ក្រសួងអប់រំ កោះប្រជុំថ្នាក់ដឹកនាំសហព័ន្ធជាតិចំនួន ២ ក្រោយរាជរដ្ឋាភិបាល អនុញ្ញាតឲ្យធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី

16-06-2026 08:30

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានកោះប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិចំនួន ២ គឺកីឡាឃីកបុកស៊ីង និងកីឡាវ៉ូវីណាម ដើម្បីពិនិត្យគោលការណ៍បច្ចេកទេស សម្រាប់ត្រៀមការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី នាចុងឆ្នាំ២០២៦ ខាងមុខ។

កិច្ចប្រជុំនេះដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីសហព័ន្ធកីឡាជាតិទាំងពីរ ទទួលបាន ស.ជ.ណ ពីរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍កម្រិតទ្វីបនាពេលខាងមុខ។

ឆ្លៀតឱកាសនោះលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានលើកឡើងការកំណត់គោលការណ៍ឧបត្ថម្ភជូនក្រុមកីឡាករជម្រើសជាតិ ក្រុមកីឡាករផ្ទាល់ គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ដែលត្រូវបានជ្រើសរើសសម្រាប់ប្រមូលផ្តុំហាត់ហ្វឹកហ្វឺនប្រចាំឆ្នាំ និងកំណត់ប្រាក់រង្វាន់ជយលាភីជូនកីឡាករជម្រើសជាតិ និងកីឡាករថ្នាល ដែលបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិផ្លូវការនៅក្នុងនិងក្រៅប្រទេស ដើម្បីធានាការប្រមូលផ្តុំហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងបង្កើនគុណផលកីឡា។

គួរដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង រៀបចំធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦ និងសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញដូចគ្នា៕