Microsoft ត្រូវម្ចាស់ភាគហ៊ុនប្ដឹងផ្អើលតុលាការ ក្រោយខាតបង់តម្លៃទីផ្សារ ៣៥៧ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយសារ AI

17-06-2026 08:34

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងប្រឈមមុខនឹងបណ្តឹងរួមគ្នាដ៏ធំមួយពីសំណាក់ក្រុមម្ចាស់ភាគហ៊ុន ដែលដឹកនាំដោយមូលនិធិសោធននិវត្តន៍រដ្ឋ Michigan សហរដ្ឋអាមេរិក។ ក្រុមអ្នកវិនិយោគបានចោទប្រកាន់ក្រុមហ៊ុនថា បានបោកប្រាស់ពួកគេ និងបំប៉ោងតម្លៃភាគហ៊ុន ដោយសារតែការលាក់បាំងព័ត៌មានស្តីពីការថយចុះនៃកំណើនអាជីវកម្មក្លោដ Azure (Azure Cloud) និងការលួចលាក់ជះលុយរាប់ពាន់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធ AI។ បណ្ដឹងនេះបានកើតឡើងបន្ទាប់ពីភាគហ៊ុន Microsoft បានដាំក្បាលចុះរហូតដល់ ១០% ក្នុងរយៈពេលតែមួយថ្ងៃកាលពីចុងខែមករា ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនរលាយបាត់អស់ប្រហែល ៣៥៧ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះ តំណាងក្រុមហ៊ុន Microsoft បានចេញមុខទាត់ចោលនៅថ្ងៃចន្ទដើមសប្តាហ៍ ដោយបញ្ជាក់ថាការទាមទារទាំងនេះគឺ «គ្មានមូលដ្ឋាន» ព្រមទាំងបានថ្លែងការពារខ្លួនថា៖ «Microsoft ឈរលើភាពស្មោះត្រង់នៃការថ្លែងការណ៍ជាសាធារណៈរបស់ខ្លួន ហើយនឹងការពារខ្លួនយ៉ាងស្វិតស្វាញនៅក្នុងតុលាការ»។ ទោះជាយ៉ាងណា ជនជាប់ចោទនៅក្នុងបណ្តឹងនេះ រួមមានទាំងមន្ត្រីជាន់ខ្ពស់បំផុតរបស់ក្រុមហ៊ុន គឺនាយកប្រតិបត្តិ (CEO) លោក Satya Nadella និងប្រធានផ្នែកហិរញ្ញវត្ថុ (CFO) លោកស្រី Amy Hood ផងដែរ។

យោងតាមឯកសារតុលាការ ក្រុមម្ចាស់ភាគហ៊ុនបានអះអាងថា Microsoft បានព្យាយាមបង្វែរថវិកាយ៉ាងសន្ធឹកសន្ធាប់ រហូតដល់ទៅ ៣៧.៥ ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវ AI និងការអភិវឌ្ឍ Chatbot Copilot របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយ Google Gemini និង OpenAI ChatGPT។ ការចំណាយដ៏ខ្ពស់ហួសការស្មាន និងការខ្វះខាតដែនកំណត់នៃសមត្ថភាពនេះហើយ ជាហេតុធ្វើឱ្យកំណើននៃអាជីវកម្មក្លោដ Azure មានការយឺតយ៉ាវជាងមុន។ យ៉ាងណាមិញ នៅក្នុងពិភពជំនួញ វាជារឿងធម្មតាទៅហើយដែលម្ចាស់ភាគហ៊ុនតែងតែដាក់ពាក្យប្ដឹងក្រុមហ៊ុន ជុំវិញការចោទប្រកាន់ពីបទបន្លំផ្នែកមូលបត្រ បន្ទាប់ពីតម្លៃភាគហ៊ុនបានធ្លាក់ចុះភ្លាមៗដោយមិនបានរំពឹងទុកបែបនេះ៕