សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យ «ខ្មែរិកា» ដែលជាបណ្ណាល័យឌីជីថលភាសាបារាំងធំជាងគេ សម្រាប់ប្រទេសកម្ពុជា
16-06-2026 14:57
(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) មានសេចក្តីសោមនស្សរីករាយ និងសូមប្រកាសជូនសាធារណជន ឱ្យបានជ្រាបអំពីការដាក់ឱ្យដំណើរការ នូវមូលដ្ឋានទិន្នន័យ «ខ្មែរិកា» ដែលជាបណ្ណាល័យឌីជីថលភាសាបារាំងសម្រាប់ប្រទេសកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់សារមន្ទីរ ស.ស.រ. www.sosoro-khmerica.org ។
ខ្មែរិកា ផ្តល់លទ្ធភាពឱ្យសាធារណជនអាចចូលប្រើប្រាស់នូវបណ្ដុំឯកសារជាភាសាបារាំង រួមមាន សៀវភៅ ទស្សនាវដ្ដី កាសែត និងឯកសារប្រវត្តិសាស្រ្តយ៉ាងច្រើន សន្ធឹកសន្ធាប់ដែលទាក់ទងនឹងប្រទេសកម្ពុជា។ ឯកសារជាច្រើនដែលមាននៅក្នុង ខ្មែរិកា ជាឯកសារកម្រ និងមិនធ្លាប់បានបោះពុម្ពឡើងវិញឡើយ ហើយជាទូទៅក៏មិនមានវត្តមាន ក្នុងទម្រង់ឌីជីថលនៅកន្លែងផ្សេងទៀតដែរ។
លក្ខណៈពិសេសសំខាន់មួយរបស់ ខ្មែរិកា គឺមុខងារស្វែងរក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យក្នុងអត្ថបទនៃឯកសារឌីជីថលរាប់ពាន់ទំព័រ។ អ្នកស្រាវជ្រាវ និស្សិត អ្នកសារព័ត៌មាន និងសាធារណជនទូទៅ អាចស្វែងរកឈ្មោះ ទីកន្លែង ព្រឹត្តិការណ៍ ឬប្រធានបទដែលចាប់អារម្មណ៍នានាបានយ៉ាងឆាប់រហ័ស នៅក្នុងកម្រងឯកសារបោះពុម្ពផ្សាយ ជាច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យការស្រាវជ្រាវប្រវត្តិសាស្ត្រ សង្គម និងសេដ្ឋកិច្ច កាន់តែមានភាពងាយស្រួលជាងមុន។
គម្រោងនេះត្រូវបានអភិវឌ្ឍឡើងដំបូងឡើយក្រោមការគាំទ្រពីកិច្ចសហប្រតិបត្តិការបារាំង នៅក្នុង ឆ្នាំ ២០០៥ បន្ទាប់មកបន្តវេនដោយ លោក ហ្សង់ ហ្សាក ដូណារដ៍ អតីតប្រធានគម្រោងមូលនិធិសាមគ្គីភាពជាអាទិភាពដើម្បីលើកតម្កើងវិស័យសំណេរនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា FSP-VALEASE និងចុងក្រោយដោយអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ប៉ុន្តែ ខ្មែរិកា ត្រូវបានផ្អាកមិនអាចឱ្យសាធារណជនចូលប្រើប្រាស់បានឡើយនៅក្នុងឆ្នាំ ២០២០។
ចាប់តាំងពីឆ្នាំ ២០២៥ មក សារមន្ទីរ ស.ស.រ. នៃធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដើរតួនាទីក្នុងការអភិរក្ស បញ្ចូលទិន្នន័យបន្ថែម និងកែលម្អមូលដ្ឋានទិន្នន័យនេះឡើងវិញ ជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់បេតិកភណ្ឌឯកសាររបស់ប្រទេសកម្ពុជា។
កម្រងឯកសារដំបូងៗ ដែលបានបញ្ចូលនៅក្នុង ខ្មែរិកា រួមមាន សៀវភៅនិងទស្សនាវដ្តីជាភាសាបារាំងសំខាន់ៗ ជាង ២០ ចំណងជើង ដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក ក្នុងនោះរួមមានទស្សនាវដ្តី និងកាសែតដូចជា Cambodge d’aujourd’hui, Réalités cambodgiennes, Cambodge, Le Mékong, Cambodge Soir និង Cambodge Soir Hebdo ជាដើម។
មាតិកាបន្ថែមផ្សេងៗទៀតនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធជាបន្តបន្ទាប់នៅក្នុងឆ្នាំខាងមុខ។ លើសពីនេះ គេហទំព័រនេះក៏អាចនឹងពង្រីកវិសាលភាព ដោយរួមបញ្ចូលបន្ថែមនូវរូបថត ផែនទី បណ្ណប្រៃសណីយ៍ សម្ភារៈសោតទស្សន៍ និងធនធានឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។
តាមរយៈការដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធអនឡាញ នូវរាល់ការបោះពុម្ពផ្សាយ ដែលកម្រនិងពិបាកស្វែងរកទាំងនេះ ខ្មែរិកា មានគោលបំណងគាំទ្រដល់ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ការអប់រំ ការស្វែងយល់អំពីវប្បធម៌ និងការជម្រុញការចងចាំនៃបេតិកភណ្ឌឯកសាររបស់ប្រទេសកម្ពុជា។
សូមជម្រាបថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ដែលគេស្គាល់ជាទូទៅថា សារមន្ទីរ ស.ស.រ) ផ្ដោតលើការអប់រំសាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ប្រទេសកម្ពុជា តាមរយៈការលាយបញ្ចូលគ្នារវាងវត្ថុបុរាណនានា ជាមួយនឹងការរៀបចំតាំងបង្ហាញពិព័រណ៍ដោយប្រើបច្ចេកវិទ្យាទំនើប។
នៅក្នុងរយៈពេល ២ឆ្នាំកន្លងមក សារមន្ទីរបានទទួលភ្ញៀវឱ្យចូលទស្សនាប្រមាណជាង ១០០,០០០នាក់ ហើយសារមន្ទីរក៏បានទទួលពានរង្វាន់ TripAdvisor Travelers’ Choice Award ផងដែរ៕








