មិនត្រឹមតែពីរោះបែបកម្សត់! បទថ្មី «សៀមរាបឃ្លាតស្នេហ៍» របស់ ខេមរៈ សិរីមន្ត កំពុងជួយផ្សព្វផ្សាយទេសចរណ៍ដ៏អស្ចារ្យប្រចាំខេត្តសៀមរាប

17-06-2026 15:30

(ភ្នំពេញ)៖ សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ និងវប្បធម៌ដ៏ល្បីល្បាញប្រចាំខេត្តសៀមរាប ត្រូវបានរំលេចឡើងយ៉ាងស្រស់ត្រកាល នៅក្នុងវីដេអូចម្រៀងផ្លូវការ (Official MV) បទ «សៀមរាបឃ្លាតស្នេហ៍» របស់តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ដែលកំពុងតែអង្រួនបេះដូងអ្នកស្តាប់ និងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន។ អ្វីដែលកាន់តែពិសេស និងទាក់ទាញខ្លាំងថែមទៀតនោះ គឺការចូលរួមសម្តែងយ៉ាងសមសួន ពីសំណាក់សិល្បការិនីដ៏មានសមត្ថភាព គឺកញ្ញា នី មុនីនាថ ដែលធ្វើឱ្យសាច់រឿងមនោសញ្ចេតនាយ៉ាងកម្សត់នេះ កាន់តែចាក់ដោត និងអង្រួនចិត្តទស្សនិកជនទ្វេដង។

តាមរយៈការរៀបចំសាច់រឿងយ៉ាងសម្រិតសម្រាំង និងការសម្តែងដ៏រស់រវើក បទចម្រៀងនេះបាននាំអារម្មណ៍ទស្សនិកជន ឱ្យគយគន់តំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងទីសក្ការៈបូជាល្បីៗជាច្រើន។ ក្នុងនោះមានការបង្ហាញពីភាពស្កឹមស្កៃ នៃប្រាសាទអង្គរតូច និងអង្គរធំ រួមជាមួយនឹងសម្រស់ស្រះស្រង់នាពេលព្រះអាទិត្យ រះចាំងចែងយ៉ាងស្រស់ត្រកាល។ ក្រៅពីនេះ វីដេអូចម្រៀងក៏បានរំលេចពីទិដ្ឋភាពជំនឿ និងវប្បធម៌ តាមរយៈសកម្មភាពបន់ស្រន់ និងធ្វើបុណ្យដាក់ទាននៅចំពោះមុខព្រះអង្គចេកព្រះអង្គចម ព្រមទាំងសោភ័ណភាពដ៏ស្រទន់ នៃមាត់ស្ទឹងខេត្តសៀមរាបផងដែរ។

ការបញ្ចូលផ្ទាំងទស្សនីយភាពតំបន់ទេសចរណ៍ទាំងនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញ និងលើកកម្ពស់ចរន្តភ្ញៀវទេសចរឱ្យមកកម្សាន្ត នៅលើទឹកដីខេត្តសៀមរាបកាន់តែច្រើនឡើង។

គួរបញ្ជាក់ផងដែរថា បទចម្រៀងនេះជាការដឹកនាំសម្តែងរបស់ Dr.JONATHAN និងនិពន្ធទំនុកច្រៀងដោយលោក សយ សិរីវុឌ្ឍ។ លោកអ្នកអាចចូលរួមទស្សនាវីដេអូពេញនៅលើឆានែល YouTube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra៕

https://youtu.be/19dsEK0jVjw?si=L4vWCCAADPk2h_Uv