ធនាគារ កាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហគ្រាសពាណិជ្ជកម្មកម្ពុជា ដើម្បីគាំទ្រដល់អ្នកនាំចេញក្នុងស្រុក

15-06-2026 11:09

(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសហគ្រាសពាណិជ្ជកម្មកម្ពុជា (Cambodia Trade Enterprise - CTE) ស្របពេលជាមួយនឹងពិធីសម្ពោធជាផ្លូវការរបស់សហគ្រាសនេះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម សហគ្រាសពាណិជ្ជកម្មកម្ពុជា គឺជាសហគ្រាសរបស់រដ្ឋដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងសម្របសម្រួលការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលខ្មែររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រីកវិសាលភាពទីផ្សារសម្រាប់អ្នកនាំចេញនៅកម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានសមស្រប ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយិកាប្រតិបត្តិ ប្រតិបត្តិការ (COO) នៃធនាគារ កាណាឌីយ៉ា ដែលជាតំណាងចុះហត្ថលេខាលើភាពជាដៃគូនេះ។

ជាមួយនឹងកិច្ចសហការគ្នានេះ សហគ្រាស ដែលផ្តោតលើការនាំចេញ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលកំពុងប្រតិបត្តិការក្នុងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលខ្មែរនៅទូទាំងប្រទេសកម្ពុជា រំពឹងថានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទាន តម្រូវតាមតម្រូវការជាក់ស្តែងពីធនាគារ កាណាឌីយ៉ា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងគាំទ្រដល់តម្រូវការទុនបង្វិល។ បន្ថែមពីលើនេះ ភាពជាដៃគូនេះក៏នឹងស្វែងរកឱកាសក្នុងការបង្កើតកម្មវិធីលើកកម្ពស់សមត្ថភាព ដោយផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហិរញ្ញប្បទាននាំចេញ និងការផ្តល់ការយល់ដឹងស៊ីជម្រៅអំពីឱកាសទីផ្សារអន្តរជាតិផងដែរ។

តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រនេះ ធនាគារ កាណាឌីយ៉ា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ មានភាពស្របគ្នាយ៉ាងល្អទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្នាំ២០៣០ របស់ក្រសួងពាណិជ្ជកម្ម ដែលរួមចំណែកដល់ការបង្កើនការត្រៀមលក្ខណៈរួចរាល់សម្រាប់ការនាំចេញ ការពង្រឹងការអនុលោមតាមស្តង់ដារអន្តរជាតិ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

ដើម្បីអបអរសាទរចំពោះសមិទ្ធផលដ៏សំខាន់នេះ លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយិកាប្រតិបត្តិ ប្រតិបត្តិការ (COO) នៃធនាគារ កាណាឌីយ៉ា បានលើកឡើងថា «ក្នុងនាមជាធនាគារក្នុងស្រុកធំជាងគេ យើងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកដល់ការរីកចម្រើនរបស់សហគ្រាសក្នុងស្រុក។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការគាំទ្រដល់សហគ្រាសក្នុងស្រុក តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញប្បទានដែលងាយស្រួលទទួលបាន និងស្របតាមតម្រូវការជាក់ស្តែង។ តាមរយៈការបង្កើនការត្រៀមលក្ខណៈសម្រាប់ការនាំចេញ និងការសម្របសម្រួលឱ្យកាន់តែងាយស្រួលក្នុងការទទួលបានប្រភពដើមទុន យើងខ្ញុំមានគោលបំណងជួយជំរុញកំណើនខ្សែចង្វាក់តម្លៃនៃកសិកម្ម របស់កម្ពុជា និងបើកឱកាសថ្មីៗនៅលើទីផ្សារអន្តរជាតិ។ យើងខ្ញុំនឹងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងសហគ្រាសពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតដល់អាជីវកម្មដែលផ្តោតលើការនាំចេញ និងរួមចំណែកដល់ការអភិវឌ្ឍពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសជាតិ»