ប្រធានក្លិបអង្គរថាយហ្គឺរ ប្ដេជ្ញានាំអ្នកសៀមរាប ទៅចារប្រវត្តិសាស្ដ្រនៅពាន ACL2 នារដូវកាលថ្មី

17-06-2026 11:43

(ភ្នំពេញ)៖ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អាជីព អង្គរថាយហ្គឺរ បានប្ដេជ្ញានឹងនាំអ្នកសៀមរាប ចារប្រវត្តិសាស្ដ្រនៅលីគលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Challenge League Two (ACL2) នាឆ្នាំក្រោយ។

ការសន្យាលើសពីការប្រកួតប្រជែងក្នុងស្រុកនេះ បន្ទាប់ពីអង្គរថាយហ្គឺរ ត្រូវបានវាយតម្លៃ និងទទួលបានអាជ្ញាបណ្ណក្លិបអន្ដរជាតិ AFC Club License ដោយជោគជ័យសម្រាប់រដូវកាល ២០២៦-២៧ កាលពីថ្មីៗ ស្របពេលក្លិបអាចនឹងមានការរុះរើកីឡាករទ្រង់ទ្រាយធំ ដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួននៅរដូវកាលថ្មី។

ក្រោយទទួលបានជោគជ័យ ជាក្លិបតំណាងកម្ពុជាមួយ ក្នុងចំណោម ៥ក្លិប ដែលទទួលបានអាជ្ញាបណ្ណក្លិបអន្ដរជាតិខាងលើ ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ឆ្នាំក្រោយ យើងនឹងនាំអ្នកទាំងអស់គ្នាពីសៀមរាបទៅកាន់ ACL2។ តោះ! មកសរសេរប្រវត្តិសាស្ត្រជាមួយគ្នា»

នេះគឺជាការបង្ហាញនូវគោលដៅមួយដ៏ធំ សម្រាប់ក្លិបអង្គរថាយហ្គឺរ ហើយក៏ជាក្ដីស្រមៃរបស់បណ្ដាក្លិបនានា ទាំងក្នុង និងក្រៅប្រទេស។ ប៉ុន្ដែមានរឿងរ៉ាវជាច្រើនដែលក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគឆ្នាំចាស់នេះ ត្រូវខំប្រឹង និងសម្រេចឲ្យ បានជាងមុន ហើយអ្វីដែលត្រូវធ្វើឲ្យបានជាចម្បងនោះ គឺការប្រជែងចំណាត់ថ្នាក់ល្អ ស្របតាមការកំណត់កូតាថ្នាក់ជាតិ ដើម្បីបានទៅលេងពានអន្ដរជាតិ ក៏ដូចជាការរក្សាឲ្យបាននូវអាជ្ញាបណ្ណក្លិបអន្ដរជាតិជាដើម។

ក្រឡេកមកចាប់អារម្មណ៍ការត្រៀម Pre-Season សម្រាប់រដូវកាលថ្មី ក្រោយបញ្ចប់ការប្រកួតឆ្នាំ២០២៥/២៦ ជាង ១ខែកន្លងមក គេឃើញអង្គរថាយហ្គឺរ បាននឹងកំពុងរុះរើកីឡាករគួរឲ្យចាប់អារម្មណ៍ ពិសេសកីឡាករបរទេស ដោយបន្ដកិច្ចសន្យារក្សាទុកកីឡាករជប៉ុន Takuto Yasuoka ម្នាក់ប៉ុណ្ណោះ គ្រាដែល ៥រូបទៀត ត្រូវបានក្លិបប្រកាសចែកផ្លូវជាបន្ដបន្ទាប់ រួមមានកីឡាករហូឡង់ Guytho Mijland, កីឡាករប្រេស៊ីល Matheus Freitas, កីឡាករអាហ្សង់ទីន Aranda Facundo និងកីឡាករជប៉ុន ២រូប មាន Mark Kurita និង Takara Masutani។

ទន្ទឹមជាមួយគ្នា ក្លិបក៏បានចែកផ្លូវជាមួយកីឡាករក្នុងស្រុកជាច្រើនផងដែរដូចជា នី សុខរី, សារ៉ន សារី, ពៅ លោកាហ្សានណា និងអ្នកចាទី ទីន រ៉ាហ្សាក់ ជាដើម។ ចំណែកកីឡាករខ្មែរដែលត្រូវបានក្លិបបន្ដកិច្ចសន្យារក្សាទុក សុទ្ធសឹងជាអ្នកមានតួនាទីលេងច្រើន និងធ្វើបានល្អក្នុងរដូវកាលមុនដូចជា យូ បញ្ញា, អ៊ីម វ៉ាឃីម, ទាំ មករា, សុខគ្រី សុហ្វាន់, ហាន់ ទី, លី សូសៀ, បេត សំណាង, ចាន់វិបុល ដាវីឌ, គយ រនះសក្តា, ហ៊ត ឈិនជិន, មុត សត្យា, នូ ចេនមករា និងអ្នកចាំទីដៃទី១ យី ប៊ុនហេង។

ដោយឡែកពាក់ព័ន្ធការនាំចូលថ្មីមកទល់ពេលនេះ ក្លិបមិនទាន់ប្រកាសណាមួយឡើយ ក្រៅពីការនាំចូលគ្រូជំនួយសញ្ជាតិជប៉ុន-មិចស៊ិក Tetsuya Katsube ដែលកាន់អាជ្ញាបណ្ណបង្វឹក AFA Pro License ពីសមាគមបាល់ទាត់អាហ្សង់ទីន និង JFA B License ពីសមាគមបាល់ទាត់ជប៉ុន។ ប៉ុន្ដែផ្អែកលើស្ថានភាពក្រុមបច្ចុប្បន្ន ច្បាស់ណាស់គេរំពឹងថា អង្គរថាយហ្គឺរត្រៀមនឹងនាំចូលកីឡាករល្អៗបន្ថែមទៀត ពិសេសកីឡាករបរទេស ដើម្បីប្រកួតប្រជែង និងឆ្ពោះទៅសម្រេចគោលដៅចង់បង្ហាញខ្លួននៅលីគទី២ ទ្វីបអាស៊ីនារដូវកាលក្រោយ៕