Elon Musk និយាយថា ក្រុមហ៊ុន SpaceX អាចរកចំណូលបាន ១ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០
16-06-2026 08:06
(បរទេស)៖ លោក Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រុមហ៊ុនរ៉ុក្កែតរបស់លោក គឺ SpaceX អាចរកចំណូលបាន ១ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ដោយការថ្លែងបែបនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានដាក់លក់ភាគហ៊ុនជាសាធារណៈ (IPO) ដែលធ្វើឲ្យតម្លៃរបស់វាឡើងដល់ជាង ២ទ្រីលានដុល្លារ។
«ខ្ញុំនឹងភ្ញាក់ផ្អើល ប្រសិនបើចំណូលមិនធំជាង ១ទ្រីលានដុល្លារ នៅឆ្នាំ២០៣១»។ នេះជាអ្វីដែលលោក Elon Musk បានសរសេរនៅលើ X ដែលជាបណ្តាញសង្គមរបស់លោក ដោយឆ្លើយតបទៅកាន់អ្នកកាសែត និងអ្នកអត្ថាធិប្បាយហិរញ្ញវត្ថុ លោក Jon Erlichman។ កាលពីថ្ងៃសុក្រសប្តាហ៍មុន SpaceX បានក្លាយជាក្រុមហ៊ុនធំជាងគេលំដាប់ទី៦ របស់សហរដ្ឋអាមេរិក ដែលជួយពង្រឹងឋានៈរបស់លោក Elon Musk ជាមហាសេដ្ឋីទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនៅតែរកលុយបានតិចជាងឆ្ងាយ បើធៀបនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានតម្លៃប្រហាក់ប្រហែលគ្នា ដូចជា Broadcom និង Amazon ។ នៅឆ្នាំ២០២៥ ចំណូលរបស់ SpaceX បានហក់ឡើងដល់ ១៨.៦៧ ពាន់លានដុល្លារ ពី ១៤.០២ ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែក្រុមហ៊ុនបានធ្លាក់ចុះទៅរកការខាតបង់សុទ្ធចំនួន ៤.៩៤ ពាន់លានដុល្លារ ពីប្រាក់ចំណេញ ៧៩១លានដុល្លារ។
អ្នកវិភាគនៅ Wall Street មួយចំនួនមានការប្រុងប្រយ័ត្នចំពោះកំណើនរបស់ក្រុមហ៊ុន។ ធនាគារ Goldman បានប៉ាន់ប្រមាណថា ចំណូលរបស់ SpaceX នឹងកើនឡើងលើស ៤៧០ ពាន់លានលានដុល្លារនៅឆ្នាំ២០៣០ ខណៈដែល Morgan Stanley បានព្យាករណ៍ថាវានឹងឡើងដល់ជិត ៣៣០ ពាន់លានលានដុល្លារ។ យោងតាមរបាយការណ៍របស់ Wall Street Journal កាលពីដើមខែមិថុនានេះ៕








