World Cup 2026៖ ទុយនេស៊ី ដកគ្រូបង្វឹកចេញពីតំណែង ក្រោយចាញ់ស៊ុយអែត ៥-១ បើកឆាក

16-06-2026 15:12

(បរទេស)៖ ទុយនេស៊ី បានបញ្ចប់តួនាទីគ្រូបង្វឹក លោក Sabri Lamouchi ភ្លាមៗតែម្តង ក្រោយបរាជ័យពី ១ប្រកួតបើកឆាករបស់ពួកគេនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមថ្វីជើងរបស់ស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមមកពីតំបន់អាហ្រ្វិកខាងលើនេះបានរងបរាជ័យ ១-៥ ក្រោមថ្វីជើងរបស់ស៊ុយអែត ប្រចាំពូល F នៅ World Cup ជំនាន់ទី២៣ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ (ម៉ោងនៅកម្ពុជា) ដែលធ្វើឱ្យពួកគេធ្លាក់ទៅក្បែរបាតតារាង និងជំពាក់គេ ៤គ្រាប់ទៀតផង។

បុរសវ័យ ៥៤ឆ្នាំ Lamouchi បានដឹកនាំទុយនេស៊ីឈ្នះតែ ១លើកគត់ ក្នុងចំណោម ៥ប្រកួតចុងក្រោយ ដែលនេះ ជាស្ថិតិមិនអាចទទួលយកបាន និងជាពិសេសបានចាញ់ស៊ុយអែតស្ពឹកមុខតែម្តង ក្នុងនាមក្រុមនៅអឺរ៉ុបមួយនេះ បានឡើងមកលេង World Cup 2026 ក្នុងនាមជាក្រុមជម្រុះថែមទៀត។

នេះជាលើកទី២ របស់ទុយនេស៊ី ដែលបានបញ្ចប់តួនាទីគ្រូបង្វឹកអំឡុងកម្មវិធីធំបែបនេះ ពោលគឺក្រោយពេលដកលោក Henryk Kasperczak ចេញពីតំណែងផងដែរកាល World Cup 1998 នៅបារាំង នៅពេលដឹកនាំលេង ២ប្រកួតដំបូង មិនឈ្នះសោះ។

លោក Herve Renard អតីតគ្រូបង្វឹកម៉ារ៉ុក និងអារ៉ាប៊ីសាអូឌីត ត្រូវបានតែងតាំងដឹកនាំទុយនេស៊ីរហូតដល់ចប់ World Cup 2026 ដែលត្រូវប្រឈមមុខនឹងជប៉ុន រួមទាំងហូឡង់ផងដែរ ស្ថិតក្នុងពូល F ជាមួយគ្នា៕