World Cup 2026៖ ទុយនេស៊ី ហាលអាវមុនគេ ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា និងរបូត ៩គ្រាប់
21-06-2026 17:17
(បរទេស)៖ ក្រុមមកពីតំបន់អាហ្វ្រិក ទុយនេស៊ី បានជ្រុះចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មុនគេ ក្នុងចំណោម ៤៨ប្រទេស ក្រោយចាញ់ជប៉ុន ៤-០ ជាលើកទី២ ក្នុងពូល F នៅថ្ងៃអាទិត្យ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទុយនេស៊ី ដែលបានដកគ្រូបង្វឹក Sabri Lamouchi ចេញពីតំណែង ក្រោយចាញ់ស៊ុយអែត ៥-១ នាថ្ងៃបើកឆាកនោះ បានបន្តចាញ់ជប៉ុន ៤-០ ស្ថិតក្រោមការដឹកនាំដោយលោក Harve Renard។
ទុយនេស៊ី បានរបូតដល់ទៅ ៩គ្រាប់ឯណោះ ក្នុងចំណោម ២ប្រកួត និងរកបានតែ ១គ្រាប់ប៉ុណ្ណោះ គ្មានពិន្ទុរាប់ឡើយឈរបាតតារាងតែម្តង ដែលញាំងឲ្យពួកគេលំបាកក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣ ល្អទៀតផង។
ពួកគេត្រូវលេងបង្រ្គប់កិច្ចទល់នឹងក្រុមកំពូលតារាងហូឡង់ គ្រាដែលក្រុមលេខ២ ជប៉ុន ប៉ះស៊ុយអែតនារាត្រីថ្ងៃសុក្រសប្តាហ៍ក្រោយ ដើម្បីបិទបញ្ចប់ពូល F។
នេះមានន័យថា ទុយនេស៊ីត្រូវបានប្រកាសត្រឡប់ទៅផ្ទះមុនគេ ក្នុងចំណោម ១៦ក្រុមសរុបដែលមិនអាចឆ្លងទៅវគ្គ ៣២ក្រុមបាន ដោយមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះ World Cup 2026 រួមគ្នា៕






