រង្គើផ្ទៃក្នុងក្រុមហ៊ុន Meta! ប្រធានផលិតផលកែទម្រង់ការងារដោយប្រើ AI ប្រកាសលាលែងពីតំណែង ក្រោយកាន់ការងារបានត្រឹម ២ខែ

18-06-2026 10:49

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក Meta (ក្រុមហ៊ុនមេរបស់ Facebook) កំពុងជួបប្រទះនឹងភាពមិនស្ថិតស្ថេរផ្នែករចនាសម្ព័ន្ធដឹកនាំសាជាថ្មី បន្ទាប់ពីលោកស្រី Emily Dalton Smith ដែលជាប្រធានផ្នែកផលិតផលសម្រាប់ការផ្លាស់ប្តូរទម្រង់ការងារដោយប្រើប្រាស់ប្រព័ន្ធ AI (Head of Product for 'AI for Work' Transformation) បានប្រកាសលាលែងពីតំណែងជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយផ្តាច់មុខពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ការដើរចេញភ្លាមៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរង្វង់ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដោយសារតែលោកស្រី ទើបតែត្រូវបានតែងតាំងឱ្យកាន់តំណែងដ៏ក្តៅគគុកមួយនេះ បានត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ ពោលគឺកាលពីខែមេសាកន្លងទៅ។

លោកស្រី Emily Dalton Smith គឺជាបុគ្គលិកជើងចាស់ម្នាក់ដែលបានរួមរស់ជាមួយ Meta តាំងពីឆ្នាំ២០១៥ និងធ្លាប់មានស្នាដៃលេចធ្លោជាច្រើន ក្នុងនោះរួមមានការដឹកនាំបង្កើតកម្មវិធី Threads (កម្មវិធីប្រកួតប្រជែងជាមួយ X/Twitter) ផងដែរ។ នៅក្នុងតំណែងចុងក្រោយ លោកស្រីត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំក្រុមការងារពិសេសមួយឈ្មោះថា Agent Transformation Accelerator (ATA) ដែលផ្តោតលើការបង្កើត AI Agents (ភ្នាក់ងារឆ្លាតវៃធ្វើការងារស្វ័យប្រវត្តិកាត់បន្ថយហត្ថលេខាមនុស្ស) និងគ្រប់គ្រងកម្មវិធី "Metamate" ដែលជាជំនួយការ AI ផ្ទៃក្នុងសម្រាប់បុគ្គលិក Meta ប្រើប្រាស់។

ទោះបីជាសាមីខ្លួន និងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta មិនទាន់ចេញមុខបញ្ជាក់ជាផ្លូវការអំពីមូលហេតុច្បាស់លាស់នៃការលាលែងពីតំណែងនេះក៏ដោយ ប៉ុន្តែប្រភពផ្ទៃក្នុងពីបុគ្គលិកបានទម្លាយថា បរិយាកាសការងារនៅក្នុងក្រុមហ៊ុនកំពុងមានភាពតានតឹងខ្លាំង។ ភាពរកាំរកូសនេះ កើតឡើងបន្ទាប់ពីលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ខំបញ្ចូលយុទ្ធសាស្ត្រ AI ទៅក្នុងប្រព័ន្ធការងារយ៉ាងគំហុក រហូតមានការដាក់ដំឡើងកម្មវិធីតាមដានសកម្មភាពកុំព្យូទ័រ និងចលនា Mouse របស់បុគ្គលិក ដើម្បីប្រមូលទិន្នន័យយកទៅបង្វឹក (Train) ប្រព័ន្ធ AI។ ចំណាត់ការនេះ បានធ្វើឱ្យបុគ្គលិកជាច្រើនមិនពេញចិត្ត ដោយសារពួកគេយល់ថា ក្រុមហ៊ុនកំពុងបង្ខំឱ្យពួកគេជួយបង្កើតបច្ចេកវិទ្យាមកដណ្តើម និងជំនួសកន្លែងការងាររបស់ខ្លួនឯងនាពេលអនាគត។

គួររំលឹកផងដែរថា ដើម្បីមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការចាក់លុយប្រកួតប្រជែងលើសមរភូមិ AI ជាមួយក្រុមហ៊ុនគូប្រជែងដូចជា Nvidia និង Google ក្រុមហ៊ុន Meta បានសម្រេចចិត្តជម្រុះបុគ្គលិកប្រមាណ ១០% (ប្រហែល ៨,០០០នាក់) ព្រមទាំងបានបង្វែរកម្លាំងពលកម្មបុគ្គលិកជិត ៧,០០០នាក់ផ្សេងទៀត ឱ្យមកផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា AI វិញ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគហិរញ្ញវត្ថុបានកត់សម្គាល់ថា បើទោះបីជាមានការប្រែប្រួលរចនាសម្ព័ន្ធដឹកនាំផ្ទៃក្នុងក្តី ប៉ុន្តែគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Meta នៅតែរឹងមាំខ្លាំងនៅក្នុងទីផ្សារ។ ក្រោយការប្រកាសលាលែងពីតំណែងនេះ លោកស្រី Emily Dalton Smith បានបញ្ជាក់ថា លោកស្រីនឹងនៅបន្តជួយការងារមួយរយៈពេលខ្លីអន្តរកាលជាមួយលោក Andrew Bosworth ដែលជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ Meta ដើម្បីផ្ទេរការងារទៅឱ្យអ្នកបន្តវេនថ្មី ប្រកបដោយរលូន៕