NOCC បញ្ជាក់មូលហេតុនៃការយឺតយ៉ាវផ្ដល់មេដាយ សម្រាប់ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ
15-06-2026 12:30
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការជូនដំណឹង អមជាមួយការសុំទោសជាថ្មី ពីសំណាក់អត្តពលិកជាតិ-អន្ដរជាតិ ក្រោយការយឺតយ៉ាវ និងរអាក់រអួលក្នុងការផ្ដល់មេដាយ ដល់អ្នកចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ដែលមានអ្នកចូលរួមសរុបប្រមាណជិត ៦ពាន់នាក់។
យោងមតាមសេចក្ដីជូនដំណឹង ១ថ្ងៃក្រោយព្រឹត្តិការណ៍ខាងលើបានបញ្ជាក់ថា គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹងដល់អត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំង សូមមេត្តាជ្រាបថា ដោយសារការយឺតយ៉ាវ និងបញ្ហាដឹកជញ្ជូន ដែលពន្យារពេលខុសពីការគ្រោងទុក ធ្វើឲ្យមានការរអាក់រអួលមិនអាចផ្តល់ជូនឱ្យទាន់ពេលវេលា។
ប្រភពដដែលបន្ដថា «មូលហេតុនៃការយឺតយ៉ាវ បណ្តាលមកពីការកកស្ទះទំនិញដោយសារការត្រួតពិនិត្យតឹងរឹងតាម ច្រកព្រំដែនខុសពីប្រក្រតី ដែលបណ្តាលឱ្យយឺតយ៉ាវខុសពីការគ្រោងទុកដល់ជាង ១ខែ។ គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនឹងសង្ឃឹមថា ទទួលបានការយោគយល់ខ្ពស់ពីអត្តពលិកជាតិ និងអន្តរជាតិ ចំពោះកំហុសដោយអចេតនានេះ។ យើងខ្ញុំទទួលយករាល់មតិយោបល់ទាំងអស់ និងខិតខំកែលម្អបានរលូននាពេលក្រោយៗទៀត»។
ទន្ទឹមជាមួយការបញ្ជាក់មូលហេតុនេះដែរ NOCC បានបន្តថា គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង និងផ្តល់ជូននូវមេដាយជយលាភី និងអនុស្សាវរីយ៍នេះ ក្នុងពេលឆាប់ៗនៅពេលដែលមេដាយមកដល់ តាមការជូនដំណឹងរបស់គណៈកម្មការរៀបចំទិវារត់ប្រណាំង។
គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ បានរៀបចំឡើងគោលបំណងសំខាន់ៗចំនួន៣ ទី១ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល, ទី២ ដើម្បីការងារសប្បុរសធម៌ ដោយការកៀគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទី៣ ដើម្បីផ្សព្វផ្សាយកេរ្ត៍ឈ្មោះរបស់រាជធានីភ្នំពេញទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅទីក្រុងភ្នំពេញនេះ៕







