លោក Noam Shazeer មេធំ Gemini សម្រេចចិត្តចាកចេញ ពី Google ទៅចូលរួមជាមួយគូប្រជែង OpenAI
18-06-2026 14:56
(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ដណ្តើមយកកំពូលអ្នកបច្ចេកវិទ្យាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតប្រចាំឆ្នាំ២០២៦ លោក Noam Shazeer អនុប្រធានផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Google និងជាសហប្រធានដឹកនាំអភិវឌ្ឍន៍ប្រព័ន្ធ AI «Gemini» បានប្រកាសលាលែងពីតំណែងជាផ្លូវការ ដើម្បីទៅចូលរួមជាមួយក្រុមហ៊ុនគូប្រជែងគឺ OpenAI (អ្នកបង្កើត ChatGPT)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
លោក Noam Shazeer បានប្រកាសពីការសម្រេចចិត្តដ៏ធំនេះនៅលើបណ្តាញសង្គម X (Twitter) ថា៖ «ខ្ញុំមានក្តីរំភើបក្នុងការចែករំលែកថា ខ្ញុំនឹងចូលរួមជាមួយ OpenAI ហើយទន្ទឹងរង់ចាំធ្វើការជាមួយក្រុមការងារដ៏វិសេសវិសាលនៅទីនោះ។ វាគឺជាការសម្រេចចិត្តដ៏លំបាកមួយក្នុងការដើរចេញ... ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមការងារដ៏អស្ចារ្យនៅ Google និងអ្វីៗគ្រប់យ៉ាងដែលយើងបានកសាងរួមគ្នា»។
ការដើរចេញរបស់លោក Noam Shazeer ត្រូវបានអ្នកវិភាគឧស្សាហកម្មបច្ចេកវិទ្យាចាត់ទុកថាជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត» មកលើមហិច្ឆតា AI របស់ Google។ មូលហេតុគឺដោយសារតែ កាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុន Google ធ្លាប់បានចំណាយទុនយ៉ាងសន្ធឹកសន្ធាប់រហូតដល់ទៅ ២,៧ ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចព្រមព្រៀងទិញអាជ្ញាបណ្ណបច្ចេកវិទ្យាពីក្រុមហ៊ុនគម្រោងដើម Character.AI របស់លោក ក្នុងគោលបំណងធំតែមួយគត់គឺ «ទិញយកខ្លួនលោក Noam ឱ្យត្រឡប់មកជួយដឹកនាំពង្រឹងសមត្ថភាពឈីប និងប្រព័ន្ធ Gemini របស់ Google ឡើងវិញ»។ ការចាកចេញក្នុងរយៈពេលមិនដល់ ១៨ ខែផងនេះ ស្មើនឹងការធ្វើឱ្យខាតបង់ដើមទុនដ៏មហាសាលរបស់ Google។
លោក Noam Shazeer មិនមែនជាវិស្វករធម្មតានោះទេ ប៉ុន្តែលោកត្រូវបានគេស្គាល់ថាជា «ព្រឹទ្ធាចារ្យ ឬស្ថាបនិកម្នាក់នៃ AI សម័យទំនើប»។ លោកគឺជាសហអ្នកនិពន្ធម្នាក់នៃឯកសារស្រាវជ្រាវជាប្រវត្តិសាស្ត្រឆ្នាំ២០១៧ ដែលមានចំណងជើងថា «Attention Is All You Need» ដែលបានណែនាំពីបច្ចេកវិទ្យា «Transformer Architecture»។ បច្ចេកវិទ្យានេះហើយគឺជា «ប្លង់គ្រឹះមេ» នៃប្រព័ន្ធ AI ស្ទើរតែទាំងអស់នៅលើពិភពលោកនាពេលបច្ចុប្បន្ន រាប់ចាប់តាំងពីស៊េរី GPT របស់ OpenAI រហូតដល់ Gemini របស់ Google។ នៅក្នុងកំឡុងពេលកាន់តំណែងជាមេធំ Gemini លោក Noam ត្រូវបានគេទទួលស្គាល់ថាជាតួអង្គគន្លឹះដែលជួយបង្រួញគម្លាតសមត្ថភាពរវាង Gemini ឱ្យមកដេញទាន់ ChatGPT។
ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះ លោក Sam Altman នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន OpenAI បានចេញមុខស្វាគមន៍យ៉ាងកក់ក្តៅនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ថា លោកបានទន្ទឹងរង់ចាំឱកាសធ្វើការងារជាមួយលោក Noam តាំងពីថ្ងៃចាប់ផ្តើមបង្កើត OpenAI ដំបូងបង្អស់មកម្ល៉េះ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពី «សង្គ្រាមដណ្តើមធនធានមនុស្ស» យ៉ាងស្រួចស្រាល់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សលើលោក (រវាង OpenAI, Google, Anthropic, និង Meta) ដែលបច្ចុប្បន្ន កំពូលអ្នកស្រាវជ្រាវ AI ឆ្នើមៗអាចទទួលបានកញ្ចប់ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រហូតដល់រាប់លានដុល្លារក្នុងមួយឆ្នាំៗ៕







