ហេតុអ្វីបានជា Apple បង្ខំចិត្តប្តូរខ្សែច្រវាក់ផលិតកម្មឈីបមកអាមេរិក តាមការចង់បានរបស់លោក ត្រាំ?
19-06-2026 12:10
(បរទេស)៖ ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ជុំវិញកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុន Apple ជួលរោងចក្រ Intel ផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក បានលាតត្រដាងនូវយុទ្ធសាស្ត្រផ្លាស់ប្តូរមុខមាត់ថ្មីនៃសង្គ្រាមបច្ចេកវិទ្យាពិភពលោក។ ទោះបីជាមើលទៅដូចជាការធ្វើតាមសម្ពាធនយោបាយ ប៉ុន្តែអ្នកវិភាគបានកត់សម្គាល់ថា នេះគឺជាការគណនាយ៉ាងល្អិតល្អន់របស់ Apple ដើម្បីដោះស្រាយវិបត្តិធំៗចំនួន ៣៖
ទី១. វិបត្តិដណ្តើមម៉ាស៊ីនផលិតឈីប៖ កន្លងមក Apple គឺជាអតិថិជនធំជាងគេរបស់ក្រុមហ៊ុន TSMC (តៃវ៉ាន់)។ ប៉ុន្តែបច្ចុប្បន្ន រលកនៃការរីកចម្រើនបច្ចេកវិទ្យា AI បានធ្វើឱ្យក្រុមហ៊ុនយក្សដទៃទៀតដូចជា Nvidia និង AMD សម្រុកទៅបញ្ជាទិញ និងដណ្តើមសមត្ថភាពផលិតនៅ TSMC យ៉ាងខ្លាំងក្លា រហូតធ្វើឱ្យ Apple ជួបវិបត្តិខ្វះខាតឈីប (A19 Pro) សម្រាប់ផ្គត់ផ្គង់ទូរស័ព្ទ iPhone 17 ស៊េរីថ្មី។ ការរត់មករក Intel គឺជាការស្វែងរក «រោងចក្រទី២» ដើម្បីធានាប្រភពផ្គត់ផ្គង់។
ទី២. ហានិភ័យភូមិសាស្ត្រនយោបាយ និងវាសនាកោះតៃវ៉ាន់៖ ការពឹងផ្អែកលើកោះតៃវ៉ាន់តែមួយគត់ គឺជាចំណុចខ្សោយដ៏គ្រោះថ្នាក់បំផុតសម្រាប់ Apple ក្នុងកាលៈទេសៈដែលស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់មានភាពមិនប្រាកដប្រជា។ ការបង្វែរផលិតកម្មមួយផ្នែកមកសហរដ្ឋអាមេរិក គឺជា «ការទិញធានារ៉ាប់រងអាយុជីវិត» ការពារកុំឱ្យខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនត្រូវកាត់ផ្ដាច់ បើសិនជាមានជម្លោះយោធាណាមួយកើតឡើងនៅអាស៊ី។
ទី៣. សម្ពាធពន្ធដារ និងទុនជាតិនិយមរបស់លោក ត្រាំ៖ លោក ដូណាល់ ត្រាំ បានប្រើប្រាស់យុទ្ធសាស្ត្រគំរាមដំឡើងពន្ធដារយ៉ាងធ្ងន់ធ្ងរលើទំនិញផលិតនៅក្រៅប្រទេស។ ផ្ទុយទៅវិញ រដ្ឋបាលរបស់លោកបានចាក់លុយទិញភាគហ៊ុនរហូតដល់ ១០% នៅក្នុងក្រុមហ៊ុន Intel (តម្លៃប្រមាណ ៦០ ពាន់លានដុល្លារ) និងបានរុញច្រានបច្ចេកវិទ្យាផលិតឈីបជំនាន់ថ្មី (18A-P) របស់ Intel ឱ្យមានស្តង់ដារខ្ពស់។ លោក ត្រាំ បានដើរតួជាអ្នកបង្ខំឱ្យក្រុមហ៊ុនអាមេរិកដូចជា Apple, Nvidia និង Elon Musk ត្រូវតែមកជួល Intel ផលិត ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។
ជាសេចក្តីសន្និដ្ឋាន កិច្ចសហការនេះគឺជាផលប្រយោជន៍រវាងគ្នា និងគ្នា (Win-Win)។ លោក ត្រាំ ទទួលបានស្នាដៃនយោបាយយកការងារមកដីអាមេរិកវិញ, Intel ទទួលបានអតិថិជនមាសដើម្បីរស់រានមានជីវិត, ឯក្រុមហ៊ុន Apple ទទួលបានប្រភពផ្គត់ផ្គង់ឈីបដែលមានសុវត្ថិភាពខ្ពស់នៅក្នុងស្រុក និងរួចផុតពីការគំរាមកំហែងរឿងពន្ធដារពីរដ្ឋាភិបាលអាមេរិក ក្រោមគម្រោងបោះទុនពង្រឹងការផលិតក្នុងស្រុកទំហំ ៦០០ ពាន់លានដុល្លាររបស់ខ្លួន៕










