ទូទាត់វិក្កយបត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈធនាគារ «ខេប៊ីប្រាសាក់» ដោយឥតគិតថ្លៃសេវា

19-06-2026 16:48

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យប្រើប្រាស់ សេវាទូទាត់វិក្កយបត្ររបស់ក្រសួង ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមិនគិតកម្រៃសេវាសម្រាប់អតិថិជន។

តាមរយៈកិច្ចសហការនេះ អតិថិជនជាឯកត្តជន និងក្រុមហ៊ុន អាចធ្វើការបង់ថ្លៃសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី KB PRASAC Mobile, KB PRASAC Corporate ឬនៅសាខាធនាគារ ខេប៊ីប្រាសាក់ ណាមួយទូទាំងប្រទេស។ ការទូទាត់ត្រូវបានដំណើរការភ្លាមៗ ដែលផ្តល់នូវបទពិសោធន៍ប្រកបដោយភាពរលូន សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់ប្រព័ន្ធទូទាត់ ដែលមិនប្រើសាច់ប្រាក់នៅកម្ពុជា។

សេវាបង់ប្រាក់នេះ អាចធ្វើឡើងសម្រាប់សេវារដ្ឋបាលជាច្រើនរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ការស្នើសុំលិខិតអនុញ្ញាតធ្វើការបន្ថែមម៉ោង ធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ និងថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ការព្យួរកិច្ចសន្យាការងារ ការចុះបញ្ជិកា និងផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិត ការចុះបញ្ជិកាសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ហ្វឹកហ្វឺនកូនជាង កម្មសិក្សា សេវាទាក់ទងនឹងទិដ្ឋាការការងារ និងសេវារដ្ឋបាលការងារផ្សេងៗទៀត។

ធនាគារ ខេប៊ី ប្រាសាក់ នៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើនភាពងាយស្រួលជូនអតិថិជន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ប្រកបដោយនវានុវត្តន៍ ខណៈពេលដែលគាំទ្រដល់គំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/en/personal/self-banking/bill-payments/mlvt-bill-payment/ ឬទាក់ទងមកផ្នែកបម្រើសេវាអតិថិជន ធនាគារ ខេប៊ីប្រាសាក់ តាមរយៈលេខ ០៨៦ ៩៩៩ ៩១១ ឬ ០២៣ ៩៩៩ ៩១១៕