កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជើងឯក U19 អាស៊ាន ត្រឹមចំណាត់ថ្នាក់លេខ៤

13-06-2026 18:14

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៦ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយបរាជ័យក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ១-០ នៅល្ងាចថ្ងៃទី១៣ ខែមិថុនានេះ។

ជំនួបដ៏ស្វិតស្វាញនេះ ដ្បិតក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី បានដាក់សម្ពាធ និងបង្កើតឱកាសជាច្រើន តែពួកគេបានរង់ចាំដល់នាទី៦៣ ទើបពួកគេរកបាន ១គ្រាប់ ដោយកីឡាករ Algazani Dwi Sugandi។ បន្ទាប់មកកម្ពុជា ក៏មានឱកាសវាយបកញឹកញាប់វិញ ក្រោយផ្លាស់ប្ដូរកីឡាករសំខាន់ៗមួយចំនួន តែយ៉ាងណាការខំប្រឹងនេះ មិនអាចរកគ្រាប់បាល់តាមស្មើបានឡើយ ដោយចប់ការប្រកួតពេញម៉ោង ឥណ្ឌូនេស៊ីឈ្នះកម្ពុជា ១-០។

ទោះបីខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ​ ក៏ដូចជាការប្រជែងចំណាត់ថ្នាក់លេខ៣ ប៉ុន្ដែក្រុមជម្រើសជាតិ U19 កម្ពុជា ក៏បានសាងនូវកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី សម្រាប់ការឆ្លងផុតវគ្គចែកពូល ឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជន U19 អាស៊ាន តាំងពីបង្កើតនៅឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន។ នេះជាសញ្ញាណវិជ្ជមានមួយ នៃភាពរីកចម្រើន ដែលទទួលបានការកោតសរសើរពីអ្នកគាំទ្រផងដែរ៕