យុទ្ធសាស្ត្រ «ដើរយឺតតែរឹងមាំ»៖ ហេតុអ្វី Apple មិនទាន់ប្រញាប់ប្រញាល់ហក់ចូលពិភពលោកដែលគ្រប់គ្រងដោយ AI?
13-06-2026 12:53
(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាធំៗនាពេលថ្មីៗនេះ ពាក្យថា «Agentic AI» ឬភ្នាក់ងារ AI ស្វ័យប្រវត្តដែលបញ្ជាការជំនួសមនុស្ស បានក្លាយជាប្រធានបទដ៏ក្តៅគគុកបំផុត។ ក្រុមហ៊ុនយក្សដូចជា Google, Microsoft និង NVIDIA សុទ្ធតែបានបង្ហាញមហិច្ឆតាចង់ឱ្យ AI ដើរតួជាអ្នកកាន់ចង្កូតការងារជំនួសយើងទាំងស្រុង។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកតាមដានបច្ចេកវិទ្យា ម្នាក់ៗនៅតែមានក្តីបារម្ភថា ការប្រញាប់ប្រញាល់ហក់លោតចូលទៅក្នុងពិភពលោកដែលគ្រប់គ្រងដោយ AI ទាំងដែលម៉ូដែលបច្ចុប្បន្ននៅតែមានភាពភាន់ច្រឡំ (hallucinate) និងមិនទាន់អាចទុកចិត្តបានទាំងស្រុងនោះ គឺជារឿងដែលឆ្កួតលីលាបំផុត។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ Engadget។
ផ្ទុយទៅវិញ នៅក្នុងព្រឹត្តិការណ៍ WWDC 2026 ថ្មីៗនេះ ក្រុមហ៊ុន Apple បានជ្រើសរើសដើរលើផ្លូវខុសប្លែកពីគេ ដោយមិនទាន់ផ្តោតខ្លាំងលើការបំផ្លើសពីសមត្ថភាពរបស់ Agentic AI នៅឡើយទេ។ Apple បានចំណាយពេលភាគច្រើនបង្ហាញពីសមត្ថភាពជាក់ស្តែងរបស់ Siri AI ថ្មី ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាការស្វែងរកអាសយដ្ឋានដែលកប់ក្នុងសារវែងៗ ឬការស្វែងរកវិធីទិញសំបុត្រប្រគំតន្ត្រីផ្តាច់មុខជាដើម។ Siri ថ្មីនេះនៅតែធ្វើការតាមការបញ្ជារបស់អ្នកប្រើប្រាស់ដដែល ប៉ុន្តែវាមានអត្ថប្រយោជន៍ជាងមុនត្រង់សមត្ថភាពចងក្រងទិន្នន័យបានល្អជាងមុនឆ្ងាយ។ លើសពីនេះ Apple ថែមទាំងបានពង្រឹងប្រព័ន្ធសុវត្ថិភាព Private Cloud Compute (PCC) ដើម្បីការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់យ៉ាងតឹងរ៉ឹងបំផុត។
លោក Craig Federighi អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មកម្មវិធីរបស់ Apple បានសង្កត់ធ្ងន់ពីប្រព័ន្ធសុវត្ថិភាពនេះថា៖ «ដោយសារការរចនាឡើងតាំងពីបាតគ្រឹះ PCC ខ្លួនឯងនឹងធ្វើការលុបបំបាត់រាល់កំណត់ត្រានៃទិន្នន័យនោះភ្លាមៗ បន្ទាប់ពីវាបានឆ្លើយសំណួររបស់អ្នករួច... ទិន្នន័យនេះមិនត្រូវបានរក្សាទុកឡើយ។ វាស្ថិតក្នុងទម្រង់មួយដែលរលាយបាត់ទៅវិញទាំងស្រុង (completely transient)»។ ទោះជាយ៉ាងណាក៏ដោយ Apple ក៏មិនអាចជៀសផុតពីការសាកល្បងមុខងារភ្នាក់ងារស្វ័យប្រវត្តមួយចំនួនដែរ ដូចជាការឱ្យ AI ជួយប្តូរពាក្យសម្ងាត់ដែលរងការគំរាមកំហែង និងមុខងារ «Notify Me» នៅលើ Safari ដើម្បីតាមដានការប្រែប្រួលតម្លៃទំនិញជាដើម ដែលមុខងារទាំងនេះទាមទារឱ្យអ្នកប្រើប្រាស់លះបង់សិទ្ធិសម្រេចចិត្តផ្ទាល់ខ្លួនបន្តិចបន្តួចដើម្បីប្តូរយកភាពងាយស្រួល។
គួរជម្រាបថា ជាប្រវត្តិសាស្ត្រ Apple កម្រនឹងក្លាយជាអ្នកបង្កើតបច្ចេកវិទ្យាថ្មីមុនគេណាស់ មិនថាតែម៉ាស៊ីនចាក់ MP3, ទូរស័ព្ទឆ្លាតវៃ ឬកុំព្យូទ័រយួរដៃនោះទេ។ ប៉ុន្តែយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនគឺតែងតែរង់ចាំមើល ដើម្បីកែប្រែចំណុចខ្វះខាតរបស់គូប្រជែង និងធ្វើឱ្យផលិតផលចុងក្រោយមានភាពសម្រិតសម្រាំង និងងាយស្រួលប្រើប្រាស់បំផុតសម្រាប់អតិថិជន។ ជាមួយ Siri AI លើកនេះ Apple បានមើលឃើញពីចំណុចបរាជ័យរបស់ Microsoft ជាមួយ Copilot ហើយមានចក្ខុវិស័យច្បាស់លាស់ជាងមុន។ អ្នកនិពន្ធនៃអត្ថបទដើមបានបង្ហាញការរំពឹងទុកជាចុងក្រោយថា៖ «ខ្ញុំគ្រាន់តែសង្ឃឹមថា Apple នឹងនៅតែមានការវិនិច្ឆ័យដ៏ហ្មត់ចត់អំពីរបៀបដែលខ្លួនដាក់បញ្ចូលមុខងារភ្នាក់ងារស្វ័យប្រវត្តទាំងនេះ។ ខ្ញុំមានការព្រួយបារម្ភរួចទៅហើយអំពីរឿង Siri ស្តាប់ការបញ្ជាជាសំឡេងរបស់ខ្ញុំខុស ខ្ញុំមិនចង់មកបារម្ភបន្ថែមអំពីរឿងវាទៅដកលុយចេញពីគណនីធនាគាររបស់ខ្ញុំអស់រលីងនោះទេ»៕











