ស្ថាបនិក Telegram ចេញមុខរិះគន់ចំៗថា ឥណ្ឌាកំពុង «ដាក់ទណ្ឌកម្ម» មនុស្សជាង ១៥០លាននាក់
17-06-2026 16:30
(បរទេស)៖ លោក Pavel Durov ស្ថាបនិកកម្មវិធីផ្ញើសារ Telegram បានចេញមុខនិយាយចំៗនៅថ្ងៃអង្គារសប្តាហ៍នេះថា ការបិទកម្មវិធី Telegram ជាបណ្តោះអាសន្ននៅក្នុងប្រទេស ប្រៀបបាននឹងអាជ្ញាធរឥណ្ឌាកំពុង «ដាក់ទណ្ឌកម្ម» ដល់អ្នកប្រើប្រាស់ទូទៅជាង ១៥០លាននាក់នៅក្នុងប្រទេសឥណ្ឌាដូច្នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីថុនា ឆ្នាំ២០២៦។
លោក Durov បានសង្កត់ធ្ងន់ថា វិធានការហាមឃាត់នេះ មិនអាចទប់ស្កាត់អ្វីបានឡើយ ហើយការលេចធ្លាយព័ត៌មាន ឬទិន្នន័យនានា «គ្រាន់តែប្តូរទៅកាន់កម្មវិធីផ្សេងទៀត» តែប៉ុណ្ណោះ។ ការសម្រេចចិត្តបិទកម្មវិធី Telegram ជាបណ្តោះអាសន្ននេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាអះអាងថា កម្មវិធី Telegram ត្រូវបានគេយកទៅប្រើប្រាស់ក្នុងគោលបំណងបោកប្រាស់បេក្ខជនប្រឡងចូលរៀនថ្នាក់វេជ្ជសាស្ត្រថ្នាក់ជាតិ។
គួររំលឹកផងដែរថា ការប្រឡងនេះបានរងការវាយប្រហាររួចទៅហើយ ដោយសារតែពាក្យបណ្តឹងជុំវិញការលេចធ្លាយវិញ្ញាសាកាលពីខែមុន ដែលបណ្តាលឱ្យលទ្ធផលប្រឡងរបស់បេក្ខជនរាប់លាននាក់ត្រូវលុបចោល។ បញ្ហារវាងរដ្ឋាភិបាលឥណ្ឌា និងស្ថាបនិក Telegram នេះ បានស្តែងឱ្យឃើញពីការប្រឈមមុខគ្នារវាងការរឹតបន្តឹងសន្តិសុខជាតិ និងផលប៉ះពាល់ដល់អ្នកប្រើប្រាស់បច្ចេកវិទ្យារាប់លាននាក់ ដែលកំពុងក្លាយជាប្រធានបទក្តៅក្នុងតំបន់អាស៊ីខាងត្បូង៕







