Xbox គ្រោងបិទស្ទូឌីយោហ្គេមល្បីៗជាច្រើន ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ

18-06-2026 09:39

(បរទេស)៖ ពិភពហ្គេមរង្គោះរង្គើជាថ្មី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ស្ទូឌីយោផលិតហ្គេមល្បីៗជាច្រើនរបស់ Xbox កំពុងប្រឈមមុខនឹងហានិភ័យនៃការបិទរំសាយចោល។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍហ្គេមលំដាប់ពានរង្វាន់ដូចជា Compulsion Games (អ្នកបង្កើតហ្គេម South of Midnight), Double Fine និង Ninja Theory (អ្នកបង្កើតហ្គេម Hellblade) សុទ្ធតែកំពុងស្ថិតក្នុងដំណាក់កាលចរចាយ៉ាងតានតឹងជាមួយ Microsoft ដើម្បី «ព្យាយាមដកដង្ហើមរស់បន្ត» ប៉ុន្តែវាហាក់ដូចជាមិនទាន់គ្រប់គ្រាន់ដើម្បីគេចផុតពីការបិទទ្វារនោះឡើយ។

ព័ត៌មាននេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្ទូឌីយោ Ninja Theory ទើបតែបានប្រកាសគម្រោងហ្គេមថ្មីៗរបស់ខ្លួន ដែលធ្វើឱ្យមហាជនបារម្ភថា គម្រោងហ្គេមទាំងនោះអាចនឹងត្រូវរលាយសូន្យ។ បច្ចុប្បន្ន Xbox កំពុងស្ថិតក្នុងដំណាក់កាល «កំណត់ឡើងវិញ» (Reset) និងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញយ៉ាងគំហុក ដោយមានផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ (CEO) ថ្មី គឺលោកស្រី Asha Sharma។

ស្របពេលជាមួយគ្នានេះ ផ្ទៃក្នុងរបស់ Xbox ក៏មានការប្រែប្រួលថ្នាក់ដឹកនាំយ៉ាងខ្លាំង ដោយប្រធានស្ទូឌីយោ Xbox Game Studios លោក Craig Duncan និងប្រធានក្រុមការងារ លោកស្រី Louise O'Connor បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន បន្ទាប់ពីបម្រើការងារអស់រយៈពេល ១៥ឆ្នាំ និង ២៧ឆ្នាំរៀងៗខ្លួន។ ផ្អែកលើស្ថានភាពដ៏ក្ដៅគគុកនេះ ក្រុមអ្នកជំនាញ និងអ្នកលេងហ្គេមទូទាំងពិភពលោក កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការផ្លាស់ប្តូរដ៏ធំនេះនឹងរុញច្រានអនាគតរបស់ Xbox ទៅជាយ៉ាងណា?