ធនាគារ «វីង» និង «សហគ្រាសពាណិជ្ជកម្មកម្ពុជា» បើកទំព័រថ្មីសម្រាប់វិស័យកសិកម្មកម្ពុជា
15-06-2026 09:29
(ភ្នំពេញ)៖ កិច្ចសហការនេះ នឹងជួយសម្រួលទាំងការស្វែងរកទីផ្សារ និងការផ្តល់ដើមទុន ដើម្បីគាំទ្រដល់កសិករ ម្ចាស់សហគ្រាសកែច្នៃ និងកសិធុរជននៅកម្ពុជា ឱ្យអាចពង្រីកការលក់បានកាន់តែធំទូលាយ។
វិស័យកសិកម្មកម្ពុជាកំពុងសម្រេចបាន នូវការនាំចេញក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ ការនាំចេញកសិផលបានហក់ឡើងដល់ ៦,៤៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៧,៣% បើធៀបនឹងឆ្នាំមុន។ កម្ពុជាមានផលិតផល ហើយតម្រូវការទីផ្សារក៏មានខ្ពស់ដែរ ប៉ុន្តែអ្វីដែលអាជីវកម្មភាគច្រើនកំពុងខ្វះខាតនោះ គឺហិរញ្ញប្បទាន (ដើមទុន) ដើម្បីបំពេញចន្លោះខ្វះខាត រវាងអ្វីដែលពួកគេផលិតបាន និងអ្វីដែលពួកគេអាចនាំចេញទៅលក់បាន។
នៅក្នុងពិធីសម្ពោធជាផ្លូវការនៃសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) ធនាគារ វីង និង CTE បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមអធិបតីភាពលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរស្ថានភាពខាងលើ ដោយការរួមបញ្ចូលគ្នារវាងវេទិកាជំរុញពាណិជ្ជកម្មជាតិរបស់ CTE និងសេវាហិរញ្ញវត្ថុរបស់ធនាគារ វីង សំដៅផ្តល់ឱ្យអ្នកនាំចេញ ម្ចាស់សហគ្រាសកែច្នៃ និងសហគ្រាសកសិ-ធុនតូច និងមធ្យម នូវច្រកផ្លូវដ៏ពិតប្រាកដមួយឆ្ពោះទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា «កសិធុរកិច្ចជាច្រើនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងក្នុងតំបន់រួចជាស្រេចទៅហើយ ប៉ុន្តែអ្វីដែលពួកគេត្រូវការបំផុតនោះ គឺមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅនេះ។ តាមរយៈកិច្ចសហការនេះ យើងកំពុងរៀបចំមូលដ្ឋានគ្រឹះនោះឱ្យកាន់តែរឹងមាំ ដោយផ្តល់នូវហិរញ្ញប្បទាន ដែលសមស្របទៅនឹងតម្រូវការជាក់ស្តែង ក្នុងវិស័យកសិកម្មរួមជាមួយសេវាឌីជីថល ដែលជួយឱ្យប្រតិបត្តិការអាជីវកម្មប្រព្រឹត្តិទៅកាន់តែមានភាពរលូន»។
អតិថិជនកសិធុរកិច្ចរបស់ធនាគារ វីង បានជ្រាបច្បាស់រួចមកហើយអំពីអត្ថប្រយោជន៍ នៃលក្ខខណ្ឌទាំងនេះ។ តាមរយៈកម្ចីកសិកម្ម អាជីវកម្មដែលបំពេញតាមលក្ខខណ្ឌ អាចទទួលបានឥណទានរហូដល់ ២០០,០០០ ដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ត្រឹមតែ ៨,៥% ក្នុងមួយឆ្នាំ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំឡើយ។ ជាការប្រៀបធៀប ហិរញ្ញប្បទានគ្មានទ្រព្យបញ្ចាំ ដែលមានលក្ខណៈស្រដៀងគ្នា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតក្នុងទីផ្សារ អាចមានអត្រាការប្រាក់ខ្ពស់ជាងនេះរហូតដល់លើសពី២ដង។
សម្រាប់អ្នកនាំចេញ ដែលត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង នឹងជួយសម្រួលដល់សេវាចាត់ចែងឯកសារ ឱ្យបានឆាប់រហ័សក្នុងថ្ងៃតែមួយ ព្រមទាំងផ្តល់ជូនអត្រាពិសេសត្រឹម ០,៦% ក្នុងមួយឆ្នាំ និងការលើកលែងកម្រៃសេវាចាត់ចែងឯកសារទាំងអស់។ អ្វីដែលយើងលើកឡើងនេះ មិនមែនគ្រាន់តែជាការសន្យានៅថ្ងៃមុខនោះទេ តែវាគឺជាអ្វីដែលអតិថិជនរបស់ធនាគារ វីង កំពុងប្រើប្រាស់ជាក់ស្តែងសព្វថ្ងៃ ដើម្បីពង្រីកការផលិត បំពេញការបញ្ជាទិញឱ្យបានកាន់តែច្រើន និងជួយឱ្យផលិតផលខ្មែរមានតម្លៃកាន់តែខ្ពស់នៅលើទីផ្សារ។ ភាពជាដៃគូនេះ គ្របដណ្តប់លើកសិផលសំខាន់ៗមួយចំនួន ក្នុងកូតាសម្រាប់ការនាំចេញ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមីនិងស្វាយ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនងរវាងការផលិត ការកែច្នៃ និងការនាំចេញ។
នៅក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ «ការលើកកម្ពស់ការតភ្ជាប់ពីកសិដ្ឋាន ទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា ឱ្យកាន់តែប្រសើរសម្រាប់ពេលអនាគត» លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានបង្ហាញយ៉ាងលម្អិតអំពីសេវាកម្ម ដែលផ្តោតលើវិស័យកសិកម្ម ក៏ដូចជាកម្ចីកសិកម្ម ដែលកំពុងជួយលើកកម្ពស់តម្លាភាពនៃប្រតិបត្តិការ និងការកសាងទំនុកចិត្តរវាងកសិករ សហគ្រាសធុនតូច និងមធ្យម អ្នកទិញ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជួយឱ្យពាណិជ្ជកម្មដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។
វិស័យកសិកម្មបានផ្តល់ការងារ ដល់ប្រជាជនកម្ពុជាប្រមាណ ២,៨ លាននាក់ និងបានចូលរួមចំណែកប្រមាណ ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៥។ ធនាគារ វីង នៅទីនេះដើម្បីធានាថា ឧបសគ្គផ្នែកហិរញ្ញវត្ថុនឹងមិនមែនជាអ្វីដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យនេះឡើយ។
ម្ចាស់កសិធុរកិច្ចដែលចង់ស្វែងយល់បន្ថែម អំពីដំណោះស្រាយឥណទានរបស់ធនាគារ វីង អាចអញ្ជើញមកពិភាក្សាជាមួយទីប្រឹក្សាជំនាញរបស់ធនាគារ វីង បានគ្រប់ពេលវេល។ សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយក៏បាននៅទូទាំងប្រទេស ឬចូលទៅកាន់គេហទំព័រ wingbank.com.kh តាមដានទំព័រហ្វេសប៊ុក (WingBankKH) ឬទូរស័ព្ទមកលេខ ០២៣ ៩៩៩ ៩៨៩ រួចទុកព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ហើយយើងនឹងទាក់ទងទៅលោកអ្នកវិញភ្លាមៗ៕



