អបអរសាទរ! «Pizza Hut» សម្ពោធសាខាដំបូងនៅក្រុងព្រះសីហនុ ជាមួយការរចនាបែបទំនើប និងមានចែកគូប៉ុងភីហ្សាហ្វ្រីៗ ១០០គូប៉ុង
19-06-2026 10:18
(ព្រះសីហនុ)៖ ក្រុមហ៊ុន ភីហ្សា ហាត់ កម្ពុជា បានប្រកាសជាផ្លូវការអំពីការបើកសម្ពោធភោជនីដ្ឋាន នៅមាត់សមុទ្រដំបូងបង្អស់របស់ខ្លួនគឺ ភីហ្សា ហាត់ ក្រុងព្រះសីហនុ (Pizza Hut Preah Sihanoukville)។ ការពង្រីកវិសាលភាពដ៏សំខាន់នេះ គឺបាននាំមកនូវរសជាតិកម្រិតពិភពលោក មកកាន់បេះដូងនៃប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរ ដែលជាជំហានថ្មីមួយក្នុងការរួមចំណែក ដល់ការរីកចម្រើននៃវិស័យធុរកិច្ច និងបដិសណ្ឋារកិច្ចក្នុងខេត្តព្រះសីហនុ។
នៅក្នុងពិធីកាត់ខ្សែបូរសម្ពោធ ភីហ្សា ហាត់ ក្រុងព្រះសីហនុ នេះក៏ត្រូវផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដោយលោក Steen Puggaard, លោក ម៉ាង ស៊ីណេត, លោក Jesse McCaul (ប្រធានស្ថាប័ន Invest Cambodia), លោកស្រី ធីណា (អ្នកចាត់ការទូទៅនៃភោជនីយដ្ឋាន PH Restaurant) និងលោក Adam។ ហើយកម្មវិធីទាំងមូលក៏បានញ៉ាំងឱ្យកាន់តែ មានភាពអធិកអធមតាមរយៈទស្សនីយភាពរបាំប្រពៃណីខ្មែរ និងការសម្តែងដ៏រស់រវើកពីក្រុម OMG។
អ្វីដែលកាន់តែពិសេសនោះ សាខាថ្មីស្រឡាងនេះត្រូវបានរចនាឡើង យ៉ាងសម្រិតសម្រាំងបំផុត ដោយការរចនានេះ គឺមានភាពខុសប្លែកពីហាងអាហារទូទៅ តាមរយៈការផ្តោតសំខាន់លើការតុបតែង ប្រកបដោយភាពរស់រវើកស្រស់ស្អាត ទាក់ទាញ និងស៊ីវិល័យ។ ដែលសាខាថ្មីនេះ គឺមានបរិយាកាសដ៏វិសេសវិសាល ព្រោះមានទីតាំងក្បែរឆ្នេរបង្កើតឡើង យ៉ាងល្អឥតខ្ចោះសម្រាប់ការជួបជុំ ក្រុមគ្រួសារ មិត្តភភ្តិក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោក Steen Puggaard នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Luis T Collection បានមានប្រសាសន៍យ៉ាងរំភើបថា «ថ្ងៃនេះយើងកំពុងអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ ខ្ញុំសូមចែករំលែកបន្តិចអំពីក្រុមហ៊ុនដែល Pizza Hut Cambodia ស្ថិតនៅក្រោមការគ្រប់គ្រង គឺ Getz Group។ ក្រុមហ៊ុនរបស់យើងមានប្រវត្តិយូរអង្វែង ដោយបានបង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពី ១៧៥ ឆ្នាំមុន ក្នុងឆ្នាំ ១៨៥២ ដោយបងប្អូន Getz ពីរនាក់។ បើកសម្ពោធ Pizza Hut សាខាទី១២ នៅកម្ពុជានាថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលអាចនិយាយបានថា ចំណែកចំណូលរបស់ផ្នែកនេះនៅក្នុងក្រុមហ៊ុនសកលរបស់យើង បានកើនឡើងបន្តិចទៀតហើយ។ យើងបានជ្រើសរើសខេត្តព្រះសីហនុ ព្រោះទីក្រុងនេះត្រូវបានគេស្គាល់ថា តារានៃទិសនិរតី»។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីចំណាប់អារម្មណ៍ថា ការបើកសម្ពោធហាង Pizza Hut នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតដែលបង្ហាញពីទំនុកចិត្ត របស់អ្នកវិនិយោគលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ជាពិសេសឆ្លុះបញ្ចាំងពីទំនុកចិត្ត លើស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ម៉ាង ស៊ីណេត ថ្លែងថា «ក្នុងឱកាសនេះខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ Pizza Hut ក្នុងការបើកដំណើរការជាផ្លូវការនេះ។ ការវិនិយោគនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងសេដ្ឋកិច្ចខេត្ត តាមរយៈការផ្តល់សេវាកម្មម្ហូបអាហារដែលមានគុណភាព សុវត្ថិភាព និងឈ្ងុយឆ្ងាញ់ជូនដល់អតិថិជន។ លើសពីនេះ វាក៏បានបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីជាមូលដ្ឋានគ្រឹះឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
គួរបញ្ជាក់ថា ដើម្បីអបអរសាទរវត្តមានសាខាថ្មីនេះ ភីហ្សា ហាត់ នឹងក្នុងកម្មវិធី «ការចែកភីហ្សាឥតគិតថ្លៃចំនួន ១០០នំ» រួមទាំងការលេងហ្គេម បង្វិលកង់ផ្សងសំណាង (Spin-the-Wheel) ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ឈ្នះរង្វាន់ ជាច្រើនត្រឡប់ទៅផ្ទះវិញ។ ទីតាំង៖ ហាង ភីហ្សា ហាត់ ក្រុងព្រះសីហនុ (មើលប្លង់ទីតាំងនៅលើផែនទី Google Maps)៕










