Mohebi កីឡាករអ៉ីរ៉ង់ ឆ្លើយតបទៅនឹងការអបអរបែបបាញ់កាំភ្លើង ដែលប្រឈមទណ្ឌកម្ម FIFA
17-06-2026 14:37
(បរទេស)៖ ខ្សែបម្រើ Mohammad Mohebi បានបដិសេធចំពោះមតិរិះគន់ដែលថា រូបលោកអាចនឹងប្រឈមទណ្ឌកម្មពីសហព័ន្ធ FIFA តាមរយៈការធ្វើកាយវិការអបអរតាមបែបបាញ់កាំភ្លើង ក្រោយលោកស៊ុតបាន ១គ្រាប់នៅ World Cup 2026 ទល់នឹងណូវែលហ្សេឡង់កាលពីម្សិលមិញ។
ពីគេហទំព័រ The Mirror បានបានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប FC Rostov នៃប្រទេសរុស្ស៊ីនោះ បានធ្វើកាយវិការអបអរតាមរបៀបបាញ់កាំភ្លើងទៅលើអាកាស ស្របពេលអ៉ីរ៉ង់កំពុងមានសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិកមិនទាន់បានបញ្ចប់នៅឡើយ ដែលសកម្មភាពអបអរគ្រាប់បាល់នេះ វាខុសច្បាប់របស់ FIFA ដែលបានចែង។
Mohebi ជាអ្នករកបានគ្រាប់តាមស្មើ ២-២ នៅពេលអ៉ីរ៉ង់បានវាយបកតាមស្មើជាមួយក្រុមមកពីតំបន់អូសេអានី ណូវែលហ្សេឡង់ទាំង ២លើកក្នុងនាទី៦៤ ដើម្បីសង្រ្គោះ ១ពិន្ទុត្រឡប់មកវិញពីក្នុងពូល G ដែលបានធ្វើឡើងនៅកីឡដ្ឋាន SoFi ស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ភ្លាមៗនោះដែរ Mohebi បានចេញមកបញ្ជាក់ពីកាយវិការអបអរនោះថា «ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ អ៉ីរ៉ង់ទាំងអស់ ដែលបានមកទស្សនាដល់ទីលានស្ថិតក្នុងទីក្រុង Los Angeles ដែលបង្កបរិយាកាសកាន់តែស្វិតស្វាញខ្លាំងឡើង។ ការអបអរនោះវាចេញពីឆន្ទៈរបស់ខ្ញុំ។ វាគ្រាន់តែជាអបអរតាមបែបធម្មតាទៅកាន់អ្នកគាំទ្រទេ ពុំស្ថិតក្នុងន័យផ្សេងឡើយ»។
គួររំលឹកផងថា ការអបអរតាមបែបបាញ់កាំភ្លើងនេះដែរ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani ដែលបានកំពុងលេងឱ្យក្លិប Boca Junior របស់អាហ្សង់ទីនបច្ចុប្បន្ន ក៏ធ្លាប់ធ្វើបែបនេះដែរទាំងលេងក្នុងក្លិប និងជម្រើសជាតិ ដោយពុំមានរងទណ្ឌកម្មអ្វីទេ និងក្រោយមកបានផ្លាស់ប្តូររបៀបអបអរវិញទៀតផង៕






