សាលាអន្តរជាតិគ្រីនហ្វៀល ប្រារព្ធពិធីបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ ព្រមទាំងប្រកាសបើកទទួលពាក្យកម្មវិធី Summer School និងឆ្នាំសិក្សាថ្មី ២០២៦-២០២៧
19-06-2026 14:59
(ភ្នំពេញ)៖ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) បានរៀបចំ «ពិធីបញ្ចប់ឆ្នាំសិក្សា និងប្រគល់ប័ណ្ណសរសើរ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦» ប្រកបដោយបរិយាកាសដ៏សោមនស្សរីករាយ ឱឡារិក និងមោទនភាពជាទីបំផុត។ កម្មវិធីសិរីមង្គលនៅក្នុងឆ្នាំសិក្សានេះ មានលក្ខណៈពិសេសប្លែក និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់មហាគ្រួសារគ្រីនហ្វៀលទាំងមូល ដោយសារនេះជាឆ្នាំដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រសាលា ដែលមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានមកជួបជុំគ្នា អបអរសាទរ និងបង្ហាញពីការរីកចម្រើនរួមគ្នាក្នុងនាមជាគ្រួសារតែមួយ។
ក្នុងឱកាសដ៏រំភើបនេះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាល បានសម្តែងនូវក្តីរំភើបយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសិក្សាដ៏គួរឱ្យកោតសរសើររបស់បុត្រធីតាគ្រប់រូប និងបន្តបោះជំហានទៅកាន់ដំណាក់កាលថ្មីនៃជីវិតប្រកបដោយភាពជឿជាក់ និងជោគជ័យ។
នៅក្នុងពិធីនោះផងដែរ លោក Joseph Horowitz នាយករងសាលាអន្តរជាតិគ្រីនហ្វៀល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវមោទនភាពចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់សាលា។ លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបាននៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ គឺមិនអាចខ្វះបានឡើយនូវការលះបង់ និងការខិតខំរបស់សិស្សានុសិស្ស ភាពច្នៃប្រដិត្ឋរបស់លោកគ្រូអ្នកគ្រូ និងជាពិសេសគឺការផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតាគ្រប់រូប។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក លី ចាន់ណារិទ្ធ (Mr. John) នាយកសាលាអន្តរជាតិគ្រីនហ្វៀល បានគូសបញ្ជាក់ពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សាលាថា៖ «ដើម្បីបង្កើតអ្វីមួយឡើងមក គឺជាភាពប្រឈមទៅហើយ ប៉ុន្តែការធ្វើឱ្យវាលូតលាស់ និងរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព និងភាពរឹងមាំ គឺជារឿងដែលទាមទារការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ នៅគ្រីនហ្វៀល យើងមិនផ្តោតត្រឹមតែលើលទ្ធផលសិក្សាតែមួយមុខនោះទេ ប៉ុន្តែបេសកកម្មស្នូលរបស់យើងគឺការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន «គំនិតសកល បេះដូងខ្មែរ»។ យើងបំពាក់បំប៉នពួកគេនូវចំណេះដឹងស្ទាត់ជំនាញ ភាពជាអ្នកដឹកនាំ គុណតម្លៃសីលធម៌ និងទំនួលខុសត្រូវក្នុងសង្គម ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ»។
លោកនាយកសាលាបានបន្តទៀតថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សាលានឹងបន្តលើកកម្ពស់គុណភាពអប់រំស្តង់ដារអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មកម្មវិធីសិក្សាដ៏សម្បូរបែប ដូចជាកម្មវិធី Cambridge Global Perspectives និងកម្មវិធីអភិវឌ្ឍបុគ្គលិកលក្ខណៈ iChoose Leadership ដើម្បីជម្រុញឱ្យសិស្សានុសិស្សមាន ការគិតបែបត្រិះរិះពិចារណា និងមានការលូតលាស់ខាងបញ្ញាស្មារតីគ្រប់ជ្រុងជ្រោយ។ លើសពីនេះ សាលាក៏កំពុងបំពេញលក្ខខណ្ឌយ៉ាងសកម្ម ដើម្បីទទួលបានការទទួលស្គាល់ និងវិញ្ញាបនបត្រជាផ្លូវការពីស្ថាប័នអន្តរជាតិ ដែលធានាថារាល់ការបង្រៀន និងការរៀន គឺស្ថិតនៅក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គាំទ្រ និងការពារតាមស្តង់ដារលំដាប់ពិភពលោក។
ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលាក៏បានប្រកាសបើកកម្មវិធីសិក្សាវិសមកាល (Summer School Program) ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ដោយមានរយៈពេល ៥ សប្តាហ៍ពេញ។ កម្មវិធីនេះនឹងផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបន្តសិក្សាស្រាវជ្រាវ អភិវឌ្ឍជំនាញទំនាក់ទំនង បង្កើនទំនុកចិត្តលើខ្លួនឯង និងចូលរួមក្នុងសកម្មភាពច្នៃប្រឌិតជាច្រើន។
ទន្ទឹមនឹងនេះ ការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក៏កំពុងបើកទទួលពាក្យយ៉ាងសកម្មផងដែរ។ សាលាអន្តរជាតិគ្រីនហ្វៀល សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សថ្មី និងគ្រប់គ្រួសារទាំងអស់ ដែលមានបំណងចង់ចូលរួមជាមួយសហគមន៍សិក្សារបស់យើង ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់។ សាលាមានផ្តល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ «ទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំឡើងទៅ» ដោយមានកម្មវិធីសិក្សាចម្រុះ រួមមានកម្មវិធីសិក្សាថ្នាក់ជាតិ កម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជ (Cambridge International Programme) និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីបន្ថែមជាច្រើនទៀតដូចជា ហែលទឹក តន្ត្រី កុំព្យូទ័រ គូរគំនូរ កីឡា សួនដាំដំណាំ បន្ទប់ពិសោធន៍ និងបណ្ណាល័យធំទូលាយ។
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមទាក់ទង៖
* សាខាឫស្សីកែវ៖ អាសយដ្ឋាន ផ្ទះលេខ ៩៨៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទ៖ ០៨៩ ៧៧៧ ១៣៨ / ០៩៨ ៧៧៧ ១៣៨
* សាខាមានជ័យ៖ អាសយដ្ឋាន ផ្ទះលេខ ១៣៧B ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទូរស័ព្ទ៖ ០៩៩ ៧៧៧ ១៣៨ / ០៨៧ ៧៧៧ ១៣៨៕






















