ក្រុមហ៊ុនយក្ស Amazon អាចប្រឈមនឹងបណ្ដឹងធំមួយទៀត ជុំវិញការ «លាក់បាំងតម្លៃផ្សាយពាណិជ្ជកម្ម»

17-06-2026 13:30

(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្ស Amazon អាចនឹងត្រូវប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់ និងការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក (FTC)។ តាមការរាយការណ៍របស់សារព័ត៌មាន Bloomberg News ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា Amazon បានភូតកកុហក និងលាក់បាំងព័ត៌មានមិនស្មោះត្រង់ជាមួយក្រុមអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ការស៊ើបអង្កេតនេះ ត្រូវបានដឹកនាំដោយផ្នែកការពារអ្នកប្រើប្រាស់របស់ FTC និងមានការចូលរួមពីរដ្ឋអាជ្ញាមកពីបណ្តារដ្ឋមួយចំនួនទៀត ដោយផ្តោតសំខាន់ទៅលើការពិនិត្យថា តើក្រុមហ៊ុន Amazon និងក្រុមហ៊ុន Google របស់ Alphabet បានបង្ហាញលក្ខខណ្ឌ និងតម្លៃសម្រាប់ការផ្សាយពាណិជ្ជកម្មបានត្រឹមត្រូវដែរឬទេ។ ក្នុងនោះ អាជ្ញាធរកំពុងជីកកកាយរកការពិតជុំវិញប្រព័ន្ធដេញថ្លៃផ្សាយពាណិជ្ជកម្ម និងការលាក់បាំង "តម្លៃបម្រុងទុក" (Reserve pricing) ដែលជាតម្លៃទាបបំផុតដែលអ្នកចង់ផ្សាយពាណិជ្ជកម្មត្រូវតែបង់ជាដាច់ខាត ទើបអាចទិញផ្ទាំងផ្សាយពាណិជ្ជកម្មបាន។

ប្រភពដដែលបានបង្ហើបថា FTC អាចនឹងបិទបញ្ចប់សំណុំរឿងស៊ើបអង្កេតនេះ តាមរយៈការដាក់ពាក្យបណ្តឹង ឬការព្រមព្រៀងសម្រុះសម្រួលណាមួយ យ៉ាងឆាប់បំផុតនៅក្នុងរដូវក្តៅនេះ។ យ៉ាងណាមិញ ខាងស្ថាប័ន FTC បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ខណៈពេលដែលក្រុមហ៊ុន Amazon ក៏មិនទាន់បានឆ្លើយតបភ្លាមៗដែរ នៅពេលដែល Reuters ទាក់ទងទៅសុំការបំភ្លឺ។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះមានរឿងអាស្រូវជាមួយច្បាប់ ព្រោះកាលពីខែកញ្ញាកន្លងទៅ Amazon ទើបតែបានយល់ព្រមបង់ប្រាក់ពិន័យ និងសំណងក្នុងទឹកប្រាក់មហាសាលរហូតដល់ទៅ ២,៥ ពាន់លានដុល្លារ ទៅឱ្យសមាជិក Prime របស់ខ្លួន ដើម្បីបញ្ចប់រឿងក្តីដែល FTC បានចោទប្រកាន់ថា ខ្លួនបានបោកប្រាស់អតិថិជន ដើម្បីកោរយកលុយនិងបង្កើនចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាកម្ម៕