មន្ដ្រីកីឡាកម្ពុជា ៧រូប ចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍» ជាង ២សប្ដាហ៍នៅចិន

14-06-2026 13:31

(ភ្នំពេញ)៖ មន្ដ្រីកីឡាជំនាញកម្ពូជាចំនួន ៧រូប នៅថ្ងៃអាទិត្យនេះ បានចេញទៅចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍» រយៈពេលជាង ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២៩ ខែមិថុនា​ ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ការបញ្ជូនមន្ដ្រីកីឡាកម្ពុជា ចូលរួមសិក្ខាសាលាខាងលើ ធ្វើឡើងក្រោមកិច្ចកិច្ចស​​ហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

សម្រាប់គណ:ប្រតិភូកីឡាកម្ពុជា ដែលត្រូវក្រសួងអប់រំ យុវជន និងកីឡា ចាត់បញ្ចូនទៅចូលរួម គឺដឹកនាំដោយលោក ផាត់ បញ្ញាសុជាតក៍ និងលោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងមន្រ្តីសហព័ន្ធកីឡាជាតិ របស់អគ្គនាយកដ្ឋានកីឡាផ្សេងទៀតសរុបចំនួន ៧រូប។

ចំពោះគោលបំណង នៃសិក្ខាសាលាស្តីពី«ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍» គឺផ្តោតលើការរៀបចំ លើកកម្ពស់ និងរក្សាកម្មវិធីកីឡា ហេដ្ឋារចនាសម្ព័ន្ធ ទោះបីជា ធនធានហិរញ្ញវត្ថុនៅមានកម្រិតក៏ដោយ។ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាចធ្វើឲ្យកាន់តែប្រសើរឡើងនូវសមត្ថភាពកីឡា បង្កើតឱកាសសេដ្ឋកិច្ច លើកកម្ពស់សុខភាព និងពង្រឹងអត្តសញ្ញាណជាតិរបស់ខ្លួន៕