ធនាគារ ហត្ថា បរិច្ចាគកុំព្យូទ័រ ១០០គ្រឿង ដល់វិទ្យាល័យចំនួន៥ នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ
19-06-2026 19:12
(ក្រចេះ)៖ លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងក្រុមការងារនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកកុំព្យូទ័រចំនួន ១០០គ្រឿង បរិច្ចាគជូនដល់វិទ្យាល័យចំនួន០៥ នៅខេត្តមណ្ឌលគីរី និង ខេត្តក្រចេះ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និង បុគ្គលិកធនាគារ ហត្ថា អាជ្ញាធរ លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
វិទ្យាល័យទាំង ០៥ នោះរួមមាន៖ វិទ្យាល័យ ហ៊ុនសែនស្នួល ទទួលបាន ១៥គ្រឿង, វិទ្យាល័យ ហ៊ុនសែនកែវសីមា ទទួលបាន ២៥គ្រឿង, វិទ្យាល័យ អូររាំង ទទួលបាន ២០គ្រឿង, វិទ្យាល័យ ជ្រោះប៊ូស្រា ទទួលបាន ២០គ្រឿង និងវិទ្យាល័យ ហ៊ុនសែន មណ្ឌលគីរី ទទួលបាន ២០គ្រឿង។
ការបរិច្ចាគនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវ និងរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាជួយសម្រួលដល់លោកគ្រូ-អ្នកគ្រូ ក្នុងការរៀបចំកិច្ចការបង្រៀនផងដែរ។ ទន្ទឹមនឹងនេះធនាគារ ហត្ថា ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍មួយចំនួនដល់លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្សផងដែរ។
លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ហត្ថាមានប្រសាសន៍ថា យើងពិតជាមានសេចក្តីរំភើបចំពោះគំនិតផ្តួចផ្តើមនេះ ដែលកើតចេញពីការតាំងចិត្តរបស់ ធនាគារ ហត្ថា ក្នុងគោលបំណងបង្កើតឱកាសសិក្សាសម្រាប់យុវជន និងសិស្សានុសិស្ស ទទួលបានចំណេះដឹងផ្នែកបចេ្ចកវិទ្យាកាន់តែទូលំទូលាយ និង សម្រាប់សិក្សាស្រាវជ្រាវផ្សេងៗ។
លោកបានបន្ថែមទៀតថា ធនាគារ ហត្ថា តែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្សានុសិស្ស ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត។
ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើការអប់រំ និងចំណេះដឹងរបស់ សិស្សានុសិស្ស គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ប្រទេសកម្ពុជា ហើយកិច្ចការងារសង្គមនេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរបស់ធនាគារ ហត្ថា ផងដែរ៕




































