Binance ប្រឈមនឹងការបាត់បង់សិទ្ធិប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុប
17-06-2026 09:46
(បរទេស)៖ ក្រុមហ៊ុន Binance ដែលជាផ្សារជួញដូរគ្រីបតូ (Crypto Exchange) ធំបំផុតនៅលើពិភពលោក ត្រូវបានរាយការណ៍មកថា អាចនឹងបាត់បង់សិទ្ធិក្នុងការផ្តល់សេវាកម្មដល់អតិថិជននៅក្នុងសហភាពអឺរ៉ុប (EU) ចាប់ពីខែក្រោយនេះតទៅ ដោយសារតែពាក្យសុំអាជ្ញាបណ្ណរបស់ខ្លួនហៀបនឹងត្រូវបដិសេធ។ នេះបើយោងតាមប្រភពពីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោមច្បាប់ថ្មីរបស់ EU ដែលហៅថា MiCA បានចែងថា ក្រុមហ៊ុនគ្រីបតូទាំងឡាយមានពេលរហូតដល់ចុងខែមិថុនា ដើម្បីទទួលបានអាជ្ញាបណ្ណ ដើម្បីអាចបន្តផ្តល់សេវាកម្មដល់អតិថិជននៅទូទាំងប្លុកអឺរ៉ុប។ ប្រភពដដែលបានឱ្យដឹងថា ពាក្យសុំរបស់ Binance ដែលបានដាក់ទៅកាន់ស្ថាប័នទីផ្សាររបស់ប្រទេសក្រិក គឺហៀបនឹងត្រូវច្រានចោលហើយ ព្រោះក្រុមអ្នកគ្រប់គ្រងបទប្បញ្ញត្តិអឺរ៉ុប បាននិងកំពុងព្យាយាមរឹតបន្តឹងលើផ្សារជួញដូរគ្រីបតូ។ នៅក្រោមច្បាប់ MiCA ក្រុមហ៊ុនគ្រីបតូត្រូវតែដាក់ពាក្យសុំអាជ្ញាបណ្ណពីស្ថាប័នគ្រប់គ្រងនៅក្នុងប្រទេសជាសមាជិក EU នីមួយៗ ដែលពួកគេអាចប្រើវាជា «លិខិតឆ្លងដែន» ដើម្បីធ្វើប្រតិបត្តិការនៅទូទាំងប្លុកដែលមាន ២៧ ប្រទេសនេះ។
អ្វីដែលជាចំណុចសំខាន់ គឺការត្រួតពិនិត្យលើឧស្សាហកម្មគ្រីបតូដែលមានតម្លៃរាប់លានលានដុល្លារ ដែលក្រុមអ្នកគ្រប់គ្រងបានព្រមានជាយូរមកហើយថា អាចធ្វើឱ្យទីផ្សារអស្ថិរភាព និងបង្កគ្រោះថ្នាក់ដល់វិនិយោគិន ប្រសិនបើមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ការបដិសេធពីសំណាក់ប្រទេសក្រិកមានន័យថា Binance នឹងមិនទទួលបានការអនុញ្ញាត ឱ្យដំណើរការនៅក្នុង EU ឡើយ ដែលធ្វើឱ្យជោគវាសនារបស់អតិថិជន Binance នៅក្នុងប្លុកនេះស្ថិតក្នុងភាពមិនច្បាស់លាស់។ បន្ទាប់ពីរបាយការណ៍របស់ Reuters ត្រូវបានចុះផ្សាយ ក្រុមហ៊ុន Binance បានបង្ហោះនៅលើបណ្តាញសង្គម X ថា ខ្លួនមានបំណង «គាំទ្រដល់ដំណើរការប្រកបដោយសណ្តាប់ធ្នាប់ និងកាត់បន្ថយការរំខានដល់អ្នកប្រើប្រាស់របស់យើងឱ្យនៅកម្រិតទាបបំផុត» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
អ្នកនាំពាក្យម្នាក់របស់ Binance ដែលមានអតិថិជន ៣០០លាននាក់ទូទាំងពិភពលោក មុននេះបាននិយាយថា ខ្លួនបាននិងកំពុងស្វែងរកអាជ្ញាបណ្ណ MiCA ហើយបានធ្វើការជាមួយក្រុមអ្នកគ្រប់គ្រងអស់រយៈពេល ១៨ខែមកហើយ។ Binance ជឿជាក់ថាខ្លួនបានបំពេញតាមតម្រូវការដើម្បីទទួលបានការអនុញ្ញាតពី MiCA។
គួរជម្រាបថា សហនាយកប្រតិបត្តិ (Co-CEO) របស់ Binance គឺលោក Richard Teng បាននិយាយកាលពីខែកុម្ភៈថា កម្លាំងពលកម្ម និងកម្រិតសុវត្ថិភាពរបស់ប្រទេសក្រិក បានផ្តល់អត្ថប្រយោជន៍ជាងមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗផ្សេងទៀត ក្នុងការជ្រើសរើសធ្វើជាទីស្នាក់ការគ្រប់គ្រងបទប្បញ្ញត្តិរបស់ខ្លួននៅអឺរ៉ុប។ ចំណែកឯស្ថាបនិករបស់ Binance និងជាអតីតនាយកប្រតិបត្តិ គឺលោក Changpeng Zhao (ដែលគេស្គាល់ថា CZ) ត្រូវបានលើកលែងទោសដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឆ្នាំមុន បន្ទាប់ពីលោកបានសារភាពកំហុសកាលពីមុន ចំពោះការរំលោភលើច្បាប់ប្រឆាំងការលាងលុយកខ្វក់របស់សហរដ្ឋអាមេរិក៕









