តារាចម្រៀង ខាត់ សួស្តី និង រាជ ប្រាថ្នា ចាប់ដៃគ្នាមិនលែងក្នុងគ្រាលំបាក បង្កជាសាច់រឿងនៃចម្រៀងថ្មី!

15-06-2026 15:27

(ភ្នំពេញ)៖ បទចម្រៀងថ្មី «ស៊ូៗណាប្តី» របស់កញ្ញា ខាត់ សួស្តី និងបទ «ស៊ូៗណាអូន» របស់លោក រាជ ប្រាថ្នា ពីផលិតកម្ម Galaxy Navatra គឺជាផ្ទាំងទស្សនីយភាពឆ្លុះបញ្ចាំងពីជីវិតពិត ព្រមទាំងផ្តល់នូវមេរៀនរួមសុខរួមទុក្ខ ដ៏រឹងមាំសម្រាប់ជីវិតប្តីប្រពន្ធ។

តាមរយៈសំឡេងដ៏ស្រទន់ និងពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់កញ្ញា ខាត់ សួស្តី ធ្វើឱ្យអ្នកស្តាប់កោតសរសើរមិនដាច់ពីមាត់ ពីទឹកចិត្តដ៏អស្ចារ្យរបស់ភរិយា។ នាងបង្ហាញថា ទោះបីជាស្វាមីត្រូវធ្វើការឆ្ងាយរាប់សិបគីឡូម៉ែត្រ ប្រឈមមុខនឹងភាពនឿយហត់យ៉ាងណាក៏ដោយ ក៏ប្រពន្ធនៅតែជាជំហរដ៏រឹងមាំ ចាំផ្តល់ស្នាមញញឹម និងពាក្យលើកទឹកចិត្តជានិច្ចដល់ប្ដី។

ឆ្លើយតបមកវិញ លោក រាជ ប្រាថ្នា ជាមួយនឹងទឹកដមសំឡេងដ៏មោះមុត រឹងមាំ ប៉ុន្តែបង្កប់ដោយភាពកក់ក្តៅ បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់បុរសជាប្តី។ លោកបានប្តេជ្ញាថា ទោះបីជាផ្លូវជីវិតត្រូវដើរទៅមុខរាប់ពាន់គីឡូម៉ែត្រទៀត និងជួបឧបសគ្គបែបណាក៏ដោយ ក៏លោកនៅតែដឹងគុណ និងស៊ូរែកពន់ការលំបាកទាំងឡាយ ដើម្បីគ្រួសារ។

សមត្ថភាពច្រៀងដ៏ប៉ិនប្រសប់របស់តារាទាំងពីរដួង រួមនឹងពាក្យពេចន៍សាមញ្ញៗ បានផ្តល់មេរៀនជីវិតដ៏មានតម្លៃថា ស្នេហាពិត និងការតស៊ូ មិនមែនវាស់វែងដោយចម្ងាយផ្លូវគិតជាគីឡូម៉ែត្រនោះទេ គឺវាស់ដោយការរួមសុខរួមទុក្ខ និងការចាប់ដៃគ្នាមិនព្រមលែង នៅក្នុងថ្ងៃដ៏លំបាកបំផុតនេះ៕