អត្តពលិកជាតិ-អន្ដរជាតិជិត ៦ពាន់នាក់ ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី

14-06-2026 13:18

(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិប្រមាណជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ បានរចូលរួមទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ដែលរៀបចំឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

មុនចាប់ផ្ដើមកម្មវិធី ជាមួយការលើកដៃប្រណមដើម្បីថ្វាយនូវព្រះសព្ទសាធុការពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា គណៈកម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះចំនួន ៥,២៤១នាក់ ក្នុងនោះមានអត្តពលិកអន្ដរជាតិ ៦៨០នាក់ មកពី ៤៣ប្រទេស ខណៈប្រទេសចូលរួមច្រើនជាងគេ មានចិន ជប៉ុន បារាំង ហ្វីលីពីន និងអាមេរិក។

ជាមួយគ្នាលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា តួរលេខនេះ មានកំណើនគួរឲ្យកត់សម្គាល់ បើធៀបឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹមជាង ៤ពាន់នាក់ ខណៈឆ្នាំនេះ បូកអ្នកចូលរួមដោយមិនបានចុះឈ្មោះសរុបប្រមាណជិត ៦ពាន់នាក់ ដែលស្របទៅនឹងការចង់បានរបស់គណៈកម្មការរៀបចំ។ អ្វីដែលពិសេស គឺការចូលរួមជាសក្ខីកម្មពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាំច្រើន ដែលជំរុញឲ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ គ្រាដែលសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមតម្រាយផ្លូវរត់ ក៏ត្រូវបានធានាយ៉ាងល្អដល់អ្នករត់ផងដែរ។

ទន្ទឹមជាមួយភាពជោគជ័យនៃការរៀបចំ ក្នុងនាមគណៈកម្មការលោក វ៉ាត់ ចំរើន ក៏បានសម្ដែងការសោកស្ដាយ និងសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីអ្នកចូលរួមទាំងអស់ ចំពោះការខកខានផ្ដល់នូវមេដាយជយលាភី និងមេដាយរត់បញ្ចប់អនុស្សាវរីយ៍ ទាំងអត្តពលិកជាតិ និងអន្ដរជាតិ ដោយសារបញ្ហាព្រំដែនក្នុងការនាំចូល ធ្វើឲ្យគណៈកម្មការខកខានរៀបចំមេដាយជូននៅថ្ងៃប្រកួត តែមេដាយទាំងអស់នោះ នឹងត្រូវរៀបចំជូននាពេលក្រោយ បន្ទាប់ពីគណៈកម្មការទទួលបាន។ បែបនេះក្ដី ក្នុងនាមគណៈកម្មការរៀបចំ លោកបានសុំការខន្ដីអភ័យទោសពីអ្នកចូលរួម ហើយសង្ឃឹមថា កីឡាករ-កីឡាការិនី នឹងយោគយល់ ចំពោះកំហុសដែលមិនមែនជាចេតនានេះ។

បន្ថែមលើនេះ ដោយមើលឃើញពីសន្ទុះនៃការចូលរួមដ៏ច្រើន ពិសេសកំណើនពលរដ្ឋខ្មែរ រត់ចម្ងាយ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ គណៈកម្មការរៀបចំ ក៏ប្ដេជ្ញាពង្រឹងការរៀបចំនាឆ្នាំក្រោយៗ ទាំងតម្រាយផ្លូវរត់ សន្ដិសុខសណ្ដាប់ធ្នាប់ និងការផ្ដល់សេវាផ្សេងៗដល់អ្នករត់ ដើម្បីទាក់ទាញការចូលរួមឲ្យបានកាន់តែច្រើន ក្នុងនោះគណៈកម្មការក៏រីករាយទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនាទាំងឡាយ ដើម្បីរួមគ្នាជំរុញព្រឹត្តិការណ៍កីឡាទេសចរណ៍ ផ្សារភ្ជាប់សប្បុរសធម៌នេះឲ្យកាន់តែល្បីល្បាញ ឆ្ពោះទៅសម្រេចគោលដៅមានអ្នករត់ខ្ទង់ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ នេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែទ្រ, ៥១គីឡូម៉ែត្រ និងរត់កម្សាន្ដ ២.៥គីឡូម៉ែត្រ។ ចំពោះគោលបំណងសំខាន់ៗ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺទី១ ដើម្បីអបអរសាទរដល់ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទី២ ដើម្បីការងារសប្បុរសធម៌ ដោយការកៀគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុផ្ផា និង​ទី៣ ដើម្បីផ្សព្វផ្សាយកេរ្ត៍ឈ្មោះរបស់រាជធានីភ្នំពេញទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅទីក្រុងភ្នំពេញនេះ៕