មុខងារ «AI Mode» ថ្មីរបស់ Meta លើ Facebook ចាប់យកទិន្នន័យពីព័ត៌មានសាធារណៈនៅទូទាំងបណ្តាញរបស់ខ្លួន

16-06-2026 10:18

(បរទេស)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដេញតាមឱ្យទាន់គូប្រជែងក្នុងវិស័យ AI និងដើម្បីបង្កើនអន្តរកម្ម (Engagement) ជាមួយ AI Bot របស់ខ្លួន ក្រុមហ៊ុន Meta បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនកំពុងដាក់ឱ្យដំណើរការមុខងារ AI ថ្មីៗនៅលើ Facebook ដែលមានគោលបំណងផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ស្វែងរកព័ត៌មាន បង្កើតមាតិកា និងធ្វើអន្តរកម្មនៅលើបណ្តាញសង្គមមួយនេះ។

បច្ចុប្បន្នភាពដ៏លេចធ្លោជាងគេគឺ «AI Mode» ដែលជាវិធីសាស្ត្រថ្មីមួយក្នុងការស្វែងរកលើ Facebook ដោយប្រើប្រាស់ Meta AI ដើម្បីទាញយកចម្លើយពីការបង្ហោះជាសាធារណៈនៅទូទាំងកម្មវិធី រួមទាំងពី Groups និង Reels ផងដែរ។ ជំនួសឱ្យការអូសរំលងមើលលទ្ធផលស្វែងរកជាច្រើន អ្នកប្រើប្រាស់អាចសួរជាភាសាសាមញ្ញធម្មតា ហើយទទួលបានចម្លើយដែលត្រូវបានចងក្រងសង្ខេប ដោយផ្អែកលើអ្វីដែលមនុស្សទូទៅកំពុងតែពិភាក្សាដេញដោលគ្នាពិតប្រាកដ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី Meta បានលួចលាក់ដាក់ឱ្យដំណើរការដោយស្ងាត់ៗកាលពីខែមុននូវ Forum ដែលជាកម្មវិធីបែប Reddit រួមមានផ្ទាំង (Tab) ផ្ទាល់ខ្លួនឈ្មោះថា «Ask» ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចោទសួរ និងទទួលបានចម្លើយដែលទាញចេញពីការពិភាក្សានានានៅក្នុង Facebook Groups។

ទាំង AI Mode និងផ្ទាំង Ask របស់ Forum សុទ្ធតែបង្កើតឱ្យមានជាសំណួរមួយថា តើចម្លើយដែលបង្កើតឡើងដោយផ្អែកលើការបង្ហោះជាសាធារណៈ និងការជជែកគ្នាក្នុងក្រុម (Group) មានភាពទុកចិត្ត (Reliable) កម្រិតណា? ដោយសារតែ AI នេះធ្វើការសង្ខេបមាតិកាចេញពីអ្នកប្រើប្រាស់ទូទៅប្រចាំថ្ងៃ មិនមែនចេញពីប្រភពដែលឆ្លងកាត់ការផ្ទៀងផ្ទាត់ច្បាស់លាស់ វាងាយនឹងមានហានិភ័យក្នុងការលេចធ្លាយព័ត៌មានដែលហួសសម័យ ឬខុសឆ្គង ដែលក្តីបារម្ភនេះក៏ធ្លាប់ត្រូវបានលើកឡើងរួចមកហើយចំពោះមុខងារ AI Mode របស់ Google ទៅលើកម្មវិធី Reddit។ ក្រៅពីការស្វែងរក Facebook ក៏បានបន្ថែមឧបករណ៍កាត់ត (Editing tools) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងកម្សាន្តជាមួយការកាត់រូបភាពតៗគ្នា (Collage cutouts) និងផលទិដ្ឋភាពនៃការផ្លាស់ប្តូរ (Transition effects) សម្រាប់វីដេអូកាត់ត (Video montages) របស់ពួកគេ។ មុខងារថ្មីមួយទៀត គឺការកំណត់ទម្រង់រូបថតជាមុនដោយថាមពល AI (AI-powered photo presets) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូររូបរាងរបស់ពួកគេជាមួយនឹងសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងបន្លាស់ផ្សេងៗ។

កាលពីដើមខែនេះ Facebook បានដាក់ឱ្យដំណើរការនូវជំនួយការ AI សម្រាប់អ្នកបង្កើតមាតិកា (Creators) ដែលផ្តល់នូវការណែនាំផ្ទាល់ខ្លួន រួមមានពេលវេលាដ៏ល្អបំផុតក្នុងការបង្ហោះ និងការសង្ខេបអំពីអ្វីដែលទស្សនិកជនកំពុងនិយាយនៅក្នុងប្រអប់បញ្ចេញមតិ (Comments) ដោយផ្អែកលើប្រវត្តិនៃមាតិកា និងលទ្ធផលនៃការដំណើរការរបស់ Creator ម្នាក់ៗ។ សរុបមក ការបញ្ចេញមុខងារថ្មីៗយ៉ាងគំហកនេះ បានបង្ហាញពីយុទ្ធសាស្ត្រកាន់តែទូលំទូលាយមួយថា Meta ចង់ឱ្យឧបករណ៍ AI របស់ Facebook ធ្វើឱ្យបណ្តាញសង្គមនេះកាន់តែមានភាពទាក់ទាញ និងមានប្រយោជន៍ជាងមុន ព្រមទាំងបង្កើនប្រភពចំណូលរបស់ខ្លួនឱ្យកាន់តែសម្បូរបែបផងដែរ។

ទន្ទឹមនឹងការដាក់ចេញនូវមុខងារទាំងនេះ ក្រុមហ៊ុនក៏ទើបតែបានដាក់ឱ្យដំណើរការនូវគម្រោងជាវប្រចាំជាសកល (Global subscription plans) សម្រាប់ Facebook, Instagram និង WhatsApp ដោយចាប់ផ្តើមពី 3.99ដុល្លារក្នុងមួយខែ ដើម្បីបើកដំណើរការមុខងារបន្ថែមផ្សេងៗទៀត ហើយបើតាមរបាយការណ៍ គម្រោងជាវប្រចាំដែលពាក់ព័ន្ធនឹង AI កាន់តែច្រើន ក៏កំពុងតែរៀបចំដាក់ឱ្យដំណើរការបន្តបន្ទាប់ទៀតផងដែរ៕