំពេញការងារថ្មីៗដែលពាក់ព័ន្ធនឹងប្រព័ន្ធ AI វិញ។ ទាក់ទិននឹងការរុះរើដ៏ធំនេះ លោក Zuckerberg បានពន្យល់ថា៖«តាមរយៈការបង្កើតតួនាទីថ្មីៗដ៏សំខាន់សម្រាប់បុគ្គលិក វាក៏បានអនុញ្ញាតឱ្យយើងកាត់បន្ថយទំហំក្រុមការងារផងដែរ ដោយដឹងថា ប្រសិនបើយើងបង្កើតកំហុសនៅកន្លែងណាមួយ យើងនៅតែអាចផ្ទេរពួកគាត់ត្រឡប់មកវិញបាន»។
ដើម្បីពង្រឹងស្មារតី និងការសហការគ្នារវាងក្រុមការងារឡើងវិញ ក្រុមហ៊ុន Meta គ្រោងនឹងបង្កើនកញ្ចប់ថវិកាសម្រាប់ការរៀបចំកម្មវិធីជួបជុំក្រៅការិយាល័យ (Offsites) ព្រមទាំងត្រៀមបង្កើតកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា (Hackathon) ដ៏ធំមួយនៅក្នុងខែកក្កដាខាងមុខ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានផែនការកាត់បន្ថយបន្ទុកដ៏ធ្ងន់ធ្ងររបស់អ្នកគ្រប់គ្រងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ផ្នែកវិស្វកម្ម AI ថ្មីរបស់ខ្លួន មានរចនាសម្ព័ន្ធការងារមិនសមាមាត្រ ពោលគឺអ្នកគ្រប់គ្រងម្នាក់ ត្រូវមើលការខុសត្រូវបុគ្គលិករហូតដល់ទៅ ៥០ នាក់ (៥០:១)។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Meta បានដំឡើងតួលេខប៉ាន់ស្មានលើការចំណាយទុនប្រចាំឆ្នាំរបស់ខ្លួន រហូតដល់ចន្លោះពី ១២៥ ពាន់លានដុល្លារ ទៅ ១៤៥ ពាន់លានដុល្លារឯណោះ ដើម្បីសម្រុកអភិវឌ្ឍបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន៕












