ទោះមានលុយវាល់លានក៏ Nvidia នៅតែខ្ចីបំណុលពីវិនិយោគិន ២៥ពាន់លានដុល្លារ

16-06-2026 11:30

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសនៅថ្ងៃចន្ទថា ខ្លួននឹងកៀរគរទុនចំនួន ២៥ ពាន់លានដុល្លារ តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម (Corporate Bonds) ឬអាចហៅងាយៗថា «ការខ្ចីបំណុលពីវិនិយោគិន» នៅក្នុងសហរដ្ឋអាមេរិក។ ការឈានជើងចូលទីផ្សារបំណុលសាជាថ្មីជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ នេះ គឺក្នុងគោលបំណងបង្កើនសាច់ប្រាក់ងាយស្រួល និងបង្កើតចំណុចរបារវាស់វែងនៃថ្លៃដើមឥណទានរបស់ខ្លួន។ ព័ត៌មាននេះបានធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះក្រុមហ៊ុនមិនសូវបានបង្ហើបឱ្យដឹងមុននោះទេ រហូតដំឡើងទំហំទឹកប្រាក់ខ្ចីពី ២០ ពាន់លានដុល្លារ ទៅ ២៥ ពាន់លានដុល្លារ វិញ បន្ទាប់ពីមានតម្រូវការជារួមពីអ្នកវិនិយោគហក់ឡើងដល់ទៅ ៨៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ទាក់ទិននឹងការប្រើប្រាស់ថវិកានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Nvidia បានថ្លែងថា៖ «ក្រុមហ៊ុនមានគោលបំណងប្រើប្រាស់ថវិកាដែលទទួលបានទាំងនេះ សម្រាប់គោលបំណងទូទៅរបស់សាជីវកម្ម រួមទាំងការសងត្រឡប់ និងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ (Refinancing) លើសញ្ញាបណ្ណសាជីវកម្មដែលមិនទាន់ទូទាត់»។ គួរជម្រាបថា គិតត្រឹមត្រីមាសបញ្ចប់ក្នុងខែមេសា ឆ្នាំ ២០២៦ នេះ Nvidia មានសាច់ប្រាក់នៅក្នុងដៃស្រាប់ចំនួន ១៣.២៤ ពាន់លានដុល្លាររួចទៅហើយ ប៉ុន្តែក្រុមហ៊ុនបានសម្រេចចិត្តកំណត់ទំហំនៃការខ្ចីត្រឹម ២៥ ពាន់លានដុល្លារនេះ ដើម្បីរក្សាគម្លាតឥណទាន (Credit Spreads) ឱ្យនៅទាប និងមានស្ថិរភាព។

បច្ចុប្បន្ន តម្រូវការបន្ទះឈីបរបស់ Nvidia ពីសំណាក់ក្រុមហ៊ុននានាដែលចង់បណ្តុះបណ្តាល និងដំណើរការគំរូ AI ទំនើបៗ កំពុងតែមានការកើនឡើងយ៉ាងខ្លាំងក្លាបំផុត។ ដើម្បីដើរឱ្យទាន់ការវិវត្តយ៉ាងរហ័សនៅក្នុងវិស័យបច្ចេកវិទ្យានេះ Nvidia បាននិងកំពុងវិនិយោគយ៉ាងខ្លាំងលើការបង្កើតខួរក្បាលដំណើរការ (Processors) ដ៏ទំនើប ដោយបញ្ចេញស្រឡាយបន្ទះឈីបថ្មីៗរៀងរាល់ឆ្នាំ។ ដំណឹងនៃការកៀរគរទុនដ៏ជោគជ័យនេះ បានរុញច្រានឱ្យតម្លៃភាគហ៊ុនរបស់ Nvidia បិទការជួញដូរកើនឡើង ៣.៣% នៅថ្ងៃចន្ទ ខណៈដែលធនាគារធំៗដូចជា Goldman Sachs, J.P. Morgan និង Morgan Stanley គឺជាអ្នករៀបចំការបោះផ្សាយលក់សញ្ញាបណ្ណនេះ៕