ក្រុមហ៊ុនមេរបស់ TikTok ចរចាទិញបន្ទះឈីប AI ពីក្រុមហ៊ុនចិន Iluvatar CoreX ក្នុងយុទ្ធសាស្ត្រកាត់បន្ថយការពឹងផ្អែកលើអាមេរិក

15-06-2026 16:25

(ភ្នំពេញ)៖ យោងតាមប្រភពជិតស្និទ្ធពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីដ៏ល្បីល្បាញ TikTok កំពុងស្ថិតក្នុងកិច្ចចរចាកម្រិតឯកជនជាមួយក្រុមហ៊ុនស្ថាបនាឈីបក្នុងស្រុក Iluvatar CoreX ដើម្បីបញ្ជាទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI Chips) យ៉ាងហោចណាស់ចំនួន ៥០,០០០ គ្រាប់នៅក្នុងឆ្នាំនេះ។

ប្រភពដដែលបានបង្ហើបថា បន្ទះឈីបដែលគ្រោងនឹងបញ្ជាទិញនោះ ភាគច្រើនជាប្រភេទ GPU ស៊េរី «Zhikai» ដែលរៀបចំឡើងសម្រាប់មុខងារដំណើរការទិន្នន័យឆ្លើយតប (Inference Workloads)។ ByteDance មានផែនការយកគ្រឿងទាំងនេះទៅពង្រឹង និងពង្រីកសេវាកម្ម AI Chatbot ផ្ទាល់ខ្លួនរបស់ខ្លួនដែលមានឈ្មោះថា «Doubao» ដែលកំពុងទទួលបានការគាំទ្រ និងពង្រីកមូលដ្ឋានអ្នកប្រើប្រាស់យ៉ាងខ្លាំងក្លា។ ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងសម្លឹងមើលឱកាសចរចាស្របគ្នាមួយទៀតជាមួយក្រុមហ៊ុន Baidu ដើម្បីប្រើប្រាស់បន្ទះឈីប AI ម៉ាក Kunlunxin ផងដែរ។ ប្រសិនបើកិច្ចព្រមព្រៀងជាមួយ Iluvatar CoreX ត្រូវបានចុះហត្ថលេខាជាផ្លូវការ វានឹងក្លាយជាដៃគូផ្គត់ផ្គង់គ្រាប់ចុច GPU ក្នុងស្រុកធំទីបីរបស់ ByteDance បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាកំពូល Huawei Technologies និង Cambricon។

យុទ្ធសាស្ត្រងាកមកប្រើប្រាស់ផលិតផលក្នុងស្រុករបស់ ByteDance និងក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត បានស្តែងឲ្យឃើញយ៉ាងច្បាស់ពីជោគជ័យជាជំហានៗរបស់ចិន ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបដោយខ្លួនឯង។ សកម្មភាពនេះធ្វើឡើងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលជំរុញឲ្យមានម្ចាស់ការលើសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា ដើម្បីទប់ទល់នឹងគំនាបរឹតបន្តឹងការនាំចេញបន្ទះឈីបកម្រិតខ្ពស់ពីសំណាក់សហរដ្ឋអាមេរិក។ គិតត្រឹមឆ្នាំកន្លងទៅ ក្រុមហ៊ុនផលិតបន្ទះឈីប AI របស់ចិនបានដណ្តើមចំណែកទីផ្សារម៉ាស៊ីនមេ AI (AI Accelerator Server) នៅក្នុងប្រទេសចិនរហូតដល់ទៅជិត ៤១% ដែលជាការកាត់ផ្តាច់ចំណែកទីផ្សារដ៏ធំពីក្រុមហ៊ុនយក្សអាមេរិក Nvidia ដែលធ្លាប់តែគ្រប់គ្រងទីផ្សារនេះស្ទើរតែទាំងស្រុង។

គួរជម្រាបថា កិច្ចសន្យារបស់ Iluvatar CoreX ជាមួយ ByteDance នេះ តំណាងឲ្យ «របត់ពាណិជ្ជកម្មដ៏សំខាន់បំផុត» ដ្បិតកន្លងមក ក្រុមហ៊ុនស្ទើរតែទាំងស្រុងពឹងផ្អែកលើការផ្គត់ផ្គង់ទៅឲ្យគម្រោងលទ្ធកម្មរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍ស្រាវជ្រាវពីស្ថាប័ន Huatai Securities បានព្យាករណ៍ថា ចំណូលរបស់ Iluvatar CoreX នឹងកើនឡើងដល់ ៣.០៤ ពាន់លានយ័ន (ប្រហែល ៤៤៩.៨ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ជាមួយនឹងការកើនឡើងនៃការដឹកជញ្ជូនឈីបសរុបរហូតដល់ ១៣៩%៕