តេជោលីគ ជុំទី២ ចាប់ផ្ដើមចុងសប្ដាហ៍នេះ ខណៈ វឿន វាសនា ត្រឡប់មកជួយវិសាខា វិញ

18-06-2026 09:23

(ភ្នំពេញ)៖ ការប្រកួតបាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាលទី៣ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមជុំទី២ នៅថ្ងៃទី១៩ ខែមិថុនាស្អែកនេះ ខណៈអ្នកគាំទ្រកំពុងចាប់អារម្មណ៍ បន្ទាប់ពីក្លិបមួយចំនួនបាននាំចូលកីឡាករខ្លាំងៗមកពង្រឹងក្រុម ពិសេសវិសាខា ដែលទើបស្វាគមន៍ការវិលត្រឡប់របស់កីឡាករឆ្នើម វឿន វាសនា។

វត្តមានរបស់កីឡាករ វឿន វាសនា ជាមួយក្លិបចាស់នៅតេជោលីគរដូវកាលនេះ គេរំពឹងថា មិនត្រឹមជួយឲ្យវិសាខា មានការប្រកួតប្រជែងកាន់តែខ្លាំងនោះទេ តែក៏ជាការទាក់ទាញទស្សនិកជនផងដែរ បន្ទាប់ពីសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចេញទៅប្រកបអាជីពច្រើនឆ្នាំជាមួយក្លិប Win-Streak នៅតៃវ៉ាន់។

ក្រៅពី វឿន វាសនា វិសាខាក៏បាននាំចូលកីឡាករបរទេស ២រូប ដែលមានប្រវត្តិមិនធម្មតាមកជួយក្រុមនៅជុំទី២ ផងដែរ ដើម្បីប្រជែងជើងឯកជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀត ពិសេសម្ចាស់ការពារជើងឯកបញ្ជាការដ្ឋានអង្គរក្ស ដែលធ្វើបានយ៉ាងល្អកាលពីជុំទី១ ក្នុងនោះមានកីឡាករអាមេរិក Kevin Kobrine និងកីឡាករប្រេស៊ីល Renan Michelucci Moralez។

ស្របពេលក្រុមជើងឯករងឆ្នាំចាស់ ខំប្រឹងពង្រឹងក្រុមកាន់តែខ្លាំង ក្រឡេកទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស ក៏បាននាំចូលកីឡាករឥណ្ឌូនេស៊ីម្នាក់ទៀតមកជួយក្រុម បន្ថែមលើកីឡាករ Luvi, Aveng និង Fahrit គឺកីឡាករ Dimas Saputra។ ការនាំចូលសមាជិកថ្មីនេះ បានបញ្ជាក់យ៉ាងច្បាស់ពីមហិច្ឆតារបស់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីប្រជែងជើងឯកតេជោលីគ ជាលើកទី៣។

ក្រៅពីក្រុមខ្លាំងទាំងពីរ ចំពោះបេក្ខភាព ៤ក្រុមផ្សេងទៀត ក៏បាននឹងកំពុងសម្រួចក្រុមរៀងៗខ្លួន តួយ៉ាងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបាននាំចូលកីឡាករបរទេសថ្មីៗ។ ការណ៍នេះគេរំពឹងការប្រកួតជុំទី២ នៃព្រឹត្តិការណ៍បាល់ទះដ៏ធំ តេជោលីគ នឹងកាន់តែកក្រើកខ្លាំង បើធៀបនឹងជុំទី១។ រីឯបេក្ខភាព ៣ក្រុមទៀត គឺមានក្រុមសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង។

សម្រាប់ការប្រកួតជុំទី២ ក្រុមនីមួយៗត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ដោយចាប់ផ្ដើមរាប់ពិន្ទុសារជាថ្មី បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតខ្វែងគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ១ ជួបក្រុមលេខ៤ និងក្រុមលេខ២ ជួបក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ប្រកួតកាត់សេចក្ដីរកក្រុមជើងឯកនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕