Mora របស់ម្ចាស់ផ្ទះមិចស៊ិក ក្លាយជាកីឡាករក្មេងជាងគេទាំង ១០នាក់ ក្នុងប្រវត្តិសាស្រ្ត World Cup

15-06-2026 09:52

(បរទេស)៖ Gilberto Mora ដែលបានរួមចំណែកជួយម្ចាស់ផ្ទះមិចស៊ិក យកឈ្នះគូប្រជែងអាហ្រ្វិកខាងត្បូង ២-០ កាលពីថ្ងៃបើកឆាក FIFA World Cup 2026 បានស្ថិតក្នុងបញ្ជីកីឡាករក្មេងជាងគេទាំង ១០នាក់ ប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលរៀបចំបាន ២២លើកមកនេះ។

Mora ពាក់លេខ១៩ បានចូលលេងនៅនាទី៦៦ ជំនួសមិត្តរួមក្រុម Fidalgo នៅពេលដែលសហម្ចាស់ផ្ទះ World Cup ជំនាន់ទី២៣ នេះបានបើកការនាំមុខទៅលើក្រុមមកពីតំបន់អាហ្រ្វិក ២ទល់នឹង០ ទៅហើយនោះ ដោយស្ថិតក្នុងវ័យ ១៧ឆ្នាំ និង ២៤០ថ្ងៃ។

ទោះជាយ៉ាងណា ខ្សែបម្រើស្លាបឆ្វេងរូបនេះបានស្ថិតក្នុងបញ្ជីឈរលេខរៀងទី៦ ក្នុងចំណោម ១០នាក់ក្មេងជាងគេ ប្រចាំ World Cup គ្រាដែល Samuel Eto’o របស់កាមេរូន ឈរលេខ២ និងលោក Pele របស់សាំបាប្រេស៊ីល បានស្ថិតនៅលេខ៥។

Mora នៅមិនទាន់ប្រាកដ ១០០% នៅឡើយទេ ក្នុងនាមកីឡាករក្មេងជាងគេប្រចាំ World Cup 2026 ដ្បិតទើបលេងបាន ១១ប្រកួត ក្នុងចំណោមកីឡាករសរុបមានដល់ទៅ ១២៤៨នាក់មកពី ៤៨ប្រទេស នៅពេលក្រុមឯទៀត ពុំទាន់បានប្រកួតបើកឆាករបស់ពួកគេនៅឡើយផងដែរ៕