រដ្ឋាភិបាលឥណ្ឌាសម្រេចរឹតបន្តឹង Telegram ក្រោយរកឃើញករណីបោកប្រាស់បេក្ខជនប្រឡងពេទ្យ
16-06-2026 14:21
(បរទេស)៖ ក្រសួងអប់រំនៃប្រទេសឥណ្ឌា បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសឥណ្ឌាបានបិទ (Block) កម្មវិធីផ្ញើសារ Telegram រហូតដល់ថ្ងៃទី២២ ខែមិថុនា ដោយលើកឡើងថា បណ្តាញសង្គមមួយនេះត្រូវបានគេយកទៅប្រើប្រាស់ដើម្បី «បោកប្រាស់បេក្ខជន» ដែលត្រូវប្រឡងចូលរៀនថ្នាក់ជាតិផ្នែកវេជ្ជសាស្ត្រ (ប្រឡងពេទ្យ)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីថុនា ឆ្នាំ២០២៦។
រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួនកំពុងរឹតបន្តឹងការចូលទៅកាន់កម្មវិធី Telegram នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលមួយជាក់លាក់ និងមានកំណត់។ ការរឹតបន្តឹងនេះ ត្រូវបានអនុវត្តឡើងក្រោមបទប្បញ្ញត្តិដ៏តឹងរ៉ឹងនៃច្បាប់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (IT law) ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការបិទការចូលទៅកាន់គេហទំព័រអនឡាញនានា ដើម្បី «ផលប្រយោជន៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសឥណ្ឌា»។ កាលពីខែមុន រដ្ឋាភិបាលឥណ្ឌាបានលុបចោលការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រដ៏សំខាន់មួយ សម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រ ដែលគេស្គាល់ថាជា NEET (National Eligibility cum Entrance Test) បន្ទាប់ពីអាជ្ញាធរបានរកឃើញថា វិញ្ញាសាប្រឡងត្រូវបានលេចធ្លាយមុនពេលកំណត់។ ការលេចធ្លាយវិញ្ញាសានេះ បាននាំឲ្យមានការតវ៉ាជាបន្តបន្ទាប់ពីសំណាក់និស្សិតនៅតាមតំបន់ផ្សេងៗគ្នានៃប្រទេស រួមទាំងការធ្វើបាតុកម្មរាយប៉ាយពីគណបក្ស Cockroach Janta Party ដែលកំពុងល្បីខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដើម្បីទាមទារឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan ចុះចេញពីតំណែង។
ទីភ្នាក់ងារធ្វើតេស្តថ្នាក់ជាតិ (National Testing Agency) នៃក្រសួងអប់រំឥណ្ឌា បាននិយាយថា វិធានការលើកម្មវិធី Telegram នេះ ត្រូវបានធ្វើឡើង «ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ប្រព័ន្ធនេះជាលក្ខណៈរៀបចំទុកជាមុន ដោយក្រុមបន្លំការប្រឡង ដើម្បីបោកប្រាស់បេក្ខជនដែលត្រូវចូលរួមក្នុងការប្រឡងឡើងវិញនៃវិញ្ញាសា NEET ឆ្នាំ២០២៦ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ»។ យ៉ាងណាមិញ ជុំវិញករណីនេះខាងភាគី Telegram មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ កម្មវិធី Telegram នៅតែដំណើរការធម្មតានៅក្នុងប្រទេសឥណ្ឌា យ៉ាងហោចណាស់រហូតដល់ម៉ោង ០៦:៣០ នាទីព្រឹក (ម៉ោង GMT) កាលពីថ្ងៃអង្គារ។
គួរជម្រាបថា កម្មវិធី Telegram បានរីកដុះដាលយ៉ាងរហ័សនៅក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះគឺជាទីផ្សារដ៏ធំបំផុតរបស់ខ្លួនបើគិតតាមចំនួនទាញយក (Downloads) ទោះបីជាកម្មវិធី WhatsApp នៅតែជាប្រព័ន្ធផ្ញើសារឈានមុខគេក៏ដោយ។ កត្តានេះធ្វើឲ្យការរឹតបន្តឹងជាបណ្តោះអាសន្ននេះ ក្លាយជាអន្តរាគមន៍ដ៏កម្រ និងទ្រង់ទ្រាយធំ សម្រាប់សេវាកម្មមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយលើសពីវិស័យនយោបាយ និងព័ត៌មាន៕








