DeepSeek សម្រេចបានជោគជ័យកៀរគរទុន ៧.៤ពាន់លានដុល្លារ ក្រោមលក្ខខណ្ឌចម្លែកមិនធ្លាប់មាន
16-06-2026 15:36
(បរទេស)៖ សារព័ត៌មាន The Information បានរាយការណ៍នៅថ្ងៃអង្គារថា ក្រុមហ៊ុន Startup AI របស់ចិន DeepSeek បានបញ្ចប់ការកៀរគរទុនដំណាក់កាលដំបូងរបស់ខ្លួន បានយ៉ាងជោគជ័យនូវទឹកប្រាក់ជាង ៥០ ពាន់លានយ័ន (ប្រមាណ ៧.៤០ ពាន់លានដុល្លារ)។ ជោគជ័យនេះបានរុញច្រានឱ្យតម្លៃរបស់ក្រុមហ៊ុន (Valuation) ហក់ឡើងលើសពី ៥០ ពាន់លានដុល្លារភ្លាមៗ។ ទោះជាយ៉ាងណា ការរៃអង្គាសទុននេះបានប្រើប្រាស់រចនាសម្ព័ន្ធកិច្ចព្រមព្រៀងដ៏ប្លែកមួយ ក្នុងគោលបំណងរក្សាអំណាចគ្រប់គ្រងដាច់ខាតនៅក្នុងដៃរបស់ស្ថាបនិកក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា៖ «ការកៀរគរទុននេះតម្រូវឱ្យវិនិយោគិនដាក់ទុនរបស់ពួកគេទៅក្នុង "ភាពជាដៃគូមានកម្រិត" (Limited partnership) មួយ ដែលគ្រប់គ្រងដោយនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន DeepSeek គឺលោក Liang Wenfeng ជាជាងការវិនិយោគផ្ទាល់ទៅក្នុងក្រុមហ៊ុន DeepSeek តែម្តង»។ លើសពីនេះ ក្រុមអ្នកវិនិយោគទូទៅត្រូវស្ថិតក្រោមលក្ខខណ្ឌជាប់កាតព្វកិច្ចចាក់សោទុនរយៈពេល ៥ ឆ្នាំ (មិនអាចលក់ ឬផ្ទេរហ៊ុន) ហើយក៏គ្មានសិទ្ធិបោះឆ្នោតឡើយ លើកលែងតែ «មូលនិធិវិនិយោគឧស្សាហកម្មបញ្ញាសិប្បនិម្មិតជាតិរបស់ចិន» មួយគត់ ដែលបានវិនិយោគផ្ទាល់ និងរក្សាបានសិទ្ធិទាំងនេះ។
គួរជម្រាបថា នៅក្នុងយុទ្ធនាការកៀរគរទុននេះ លោក Liang Wenfeng ដែលជាស្ថាបនិក បានសម្រេចចិត្តដាក់ទុនផ្ទាល់ខ្លួនរបស់លោកចំនួន ២០ ពាន់លានយ័ន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent គ្រោងនឹងចូលរួម ១០ ពាន់លានយ័ន និងក្រុមហ៊ុនផលិតអាគុយខ្នាតយក្ស CATL គ្រោងចូលរួម ៥ ពាន់លានយ័ន ដែលធ្វើឱ្យពួកគេក្លាយជាវិនិយោគិនពីខាងក្រៅធំជាងគេបង្អស់។ គួររំលឹកថា DeepSeek បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញពេញពិភពលោក និងក្លាយជាជើងឯក AI របស់ចិន កាលពីដើមឆ្នាំមុន នៅពេលដែលម៉ូដែល AI ជំនាន់ V3 និង R1 របស់ខ្លួន ទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅ Silicon Valley និងបានធ្វើឱ្យសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាព AI របស់ប្រទេសចិន៕








