ដូណាល់ ត្រាំ ប្រកាសថា ក្រុមហ៊ុន Apple យល់ព្រមសហការជាមួយ Intel ដើម្បីផលិតបន្ទះឈីបនៅក្នុងទឹកដីអាមេរិក

18-06-2026 12:49

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានព្រមព្រៀងសហការជាមួយក្រុមហ៊ុន Intel ក្នុងការរចនា និងផលិតបន្ទះឈីប នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកដោយបញ្ជាក់ថា៖ «ក្រុមហ៊ុន Apple បានយល់ព្រមធ្វើការជាមួយ Intel ដើម្បីរចនា និងបង្កើតបន្ទះឈីបរបស់ខ្លួននៅក្នុងប្រទេសអាមេរិក»។ ការប្រកាសនេះ ធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ្តាលសម្រេច និងនាំយកខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាកំពូលៗត្រឡប់មកកាន់ទឹកដីអាមេរិកវិញ។

បើតាមប្រភពព័ត៌មានពីសារព័ត៌មាន Wall Street Journal បានទម្លាយឱ្យដឹងមុននេះថា ក្រុមហ៊ុន Intel និង Apple បានចរចាគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយបានឈានដល់កិច្ចព្រមព្រៀងបឋម កាលពីដើមខែឧសភាកន្លងទៅ ក្នុងការផលិតបន្ទះឈីបសម្រាប់ឧបករណ៍របស់ Apple។

បច្ចុប្បន្ន ក្រុមហ៊ុន Apple ពឹងផ្អែកស្ទើរតែទាំងស្រុងលើក្រុមហ៊ុន TSMC របស់តៃវ៉ាន់ សម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន (ដូចជាឈីបសម្រាប់ iPhone និង Mac)។ ទោះជាយ៉ាងណា ដោយសារតម្រូវការឈីបផ្នែកបញ្ញាសិប្បនិម្មិត (AI) មានការកើនឡើងខ្លាំងពីក្រុមហ៊ុនយក្សដទៃទៀតដូចជា Nvidia និង AMD បានធ្វើឱ្យសមត្ថភាពផលិតរបស់ TSMC មានភាពតានតឹង ដែលជាហេតុរុញច្រានឱ្យ Apple ត្រូវស្វែងរកដៃគូផលិតថ្មីដើម្បីបង្កើនសុវត្ថិភាព និងការបត់បែននៃប្រភពផ្គត់ផ្គង់របស់ខ្លួន។

សម្រាប់ក្រុមហ៊ុន Intel វិញ កិច្ចសហការជាមួយ Apple នេះត្រូវបានអ្នកវិភាគមើលឃើញថា ជាឱកាសមាសដ៏សំខាន់បំផុតមួយ សម្រាប់រោងចក្រផលិតឈីបរបស់ខ្លួន។ កន្លងមក Intel ធ្លាប់បានដើរថយក្រោយគូប្រជែងដូចជា TSMC និង Samsung ក្នុងការអភិវឌ្ឍសមត្ថភាពផលិតឈីបកម្រិតខ្ពស់ ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានដាក់ Intel ជាស្នូលនៃយុទ្ធសាស្ត្រស្តារការផលិតឈីបក្នុងស្រុកឡើងវិញ។ ជាងនេះទៅទៀត លោក ត្រាំ ក៏បានបង្ហើបផងដែរថា ទុនវិនិយោគរបស់រដ្ឋាភិបាលអាមេរិកចំនួន ១០% នៅក្នុងក្រុមហ៊ុន Intel បានកើនតម្លៃរហូតដល់ ៦០ ពាន់លានដុល្លារហើយ គិតចាប់តាំងពីការចូលទិញកាលពីដើមឆ្នាំនេះ។

គួរបញ្ជាក់ថា ក្រៅពីកិច្ចព្រមព្រៀងជាមួយ Apple ក្រុមហ៊ុន Intel ក៏បាននិងកំពុងពង្រីកសម្ព័ន្ធភាពផលិតកម្មជាមួយក្រុមហ៊ុន Nvidia និងគម្រោង TerraFab របស់លោក Elon Musk ផងដែរ ដោយប្រើប្រាស់បច្ចេកវិទ្យាផលិតឈីបកម្រិតខ្ពស់បំផុតចុងក្រោយរបស់ខ្លួនគឺ 18A-P ដើម្បីដណ្តើមទីផ្សារមកវិញ៕