តុលាការឥណ្ឌា បដិសេធការតវ៉ារបស់ Telegram ប្រឆាំងនឹងការបិទកម្មវិធីជាបណ្តោះអាសន្ន

20-06-2026 09:08

(បរទេស)៖ នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ តុលាការឥណ្ឌាបានបដិសេធការតវ៉ារបស់ក្រុមហ៊ុន Telegram ប្រឆាំងនឹងការហាមឃាត់ជាបណ្តោះអាសន្ននៅក្នុងប្រទេសឥណ្ឌា ដែលនេះជាការខកចិត្តមួយសម្រាប់កម្មវិធីផ្ញើសារដ៏ពេញនិយមមួយនេះ បន្ទាប់ពីខ្លួនបានប្តឹងតវ៉ាចំពោះការហាមឃាត់ ដែលត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការលួចបន្លំដែលពាក់ព័ន្ធនឹងការប្រឡងពេទ្យ។

ប្រទេសឥណ្ឌា នឹងរៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រនៅថ្ងៃអាទិត្យសប្តាហ៍នេះ ពោលគឺមួយខែបន្ទាប់ពីខ្លួនបានលុបចោលលទ្ធផលនៃការប្រឡងដដែលនេះ ដោយសារតែមានការចោទប្រកាន់ថា វិញ្ញាសាប្រឡងត្រូវបានលេចធ្លាយមុនការប្រឡង។ ការហាមឃាត់ដែលមិនធ្លាប់មានពីមុនមកលើកម្មវិធី Telegram រហូតដល់ថ្ងៃទី២២ ខែមិថុនា ត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះដោយក្រសួងព័ត៌មានវិទ្យា (IT ministry) របស់ឥណ្ឌា ជុំវិញការព្រួយបារម្ភអំពីប៉ុស្តិ៍ (Channels) ផ្សេងៗនៅលើកម្មវិធីនោះ ដែលបានអះអាងថា មានវិញ្ញាសាសម្រាប់ការប្រឡងខាងមុខនេះ សម្រាប់លក់។ ក្រសួងបាននិយាយថា ទោះបីជាវិញ្ញាសាទាំងនោះជាវិញ្ញាសាក្លែងក្លាយក៏ដោយ ក៏វានៅតែជាការបោកប្រាស់បេក្ខជនប្រឡងដែរ។

ការហាមឃាត់នេះ បានធ្វើឱ្យ Telegram មិនអាចដំណើរការបាន (Offline) និងត្រូវបានលុបចេញពីហាងកម្មវិធី (App stores) ខណៈវិធានការនេះត្រូវបានអនុវត្តភ្លាមៗក្នុងរយៈពេលប៉ុន្មានម៉ោងដោយក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌា ក៏ដូចជាក្រុមហ៊ុនធំៗដូចជា Google និង Apple ផងដែរ។ វាបានជម្រុញឱ្យមានការប្រជែងគ្នាផ្នែកច្បាប់តាមផ្លូវតុលាការដ៏លេចធ្លោបំផុតក្នុងឆ្នាំនេះ រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោក និងរដ្ឋាភិបាលឥណ្ឌា។ យ៉ាងណាមិញ នៅក្នុងសេចក្តីសម្រេចនៅពីថ្ងៃសុក្រនេះ ចៅក្រមតុលាការជាន់ខ្ពស់ទីក្រុងញ៉ូដេលី លោក Tejas Karia បាននិយាយថា បទបញ្ជារបស់រដ្ឋាភិបាលក្នុងការហាមឃាត់កម្មវិធីនេះ គឺជាបទបញ្ជាដែលមានហេតុផលត្រឹមត្រូវ និងបានអនុវត្តតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

គួរជម្រាបថា កម្មវិធី Telegram មានអ្នកប្រើប្រាស់ច្រើនជាង ១៥០លាននាក់នៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតរបស់ខ្លួន ហើយស្ថាបនិករបស់កម្មវិធីនេះ គឺលោក Pavel Durov បានរិះគន់ជាសាធារណៈចំពោះការហាមឃាត់នេះ ដោយនិយាយថា វាជាការដាក់ទណ្ឌកម្មលើអ្នកប្រើប្រាស់ប្រព័ន្ធនេះ ខណៈដែលការលេចធ្លាយវិញ្ញាសាប្រឡងបានផ្លាស់ប្តូរទៅកន្លែងផ្សេងបាត់ទៅហើយ៕