សមាជិកសភាអាមេរិកព្រមាន៖ «បដិវត្តន៍ AI ដំណាក់កាលបន្ទាប់ ត្រូវតែជារបស់អាមេរិក មិនមែនចិនឡើយ»
13-06-2026 14:03
(វ៉ាស៊ីនតោន)៖ នៅក្នុងសវនាការរបស់សភាសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំ និងសមាជិកសភា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានដាក់ចេញការព្រមានជាថ្មីថា សហរដ្ឋអាមេរិកត្រូវតែដណ្តើម និងរក្សាឱ្យបាននូវភាពឈានមុខគេនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ខណៈដែលប្រទេសចិនកំពុងបង្កើនល្បឿនយ៉ាងលឿនក្នុងការដេញតាមពីក្រោយ។
លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅក្នុងសវនាការព្រឹទ្ធសភាថា ភាពឈានមុខគេរបស់អាមេរិកលើបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន មិនមែនជាការធានាថាមានសុវត្ថិភាពជារៀងរហូតនោះទេ។ លោកបានសង្កត់ធ្ងន់ថា ចិននៅតែជាគូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត និងមានគ្រោះថ្នាក់បំផុត ដែលកំពុងព្យាយាមគ្រប់គ្រងសមរភូមិបច្ចេកវិទ្យាមួយនេះ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែរក្សាឧត្តមភាពលើការអភិវឌ្ឍម៉ូដែល AI ទំនើបៗ និងការគ្រប់គ្រងបន្ទះឈីបកម្រិតខ្ពស់ (AI Chips) តាមរយៈវិធានការរឹតបន្តឹងការនាំចេញទៅកាន់ប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់អាមេរិក (រួមទាំងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Condoleezza Rice ផងដែរ) បានកត់សម្គាល់ឃើញថា ប្រទេសចិនកំពុងមានប្រៀបលើផ្នែកពីរយ៉ាងសំខាន់ គឺ៖ ល្បឿននៃការដាក់ពង្រាយប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងការរីករាលដាលយ៉ាងរហ័សនៃម៉ូដែល AI កូដបើកចំហ (Open-source) ដែលមានតម្លៃថោករបស់ចិនទៅកាន់ពិភពលោក។
ក្រៅពីនេះ របាយការណ៍បានបង្ហាញថា ប្រទេសចិនកំពុងរៀបចំគម្រោង AI ដូចជាគម្រោងឧស្សាហកម្មជាតិ ដោយបានត្រៀមលក្ខណៈរួចជាស្រេចលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ដែលអាចផ្គត់ផ្គង់ដល់ប្រព័ន្ធដំណើរការទិន្នន័យដ៏មហិមា ដែលចំណុចនេះជាចំណុចខ្សោយរបស់អាមេរិក ដោយសារបណ្តាញអគ្គិសនីអាមេរិកនៅមានកម្រិត។
សមាជិកសភាអាមេរិកបានព្រមានថា សង្រ្គាមបច្ចេកវិទ្យា AI មិនមែនត្រឹមតែជាការប្រកួតប្រជែងពាណិជ្ជកម្មធម្មតានោះទេ ប៉ុន្តែវាជាការសម្រេចទៅលើ «ជោគវាសនានៃតម្លៃសកលលោក»។ ប្រសិនបើសហរដ្ឋអាមេរិកចាញ់ ពិភពលោកនឹងត្រូវគ្រប់គ្រងដោយបច្ចេកវិទ្យា AI ដែលបង្កប់ដោយមនោគមវិជ្ជាផ្តាច់ការ ការត្រួតពិនិត្យ និងការឃ្លាំមើលប្រជាពលរដ្ឋតាមបែបចិន។ ផ្ទុយទៅវិញ ប្រសិនបើអាមេរិកឈ្នះ AI នឹងត្រូវបោះជំហានទៅមុខដោយផ្អែកលើតម្លៃនៃសេរីភាព ភាពថ្លៃថ្នូររបស់មនុស្ស និងនីតិរដ្ឋ។
ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះ សមាជិកសភាបានអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ពីរដ្ឋាភិបាល រួមមានការផ្តល់មូលនិធិពេញលេញដល់ផែនការសកម្មភាព AI ជាតិ (AI Action Plan), ការធានាសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំខាន់ៗ និងការសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីរួមគ្នាកំណត់បទដ្ឋាន និងស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងបច្ចេកវិទ្យា AI នាពេលអនាគត៕








