បុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន Anthropic គ្រោងជួបមន្ត្រីសេតវិមាននៅសប្តាហ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិបិទប្រព័ន្ធ AI
15-06-2026 09:24
(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Axios នៅថ្ងៃអាទិត្យ ទី១៤ ខែមីថុនា ឆ្នាំ២០២៦ ដោយផ្អែកលើប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសជាន់ខ្ពស់របស់ក្រុមហ៊ុន Anthropic កំពុងមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាមួយមន្ត្រីសេតវិមាន ក្នុងគោលបំណងស្វែងរកដំណោះស្រាយចំពោះជម្លោះមួយ ដែលបានបង្ខំឱ្យក្រុមហ៊ុនផ្អាកដំណើរការម៉ូដែល AI ដ៏ទំនើបបំផុតរបស់ខ្លួន។ រហូតមកទល់ពេលនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗនៅឡើយទេ ហើយខាងក្រុមហ៊ុន Anthropic ក៏ដូចជាសេតវិមាន ក៏មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ Anthropic បានធ្វើការប្រជុំតាមប្រព័ន្ធវីដេអូ (Virtual meetings) ជាមួយមន្ត្រីសេតវិមានជាបន្តបន្ទាប់ ចាប់តាំងពីមានការទាក់ទងដំបូងពីរដ្ឋបាលលោក ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រុមហ៊ុន Anthropic បានបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ត្រាំ បានចេញបញ្ជាឱ្យក្រុមហ៊ុនរារាំងជនបរទេសទាំងអស់ មិនថាស្ថិតនៅក្នុង ឬក្រៅសហរដ្ឋអាមេរិកនោះទេ មិនឱ្យប្រើប្រាស់ម៉ូដែល AI ចុងក្រោយបង្អស់របស់ខ្លួន គឺ Fable 5 និង Mythos 5 ឡើយ។ ជាការឆ្លើយតបទៅនឹងបទបញ្ជានេះ ក្រុមហ៊ុន Anthropic បានសម្រេចចិត្តបិទការចូលប្រើប្រាស់ម៉ូដែលទាំងនេះនៅទូទាំងសកលលោកតែម្តង។
ក្រុមហ៊ុនបច្ចេកវិទ្យា AI ខ្នាតតូច (Startup) ដែលមានមូលដ្ឋាននៅទីក្រុង San Francisco មួយនេះ (បច្ចុប្បន្នកំពុងដាក់ពាក្យស្នើសុំចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូង ឬ IPO នៅសហរដ្ឋអាមេរិកដោយសម្ងាត់) ធ្លាប់បានចេញមុខព្រមានពីមុនមកហើយ អំពីសមត្ថភាពខាងផ្នែកលួចទិន្នន័យ (Hacking) ដ៏គួរឱ្យព្រួយបារម្ភរបស់ម៉ូដែល Mythos ហើយថែមទាំងបានពន្យារពេលក្នុងការបើកឱ្យប្រើប្រាស់ជាសាធារណៈទូលំទូលាយទៀតផង។
គួរជម្រាបថា នៅដើមសប្តាហ៍នេះ Anthropic ទើបតែបានដាក់ឱ្យដំណើរការនូវម៉ូដែលកំណែទម្រង់ជាសាធារណៈមួយឈ្មោះថា Fable ដែលក្រុមហ៊ុនអះអាងថា បានបញ្ចូលនូវប្រព័ន្ធការពារសុវត្ថិភាពសាយប័ររួចរាល់ហើយក្តី ប៉ុន្តែនៅតែមិនទាន់អាចជៀសផុតពីការរឹតបន្តឹងពីរដ្ឋាភិបាលអាមេរិកឡើយ៕









