ចក្រភពអង់គ្លេស ត្រៀមប្រកាសវិធានការរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារអាយុក្រោម ១៦ឆ្នាំ
15-06-2026 12:34
(បរទេស)៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ត្រូវបានរំពឹងថានឹងប្រកាសដាក់ចេញនូវវិធានការរឹតបន្តឹងជាផ្លូវការមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ជុំវិញការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ។ វិធានការនេះ អាចនឹងរួមបញ្ចូលទាំងការហាមឃាត់កម្មវិធីពេញនិយមនានា រួមទាំងមុខងារផ្សេងៗ ដែលត្រូវបានគេវាយតម្លៃថាបង្កឱ្យមានការជក់ចិត្តដកចិត្តមិនរួច (Addictive) និងជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាពផ្លូវចិត្តរបស់យុវវ័យតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចក្រភពអង់គ្លេសបានពង្រឹងវិធានការយ៉ាងម៉ឺងម៉ាត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដោយបង្ខំឱ្យពួកគេអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់អាយុ កែសម្រួលក្បួនដោះស្រាយទិន្នន័យ (Algorithms) និងចុងក្រោយបំផុតគឺការទប់ស្កាត់មិនឱ្យកុមារចែកចាយរូបភាពអាក្រាតកាយដែលថតតាមទូរស័ព្ទដៃ។
ដោយសារតែការយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនៃសុខភាពផ្លូវចិត្ត បង្កឡើងដោយការចំណាយពេលច្រើនហួសហេតុលើអ៊ីនធឺណិត នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសម្រេចចិត្តបោះជំហានទៅមុខមួយកម្រិតទៀត បន្ទាប់ពីបានពិភាក្សាជាមួយអាណាព្យាបាល និងពិនិត្យលើភស្តុតាងជាក់ស្តែងពីប្រទេសអូស្ត្រាលី ដែលបានដាក់ចេញនូវការហាមឃាត់ស្រដៀងគ្នានេះកាលពីឆ្នាំមុន។ លោក Starmer ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងតំណែងដឹកនាំនាពេលខាងមុខ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋពិតជាចង់ឃើញការចាត់វិធានការណ៍ជាក់ស្តែង។ លោកបានបញ្ជាក់មុនការប្រកាសជាផ្លូវការនៅព្រឹកថ្ងៃចន្ទនេះថា៖ «នោះហើយជាមូលហេតុដែលយើងត្រូវបញ្ចប់ប្រព័ន្ធមួយដែលកំពុងបំផ្លាញអនាគតកូនៗរបស់យើង ហើយយើងនឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ ដើម្បីផ្តល់ឱ្យកុមារគ្រប់រូបនូវការចាប់ផ្តើមជីវិតដ៏ល្អបំផុត»។
យោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថា លោក Starmer នឹងប្រកាសហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំទាំងអស់ មិនឱ្យប្រើប្រាស់បណ្តាញសង្គមធំៗ ខណៈដែលកម្មវិធីអនឡាញផ្សេងទៀតដែលមិនស្ថិតក្នុងបម្រាម (ដូចជាកម្មវិធីហ្គេម) នឹងត្រូវប្រឈមមុខនឹងការរឹតបន្តឹង ដូចជាការរារាំងមិនឱ្យកុមារអាចជជែកកំសាន្តជាមួយជនប្លែកមុខជាដើម។
គួរចម្រាបថា ប្រទេសអូស្ត្រាលី គឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ដោយបានបិទការចូលប្រើប្រាស់កម្មវិធីល្បីៗកាលពីខែធ្នូ រួមមាន TikTok, YouTube របស់ក្រុមហ៊ុន Alphabet និង Instagram ព្រមទាំង Facebook របស់ក្រុមហ៊ុន Meta។ ចាប់តាំងពីពេលនោះមក បណ្តាប្រទេសជាច្រើនទៀតបានបង្ហាញបំណងចង់គ្រប់គ្រងការចូលប្រើប្រាស់បណ្តាញសង្គម ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាពរបស់កុមារ។
ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាល និងអ្នកនយោបាយ ក្រុមអ្នកចិត្តវិទ្យា និងអ្នកស្រាវជ្រាវមួយចំនួនបានអះអាងថា នៅមិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថា វិធានការហាមឃាត់នេះនឹងមានប្រសិទ្ធភាពទាំងស្រុងនោះឡើយ។ ស្របពេលជាមួយគ្នានេះ ក្រុមសិស្សសាលាមួយក្រុមនៅទីក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពួកគេមានអារម្មណ៍ស្មុគស្មាញ និងមានភាពទាស់ទែងគ្នាក្នុងចិត្តជាខ្លាំង ចំពោះការរស់នៅដោយពឹងផ្អែកលើបច្ចេកវិទ្យាទាំងនេះ៕










