ក្រុមហ៊ុន Amazon ចាប់ផ្តើមស៊ើបអង្កេតលើវិស្វកររបស់ខ្លួន ក្រោយហ៊ានរិះគន់ការចំណាយពង្រីកប្រព័ន្ធ AI យ៉ាងគំហុក

19-06-2026 14:44

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon កំពុងតែបើកការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើក្រុមកំពូលវិស្វកររបស់ខ្លួន បន្ទាប់ពីពួកគេបានចេញមុខរិះគន់ការពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI យ៉ាងគំហុក និងបានអំពាវនាវឱ្យមានការរឹតបន្តឹងច្បាប់ពីខាងរដ្ឋាភិបាល។ ក្រុមបុគ្គលិកទាំងនោះបានសម្តែងការមិនពេញចិត្ត និងបានរិះគន់ការចំណាយលុយរាប់ពាន់លានដុល្លារលើវិស័យនេះថាជា «ការបង្កើតប្រព័ន្ធ AI ឡើងដោយមិនខ្វល់ពីតម្លៃដែលត្រូវបង់ (all-costs-justified AI build out)» ខណៈមហាជនទូទៅក៏កំពុងបារម្ភពីផលប៉ះពាល់បរិស្ថាននៃមជ្ឈមណ្ឌលទាំងនេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

យោងតាមពាក្យបណ្តឹងដែលដាក់ជូនការិយាល័យសិទ្ធិស៊ីវិលក្រុង Seattle បានឱ្យដឹងថា បុគ្គលិកមួយចំនួនត្រូវបានតំណាងផ្នែកធនធានមនុស្ស (HR) ព្រមានថាការស៊ើបអង្កេតនេះអាចឈានទៅដល់ការអនុវត្តវិន័យ ឬអាចធ្ងន់ធ្ងររហូតដល់ការបញ្ឈប់ពីការងារ។ មេធាវីតំណាងឱ្យក្រុមបុគ្គលិកបានបញ្ជាក់ថា ការសាកសួររបស់ Amazon បានធ្វើឱ្យពួកគេមានអារម្មណ៍ថា «ត្រូវបានគំរាមកំហែង និងមិនច្បាស់លាស់ចំពោះអនាគតការងាររបស់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ លោក Darius Irani ដែលជាបុគ្គលិកម្នាក់ក្នុងចំណោមនោះ បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្វីដែលខ្ញុំបានធ្វើ គឺគ្រាន់តែផ្តល់សក្ខីកម្មប៉ុណ្ណោះ ព្រោះខ្ញុំជឿជាក់ថា វាជារឿងសំខាន់បំផុតដែលរដ្ឋាភិបាលត្រូវគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធ AI»

ផ្ទុយទៅវិញ អ្នកនាំពាក្យក្រុមហ៊ុន Amazon អ្នកស្រី Margaret Callahan បានបដិសេធចំពោះការចោទប្រកាន់រឿងគំរាមបញ្ឈប់ពីការងារនេះ ដោយលើកឡើងថា ក្រុមហ៊ុនគ្រាន់តែពិនិត្យមើលថាតើបុគ្គលិកទាំងនោះបានរំលោភបំពានលើគោលការណ៍ផ្ទៃក្នុងដែរឬទេ ព្រោះពួកគេហាក់ដូចជាកំពុងនិយាយ «ក្នុងនាមជាបុគ្គលិករបស់ Amazon និងមិនមែនក្នុងនាមជាប្រជាពលរដ្ឋឯកជនឡើយ» ដោយមិនបានឆ្លងកាត់ការអនុញ្ញាតត្រឹមត្រូវ។

គួរបញ្ជាក់ថា ជម្លោះផ្ទៃក្នុងនេះបានកើតឡើងស្របពេលដែល Amazon គ្រោងចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០ពាន់លានដុល្លារនៅឆ្នាំនេះលើហេដ្ឋារចនាសម្ព័ន្ធ AI ប៉ុន្តែផ្ទុយទៅវិញ បែរជាបានកាត់បន្ថយបុគ្គលិកសាជីវកម្មអស់រហូតដល់ទៅ ៣០,០០០នាក់ ចាប់តាំងពីខែតុលាមក ដែលជាយុទ្ធសាស្ត្រមួយធ្វើឱ្យបុគ្គលិកផ្ទៃក្នុងសម្តែងការមិនពេញចិត្តជាខ្លាំង៕